ជាតិ
នាយករដ្ឋមន្ត្រី ប្រកាសដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ ក្រោយខកខាន២ឆ្នាំ
13, Jun 2022 , 9:59 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត ប្រកាសដំឡើងប្រាក់ខែដល់មន្រី្តរាជការក្នុងឆ្នាំនេះ ក្រោយខកខានដំឡើងអស់រយៈពេល២ឆ្នាំ។ សម្រាប់គោលការណ៍នៃការដំឡើងនេះ សម្ដេ​ច បញ្ជាក់ថា អ្នកមានប្រាក់បៀវត្សរ៍តិចដំឡើងច្រើន ហើយអ្នកមានប្រាក់បៀវត្សរ៍ច្រើនដំឡើងតិច។

 
ក្នុងពិធីចែកសញ្ញាបត្រដល់សិស្សសាលភូមិន្ទរដ្ឋបាលនៅថ្ងៃទី១៣មិថុនានេះ សម្ដេច ហ៊ុន សែន បានរៀបចំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការ រួមទាំងពន្ធលើប្រាក់បៀវត្សរ៍នេះហើយ។ 
 
នាយករដ្ឋមន្រី្ត បានថ្លែងយ៉ាងដូច្នេះថា៖ «យើងខានដំឡើងប្រៀវត្សរ៍ឆ្នាំ២០២០ក៏មិនបានឡើង ឆ្នាំ២០២១ក៏មិនបានឡើង។ ឥឡូវឆ្នាំ២០២២នេះ យើងនឹងចាប់ផ្ដើមឡើង»។ 
 
សម្រាប់មន្រី្តមានប្រាក់ខែតិច នឹងដំឡើងបានច្រើន។ ចំណែក មន្រ្តីមានប្រាក់ខែច្រើន គឺដំឡើងតិច។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបញ្ជាក់ថា គ្រូបង្រៀន និងគ្រូពេទ្យ នឹងទទួលបានប្រាក់ខែទាបបំផុត១.៥លានរៀល ។ កន្លងមក គ្រូបង្រៀន និងគ្រូពេទ្យទទួលបានប្រមាណ១.៣លានរៀល។ 
 
រីឯ មន្ដ្រីដទៃទៀត ដែលទទួលបានប្រាក់ខែទាបបំផុត១.២លានរៀល នឹងឡើងដល់១.៤លានរៀល។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដោយបន្ថែមថា ពិដាននៃប្រាក់ប្រៀវត្សរ៍ជាប់ពន្ធ ក៏ត្រូវកែប្រែដែរ គឺអ្នកដែលមានប្រាក់ប្រៀវត្សរ៍ក្រោម១.៥លានរៀល មិនជាប់ពន្ធឡើយ៕ 
 
 

Tag:
 ប្រាក់បៀវត្សរ៍
© រក្សាសិទ្ធិដោយ thmeythmey.com