ជាតិ
សេដ្ឋកិច្ច
វៀតណាម​បង្កើន​ការ​នាំ​ចូល​ម្រេច​ពី​កម្ពុជា
14, Jun 2022 , 10:59 pm        
រូបភាព
រូបថត ៖ ម្រេចប្រជាកសិករត្បូងឃ្មុំ
រូបថត ៖ ម្រេចប្រជាកសិករត្បូងឃ្មុំ
ដោយ ៖ ធន់ សេងហុង 
 
​៥​ខែ​នេះ ការ​នាំ​ចេញ​ម្រេច​របស់​វៀតណាម​បាន​ធ្លាក់​ចុះ​ប្រហែល ១៧ភាគរយ ខណៈ​ការ​នាំ​ចូល​ពី​កម្ពុជា ​កើនឡើង​ខ្ពស់​។ ក្រៅពីម្រេចនេះ  វៀតណាមក៏នាំចូលកសិផលកម្ពុជា ជាច្រើនទៀតដែរ ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម Thanh Nien នាថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២ ។


ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា បានប្រាប់កាសែត Thanh Nien ថា ការនាំចេញម្រេចរបស់កម្ពុជា កើនឡើងជាង ៧៩ភាគរយ ក្នុងរយៈពេល៤ខែដំបូង ឆ្នាំនេះ។ ទិសដៅនៃការនាំចេញសំខាន់នៃផលិតផលម្រេចរបស់កម្ពុជា គឺប្រទេសវៀតណាម។ កម្ពុជា​នាំ​ចេញ​ម្រេច​បាន​សរុប ៣.៨៣៤ តោន ក្នុងនោះការនាំចេញទៅវៀតណាម ៣.៥៤០ តោន ស្មើនឹង ៩២ភាគរយនៃ​ទិន្នផល​សរុប ខណៈអាឡឺម៉ង់ជាប់ចំណាត់ថ្នាក់លេខ២ ដែលនាំចូលម្រេចកម្ពុជា ២៥៥តោន ក្នុងឆ្នាំ២០២២នេះ ។
 
ម្រេចកម្ពុជាចាប់ផ្តើមប្រមូលផលដោយដៃចាប់ពីខែមករា​ ដល់ខែឧសភា ដែលទទួលបានទិន្នផលខ្ពស់ ប៉ុន្តែតម្លៃម្រេចបានធ្លាក់ចុះមកនៅត្រឹម ៣,២ដុល្លារក្នុងមួយគីឡូក្រាម ដែលប្រហាក់ប្រហែល ៧៤.០០០ ដុង។ តម្លៃនេះ គឺប្រហាក់ប្រហែលនិងតម្លៃ​នៅ​ដើម​ខែ​មិថុនា​ នៃចម្ការម្រេច​ ​ធំៗ​ក្នុង​ប្រទេស​វៀតណាម។ បច្ចុប្បន្ននេះ សកម្មភាពនាំចេញម្រេចរបស់វៀតណាម បានជួបការលំបាកជាច្រើនផងដែរ។ 
 
បើតាមអាជីវករលក់ដូរនៅទីក្រុងហូជីមិញ ផលិតផលម្រេចរបស់កម្ពុជាមានគុណភាពល្អ និងសុវត្ថិភាពខ្ពស់ចំពោះសុខភាព ដោយសារដំណើរការកសិកម្មប្រើប្រាស់ជីគីមីតិចតួច។ ដោយឡែកការនាំចូលម្រេចពីកម្ពុជា មិនប៉ះពាល់ផលិតផលក្នុងស្រុកវៀតណាមឡើយ។
 នេះបើតាមកាសែតវៀតណាម Thanh Nien ។
 
គិតត្រឹមដំណាច់ខែឧសភា វៀតណាមបាននាំចេញម្រេចគ្រប់ប្រភេទចំនួន ១០១.០០០ តោន ដែលសម្រេចបានទឹកប្រាក់ ៤៦៨ លានដុល្លារ។ ទំហំនៃការនាំចេញថយចុះជិត ១៧ភាគរយ ស្មើនឹង ២០.៦០០ ​​តោន ប៉ុន្តែចំណូលបានកើនឡើងជិត ២៣ភាគរយស្មើនឹង ៨៦ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុង ២០២១។
 
ចំពោះការនាំចេញម្រេចរបស់វៀតណាម ទៅកាន់បណ្តាប្រទេសនៅអាស៊ីបានធ្លាក់ចុះជិត ២៨ភាគរយ ។ ក្នុងការនោះការនាំចេញទៅប្រទេសចិន ថយចុះ៨៩ភាគរយ និងប៉ាគីស្ថាន ថយចុះ៦១ភាគរយ​ ៕
 
 

Tag:
 ម្រេច វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com