ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលសម្រេចឈប់ផ្ដល់ប្រាក់ឧបត្តម្ថ៤០ដុល្លារដល់កម្មករ និយោជិតក្នុងវិស័យទេសចរណ៍
15, Jun 2022 , 12:18 pm        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ (រូបពីហ្វេសប៊ុកក្រសួង)
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ (រូបពីហ្វេសប៊ុកក្រសួង)
ដោយ៖ វ៉ន ស៊ីចេន
ភ្នំពេញ៖ កម្មករ និយោជិត ដែលព្យួរការងារក្នុងវិស័យទេសចរណ៍ កន្លងមក លែងទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារ ពីរដ្ឋាភិបាលទៀតហើយ។ នេះជាការសម្រេចរបស់រដ្ឋាភិបាល តាមរយៈលិខិតក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ មិថុនា។

 
នាអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរនៅកម្ពុជានោះ រដ្ឋាភិបាល បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ដល់កម្មករនិយោជិត ដែលព្យួរការងារក្នុងវិស័យទេសចរណ៍ ដើម្បីជួយសម្រួល និងដោះស្រាយជីវភាពរបស់ពួកគេ។ ប៉ុន្តែពេលនេះ រដ្ឋាភិបាល សម្រេចបញ្ចប់វិធានការផ្ដល់ប្រាក់៤០ដុល្លារ ដល់កម្មករ និយោជិត ក្នុងវិស័យទេសចរណ៍នេះហើយ ចាប់ពីថ្ងៃទី១៤ មិថុនា តទៅ លើកលែងតែកម្មករ និយោជិត បម្រើការងារផ្នែកសណ្ខាគារ នៅខេត្តសៀមរាប ដែលអាចបន្តទទួលបានប្រាក់ឧបត្ថម្ភនេះ។
 
បើតាមក្រសួងការងារ មូលហេតុរដ្ឋ បញ្ចប់វិធានការនេះ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មានការថមថយ ខណៈបណ្ដារោងចក្រ និងសហគ្រាសនានា មានការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងជំងឺកាចសាហាវនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ចំណែកអាជីវកម្មក្នុងវិស័យទេសចរណ៍ ក៏ដូចជា សណ្ឋាគារផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារទេសរណ៍ នៅក្នុងរាជធានីខេត្ត ក៏បានបើកដំណើរការជាបណ្ដើរៗឡើងវិញ។
 
ដោយឡែកម្ចាស់ ឬនាយកសហគ្រាស គប្បីអនុវត្តការព្យួរកិច្ចសន្យាការងារ ស្របតាមការព្រមព្រៀងគ្នារវាងនិយោជិត ឲ្យបានខ្ជាប់ខ្ជួនតាមការកំណត់របស់ក្រសួងការងារ៕ 
 
 

Tag:
 ទេសចរណ៍
 សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com