ជាតិ
ព្រះមហាក្សត្រ ដាក់ឱ្យប្រើប្រាស់ មាត្រា១៤០ថ្មី ដែលគណៈអភិបាលរាជធានី-ខេត្ត អាចមានដល់១១រូប
12, Jun 2022 , 5:29 pm        
រូបភាព
រូបភាព​ពី Royal Du Cambodge
រូបភាព​ពី Royal Du Cambodge
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ មាត្រា១៤០ថ្មីនេះ ចែងថាគណៈអភិបាលរាជធានី-ខេត្ត មានចំនួនពី៧ ទៅ១១រូប។ ចំណែកគណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥ទៅ៧រូប។


 
ព្រះរាជក្រម ដែលឡាយព្រះហស្តលេខាដោយព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បញ្ជាក់ថា មាត្រា១៤០ថ្មី គណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន ១១រូប, គណៈអភិបាលខេត្តមានចំនួនពី ៧ ទៅ១១រូប និងគណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥ ទៅ ៧រូប។ ជាមួយគ្នានេះ ចំនួនជាក់ស្ដែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
 
ការសម្រេចដាក់ឱ្យប្រើមាត្រា១៤០ថ្មីនេះ ធ្វើឡើងក្រោយគណៈរដ្ឋមន្ត្រីសម្រេចអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ» កាលពីថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២។ ច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ និងត្រូវបានព្រឹទ្ធសភាពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់ទាំងស្រុង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ លើសពីនេះ ច្បាប់នេះ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្ដីសម្រេចលេខ ២១៧/០០២/២០២២ កបធ.ច ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។
 
សូមបញ្ជាក់ថា ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨៕

Tag:
 អភិបាលរាជធានី-ខេត្ត
© រក្សាសិទ្ធិដោយ thmeythmey.com