កីឡាជាតិ
ជាតិ
លោក Honda ៖ ខ្ញុំ នឹងមិនយកកីឡាករណាដែលរត់ មិនបាន ២០.៥ ឡើយ
16, Jun 2022 , 2:02 pm        
រូបភាព
លោក Keisuke Honda ឈរដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបជាមួយ អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៤ មិថុនា ២០២២។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
លោក Keisuke Honda ឈរដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបជាមួយ អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៤ មិថុនា ២០២២។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
បន្ទាប់ពីធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល D នៃការប្រកួត AFC Asian Cup 2023 Qualifiers នៅទីក្រុង Kolkata ប្រទេសឥណ្ឌា លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា មើលឃើញនូវភាពខ្វះខាត និងចំណុចវិជ្ជមានរបស់ជម្រើសជាតិ ក្រោយតាមស្មើជាមួយអាហ្វហ្គានីស្ថាន ក្នុងលទ្ធផល២-២ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។



អ្នកចាត់ការជម្រើសជាតិកម្ពុជា លោក Honda បាននិយាយថា ប្រកួតបានល្អហើយ តែកីឡាករទាំងអស់ ហាក់មិនសូវរត់ខ្លាំងឡើយ។ «យើង អាចលេងបានល្អជាងនេះ ប្រសិនយើងអាចរត់បានច្រើន។ យើង អាចប្រកួតឈ្នះក្រុមទាំងអស់នេះ ប្រសិននៅថ្ងៃអនាគត យើងអាចរត់បានច្រើនជាងនេះ។»។ លោក Honda មើលឃើញបែបនេះ។
 
អ្នកចាត់ការវ័យ៣៦ឆ្នាំរូបនេះ បន្ថែមថា កម្ពុជាមានកីឡាករល្អ និងមានសមត្ថភាព ដែលប្រកួតនៅក្នុងលីគកម្ពុជា។ ប៉ុន្តែបច្ចេកទេសលេង មានកម្រិតខុសគ្នា។ លោក Keisuke Honda ថា៖«ប្រហែលជាយើង អាចលេងបានល្អជាងនេះ សម្រាប់៣ប្រកួតនេះ។ តែ យើង ត្រូវពង្រឹងខ្លួនឯងប្រសើរ។ ខ្ញុំ មិនអាចគ្រប់គ្រងតាកទិក កីឡាករម្នាក់ៗបានទេ ដោយសារកីឡករជម្រើសជាតិមកពីក្លិបផ្សេងៗគ្នា និងមានគ្រូបង្វឹកផ្សេងគ្នា។ ប៉ុន្ដែ កីឡាករ អាចពង្រឹងបន្ថែមដោយ ហ្វឹកហាត់ដោយខ្លួនឯង ដូចជាការហាត់ពង្រឹងកាយសម្បទារបស់ពួកគេ។»។ 
 
ការតេស្ដជម្រើសជាតិកម្ពុជា នឹងផ្អែកលើគោលការណ៍ថ្មី ដោយតម្រូវឲ្យកីឡាករជាប់តេស្ដកាយសម្បទា​ ជាកំហិត (30-15 intermittent fitness test)។ អ្នកចាត់ការក្រុមរូបនេះ បានផ្ដោតលើ កត្តាកាយសម្បទា (Fitness) គឺជាចំណុចប្រណាំងប្រជែង ដើម្បីអាចប្រកួតជាមួយក្រុម ដែលមានកាយសម្បទា និងបច្ចេកទេសលើកម្ពុជា។ ជាការកំណត់ផែនការថ្មី អ្នកចាត់ការជនជាតិជប៉ុនរូបនេះ នឹងជ្រើសរើសតែកីឡាកររត់ច្រើន និងធ្វើការធ្ងន់លើទីលាន។ កីឡាករអាចមានកម្លាំងរត់ច្រើនលើទីលាន អាចមានលទ្ធភាពខ្ពស់ក្នុងការធ្វើតេស្តជ្រើសរើសជម្រើសជាតិ នាពេលក្រោយទៀត។
 
«ខ្ញុំ នឹង មិនយកកីឡាករណាដែលរត់ មិនបាន២០.៥។ នេះ គឺជាការជ្រើសរើសកីឡាករជម្រើសជាតិ ដែលយ៉ាប់បំផុត។»។ លោក Keisuke Honda និយាយបែបនេះ ដោយបន្ថែមថា កីឡាករដែលធ្វើតេស្តរត់ធ្លាក់នោះ គឺនឹងបញ្ជូនទៅក្លិបវិញ។។ 
 
តើអ្វីទៅជាការតេស្ដ 30-15 IFT? 
 
លោក ភា សុភក្ត្រា គ្រូជំនួយគ្រូជម្រើសជាតិកម្ពុជា បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា  30-15 IFT គឺការរត់​ ៣០វិនាទី សម្រាក​ ១៥វិនាទី ហើយ២០.៥ គឺជា​ កម្រិតនៃល្បឿន ដោយចាប់ផ្ដើមពី កម្រិតល្បឿន ១០ ទៅ។
 
គ្រូជំនួយរូបនេះ បានពន្យល់បន្ថែមថា ការហ្វឹកហាត់ផ្នែកកម្លាំង និងកាយសម្បទា គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ហើយការហ្វឹកហាត់នេះ មានច្រើនសណ្ឋាន។ «ការហ្វឹកហាត់ជម្រើសជាតិ ក៏ត្រូវលម្អិតពីតាក់តិចផងដែរ។ យើងមិនអាចគ្រប់គ្រងតាកតិចគ្រូៗនៅក្លឹប តែក្លឹបអាចជួយបន្ថែមការហ្វឹកហាត់កំលាំង បូករួមជាមួយកីឡាករខ្លួនឯង extra​ training​។»។
 
គួរបញ្ជាក់ផងដែរថា លោក Keisuke Honda ចាត់ទុកថាការប្រកួតជាមួយ អាហ្វហ្គានីស្ថាន ជាឧទាហរណ៍ដ៏ល្អ ដោយសារកីឡាករ របស់គេ មានកម្រិតខ្ពស់ជាងកម្ពុជាជាច្រើន ប៉ុន្ដែកម្ពុជា បានប្រកួតស្មើ ជាពិសេសការដាក់សម្ពាធនៅចុងតង់ទី២។ 
 

Tag:
 បាល់ទាត់
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com