ជាតិ
NGO ស្នើសម្ដេច ហ៊ុន សែន ឲ្យពន្លឿនដំណើរការសេចក្ដីព្រាងច្បាប់ «សិទ្ធិទទួលព័ត៌មាន»
17, Jun 2022 , 9:59 am        
រូបភាព
ក្រុមសង្គមស៊ីវិល យកលិខិតទៅដាក់នៅខុទ្ធកាល័យសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត។ រូបពី TIC
ក្រុមសង្គមស៊ីវិល យកលិខិតទៅដាក់នៅខុទ្ធកាល័យសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត។ រូបពី TIC
ភ្នំពេញ៖ ក្រុមសង្គមស៊ីវិល បានស្នើឲ្យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពន្លឿនដំណើរការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពី «សិទ្ធិទទួលព័ត៌មាន» ដែលបានអូសបន្លាយជិត១០ឆ្នាំ។ តែយ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មាន សុំទុកពេលដល់ក្រុមការងារពិភាក្សាគ្នា ឲ្យបានស៊ីជម្រៅសិន។

 
អង្គការការក្រុមការងារ ដើម្បីដោះស្រាយទំនាស់(ACT), នាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ(CCIM), សមាគមសម្ព័ន្ធអ្នកសារព័ត៌មាន រួមសង្គមស៊ីវិល៣០ទៀត បានមូលមតិគ្នាដាក់លិខិតទៅខុទ្ធកាល័យនាយករដ្ឋមន្រ្តី ដើម្បីពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីសិទិ្ធទទួលព៌ត័មាន។ ពួកគេ បានចូលរួមយ៉ាងសកម្មលើ សិទ្ធិទទួលព័ត៌មាន ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។ 
 
ក្នុងលិខិតសង្គមស៊ីវិល ដាក់ទៅខុទ្ធកាល័យសម្ដេច ហ៊ុន សែន នៅថ្ងៃទី១៦មិថុនា បានសរសេរប្រាប់សម្ដេចថា ចាប់តាំងពីបញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីពី សិទ្ធិទទួលព័ត៌មាន នៅអំឡុងខែមករា ឆ្នាំ២០១៨ មកដល់បច្ចុប្បន្ន សេចក្ដីព្រាងនេះ ពុំឃើញមានការវិវត្តឡើយ។ 
 
«យើងខ្ញុំសូមគោរពស្នើសុំ សម្ដេចតេជោនាយករដ្ឋមន្រី្ត មេត្តាជួយអន្តរាគមដ៍ខ្ពស់ខ្ពស់ ដើម្បីបញ្ចប់ដំណើរការនៃការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពី សិទ្ធិទទួលព័ត៌មាន ដោយមានការដាក់បញ្ចូលធាតុចូលពីអង្គការសង្គមស៊ីវិល និងដាក់ជូនទៅរដ្ឋសភាដើម្បីពិភាក្សា និងអនុម័តដោយក្ដីអនុគ្រោះបំផុត»។ នេះបើតាមលិខិតរួមគ្នារបស់សង្គមស៊ីវិលទាំង៣៣ស្ថាប័ន។
 
លោកស្រី ស្រី សុធាវី នាយិកានៃអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់(ACT) បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទថា សេចក្ដីព្រាងច្បាប់ខាងលើ បានចាប់ផ្ដើមពិភាក្សាធ្វើតាំងពីអំឡុងឆ្នាំ២០១៥។ ចំពោះ ធាតុផ្សំដែលសង្គមស៊ីវិល បានផ្ដល់មតិក្នុងកិច្ចពិភាក្សាគ្នា ក៏មិនដឹងថាក្រសួងបានបញ្ចូលយ៉ាងណានោះទេ។ 
 
«កន្លងមកចំណុចសំខាន់ ដែលយើងសុំឲ្យមានការចែងឲ្យច្បាស់ក្នុងសេចក្ដីព្រាងនេះ គីសិទ្ធិក្នុងការទទួលព័ត៌មានសម្ងាត់ ព្រោះការតាក់តែងនោះ មិនទាន់បានកំណត់ថាព័ត៌មានណាសម្ងាត់ ហើយព័ត៌មានណាគួរបើកចំហរសម្រាប់អ្នកសារព័ត៌មាន និងពលរដ្ឋបាលដឹងឮឡើយ»។ នេះជាការលើកឡើងរបស់ លោកស្រី សុធាវី ដោយបញ្ជាក់ថា កន្លងមកក្រុមសង្គម ធ្លាប់បានដាក់លិខិតស្នើសុំបែបនេះ ទៅតាមបណ្ដាក្រសួងដែរ ប៉ុន្តែពុំឃើញមានលទ្ធផល។ 
 
ចំណែក លោក អ៊ិត សូធឿត នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ(CCIM) ក៏បានប្រាប់សារព័ត៌មានថ្មីៗថា ធាតុចូលសំខាន់មួយទៀត ដែលសង្គមស៊ីវិលចង់ឲ្យមានកំណត់ច្បាស់នោះ គឺការដាក់ទោសទណ្ឌលើអ្នកចែកចាយព័ត៌មានសម្ងាត់។ 
 
នាយក CCIM រូបនេះ បានបន្ថែមថា៖ «យើងនឹងរង់ចាំការឆ្លើយតប និងតាមដានបន្តទៀត ជុំវិញសេចក្ដីព្រាងច្បាប់ខាងលើនេះ ដើម្បីឲ្យច្បាប់នេះមានធាតុផ្សំគ្រប់ជ្រោងជ្រោយ»។ 
 
ដំណើរតាក់តែងសេចក្ដីព្រាងច្បាប់នេះ បានបញ្ចប់កិច្ចពិភាក្សាពិគ្រោះយោបល់ ក្នុងកម្រិតបច្ចេកទេសរវាងក្រសួងព័ត៌មាននិងក្រសួងយុត្តិធម៌។ បច្ចុប្បន្ន មន្រី្តជំនាញ ក្រសួងព័ត៌មានកំពុងរៀបចំ ស្នើសុំសេចក្ដីសម្រេចពីរដ្ឋមន្រ្តីក្រសួងទាំងពីរ ដើម្បីដាក់ទៅគណៈរដ្ឋមន្រ្តីប្រជុំ និងអនុម័ត។ នេះជាការលើកឡើងរបស់ លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ។
 
ចំពោះការយឺតយ៉ាវនេះការតាក់តែងច្បាប់នេះ លោកបានបកស្រាយថា៖ «សេចក្ដីព្រាងនេះ កន្លងមកបើកឲ្យមានការចូលរួមតាមទូលំទូលាយ ពិសេសអង្គការសង្គមស៊ីវិល ហើយបន្ទាប់មកក៏មានការរាលដាលកូវីដ-១៩ ទើបពន្យារពេលយូរ»។ 
យ៉ាងណាក្ដី អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា នឹងជំរុញឲ្យដំណើរការសេចក្ដីព្រាងនេះ ឆាប់ចប់ទៅតាមនីតិវិធីក្នុងពេលឆាប់ៗ។ លោកបន្ថែមដូច្នេះ៖ «ក្រសួងព័ត៌មានសុំលើកទឹកចិត្តដល់ដៃគូពាក់ព័ន្ធទាំងអស់ ទុកលទ្ធភាពបន្តដល់ក្រសួងព័ត៌មានធ្វើកិច្ចការនេះ​បន្តទៀត»។ 
 
ជុំវិញសេចក្ដីព្រាងច្បាប់ ស្ដីពី សិទ្ធិទទួលព័ត៌មាន នេះ សម្ដេច ហ៊ុន សែន ក៏ធ្លាប់បានជំរុញឲ្យក្រសួងព័ត៌មាន ពន្លឿនដំណើរការតាក់តែងដែរ គឺក្នុងជំនួបសំណះសំណាលជាមួយអ្នកសារព័ត៌មានកាលពីឆ្នាំ២០២០។
 
ជុំវិញច្បាប់នេះ បណ្ដាប្រទេសមួយចំនួនមិនទាន់មាននៅឡើយទេ។ ជាក់ស្ដែង ក្នុងអាស៊ានមានប្រទេស៤ប៉ុណ្ណោះ ហើយកម្ពុជាអាចនឹងក្លាយជាប្រទេសទី៥ ដែលមានច្បាប់នេះ នាពេលខាងមុខ។ នេះបើតាមលោក មាស សោភ័ណ្ឌ៕
 
 

Tag:
 សេចក្ដីព្រាងច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com