ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អ្នកនាង សេង ធារី ត្រូវបានយកទៅឃុំនៅឯខេត្តព្រះវិហារ ក្រោមហេតុផលថា កុំឲ្យមានបញ្ហានៅភ្នំពេញ
17, Jun 2022 , 5:49 pm        
រូបភាព
ពេលទៅចូលរួមសវនាការ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ អ្នកនាង សេង ធារី តែងខ្លួនជានាងតេមិស (Themis) ឬហៅថា នាងយុត្តិធម៌ (Lady Justice) ដែលជាជនជាតិក្រិចសម័យបុរាណកាលពីជាង២ពាន់ឆ្នាំមុន។ រូបពី AFP
ពេលទៅចូលរួមសវនាការ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ អ្នកនាង សេង ធារី តែងខ្លួនជានាងតេមិស (Themis) ឬហៅថា នាងយុត្តិធម៌ (Lady Justice) ដែលជាជនជាតិក្រិចសម័យបុរាណកាលពីជាង២ពាន់ឆ្នាំមុន។ រូបពី AFP
អ្នកនាង សេង ធារី មេធាវីអន្តរជាតិ ដែលមានសញ្ជាតិអាម៉េរិក ត្រូវសមត្ថកិច្ច ដឹកយកទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារឯណោះវិញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ គឺក្រោយពីអ្នកនាង ជាប់ឃុំនៅពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញបានតែ១ថ្ងៃប៉ុណ្ណោះ។   

 
លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាមថា ការប្តូរទីតាំងឃុំអ្នកនាង សេង ធារី ពីរាជធានីភ្នំពេញ ទៅខេត្តព្រះវិហារ គឺពាក់ព័ន្ធនឹងការងារសណ្តាប់ធ្នាប់ និងសន្តិសុខ។ លោក បញ្ជាក់ថា៖«ហេតុផល ដែលយើង យកទៅគាត់ទៅទុកនៅព្រះវិហារ ដើម្បីចៀសវាងបញ្ហានៅរាជធានីភ្នំពេញ អត់មានអីលើសពីនេះទេ»។ 
 
អាជ្ញាធរ ទទួលព័ត៌មានបានថា មានគម្រោងធ្វើបាតុកម្មនៅខាងក្រៅបរិវេណពន្ធនាគារព្រៃស ដូច្នេះហើយ ដើម្បីទប់ស្កាត់កុំឲ្យមានការរំខានដល់ការបំពេញភារកិច្ចរបស់មន្រ្តីពន្ធនាគារ រួមទាំងកុំឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ទើបអាជ្ញាធរ សម្រេចចាត់វិធានការជាមុន ដោយបញ្ជូនអ្នកនាង សេង ធារី ចេញពីរាជធានីភ្នំពេញ យកទៅឃុំនៅខេត្តព្រះវិហារ។ នេះជាការអះអាងបន្ថែមរបស់លោកអគ្គនាយករងពន្ធនាគារ។ 
 
ដោយឡែក លោក ជូង ជូងី មេធាវីការពារក្តីឲ្យអ្នកនាង សេង ធារី មិនទាន់ដឹងមូលហេតុពីការយកកូនក្តីរបស់លោក ទៅឃុំនៅខេត្តព្រះវិហារនោះ ហើយលោក ក៏គ្មានបំណងសួររកមូលហេតុដែរ។ លោកមេធាវី មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា៖«ខ្ញុំ ជាមេធាវីការពារសិទ្ធិគាត់ ខ្ញុំ អត់មានប្រយោជន៍អ្វីនឹងដឹងពីមូលហេតុនៃការបញ្ជូនទៅហ្នឹងទេ។ ខ្ញុំ គិតថា ធ្វើម៉េចឲ្យបានជួបគាត់ ដើម្បីផ្តល់ការប្រឹក្សាច្បាប់ដល់គាត់ និងរៀបចំបណ្តឹងតវ៉ាឲ្យគាត់»។ 
 
អ្នកនាង សេង ធារី និងអ្នកប្រឆាំងជិត៦០នាក់ ត្រូវបានតុលាការភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស ក្នុងសំណុំរឿងតែមួយជាមួយគ្នា កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ទោស ដែលត្រូវជាប់ពន្ធនាគារក្នុងសំណុំរឿងរួមនេះ មានពី៥ឆ្នាំ ដល់៨ឆ្នាំ។ ប៉ុន្តែ ចំពោះទោស៥ឆ្នាំ ត្រូវព្យួរ ដែលមានន័យថា មិនជាប់ឃុំក្នុងពន្ធនាគារ។ 
 
អ្នកនាង សេង ធារី ស្ថិតក្នុងចំណោមអ្នក ដែលត្រូវជាប់ពន្ធនាការ៦ឆ្នាំ។ អ្នកនាង ត្រូវសមត្ថកិច្ចចាប់ខ្លួននៅមុខតុលាការ និងយកទៅឃុំនៅពន្ធនាគារព្រៃសភ្លាមៗ ក្រោយការប្រកាសសាលក្រម។ 
 
ស្ថានទូតអាម៉េរិក តាមរយៈសារលើទំព័រហ្វេសប៊ុក និង ក្រសួងការបរទេសអាម៉េរិក តាមរយៈសេចក្តីថ្លែងការណ៍ បានអំពាវនាវឲ្យតុលាការកម្ពុជា ដោះលែងអ្នកនាង សេង ធារី និងអ្នកផ្សេងទៀតវិញ។ ពួកគេ ត្រូវបានចោទពីបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសារពាក់ព័ន្ធនឹងផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី ជាមេដឹកនាំប្រឆាំងនៅក្រៅប្រទេស៕ 
 

Tag:
 សេង ធារី
© រក្សាសិទ្ធិដោយ thmeythmey.com