ជាតិ
៥ឆ្នាំចុងក្រោយនេះ កម្លាំងពលកម្ម២០ម៉ឺននាក់ បានរៀនជំនាញថ្មី ខណៈរដ្ឋដាក់គោលដៅ «យុវជនម្នាក់ជំនាញ១»
15, Jun 2022 , 9:59 pm        
រូបភាព
សម្ដេ​ច ហ៊ុន សែន នាយករដ្ឋមន្រី្ត។ រូបពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជីជីវៈ
សម្ដេ​ច ហ៊ុន សែន នាយករដ្ឋមន្រី្ត។ រូបពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជីជីវៈ
ភ្នំពេញ៖ រដ្ឋាភិបាលផ្ដល់អាហារូបករណ៍ដល់យុវជនដែលបោះបង់ការសិក្សា ជនងាយរងគ្រោះ និងកម្មករជាង២០ម៉ឺននាក់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ពួកគេទាំងនេះ បានទទួលការបណ្ដុះបណ្ដាលជំនាញថ្មីដោយជោគជ័យ ខណៈរដ្ឋដាក់គោលដៅធានាឲ្យយុវជនម្នាក់មានជំនាញមួយ។ 

 
ទិវាជាតិអប់រំបណ្ដុះបណ្ដាបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២នេះ ធ្វើឡើងក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់» ក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ ជាពិសេសជំរុញឲ្យសាធារណជនយល់ដឹងកាន់តែច្បាស់ ​ពីសារៈសំខាន់នៃការបណ្ដុះជំនាញវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្ម និងជំនាញ ប្រកបដោយគុណភាពនិងប្រសិទ្ធភាព សម្រាប់ឆ្លើយតបនឹងទីផ្សារការងារ។ 
 
សារលិខិតរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត ចេញថ្ងៃទី១៥ មិថុនានេះ បានលើកឡើងថា រដ្ឋាភិបាលនឹងចាត់ទុកវិស័យបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាអាទិភាព។ រដ្ឋ រំពឹងថា ពលរដ្ឋនឹងមានការងារល្អ ហើយកម្រិតជីវភាពកាន់តែប្រសើរឡើង ដោយធានាថា យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត។ 
 
កន្លងមករដ្ឋាភិបាលបានផ្ដល់អាហារូបករណ៍យ៉ាងច្រើនដល់យុវជនដែលបោះបង់ការសិក្សា ពលរដ្ឋក្រីក្រ ស្រី្ត ជនពិការ កម្មករ និងជនជាតិដើមភាគតិច ជាង២០ម៉ឺននាក់។ ពួកគេ បានទទួលលារបណ្ដុះបណ្ដាល និងបញ្ចប់ការសិក្សាដោយជោគជ័យក្នុងជំនាញថ្មី ហើយចាប់យកឱកាសការងារល្អៗ ក៏ដូចជាបង្កើតមុខរបរដោយខ្លួនឯងផងដែរ។ 
 
ជាមួយគ្នាដែរ នាយករដ្ឋមន្រី្ត បានអំពាវនាវឲ្យមានការអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈសម្រាប់ប្រកួតប្រជែង។
 
 សម្ដេច ហ៊ុន សែន បន្ថែមយ៉ាងដូច្នេះ៖ «បន្តជំរុញលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឲ្យមានចំណេះដឹង ជំនាញច្បាស់លាស់ ឥរិយាបថការងារ និងសីលធម៌វិជ្ជាជីវៈល្អ ដូចដែលប្រធានបទ ទិវាជាតិនេះ បានលើកឡើងថា TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់»។ 
 
ក្រៅពីនេះ សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមសហការផ្សព្វផ្សាយទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទីនេះ ឲ្យបានផុលផុសផងដែរ៕ 
 
 
 

Tag:
 ការងារ
  កម្លាំងពលកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com