ជាតិ
យូនីសេហ្វបើកយុទ្ធនាការ «ខ្ញុំធូរចិត្ត ពេល…» ដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្តដល់យុវជននៅកម្ពុជា
18, Jun 2022 , 9:59 pm        
រូបភាព
រូបតំណាងពី យូនីសេហ្វ
រូបតំណាងពី យូនីសេហ្វ
ភ្នំពេញ៖ អង្គការយូនីសេហ្វបានបើកយុទ្ធនាការ «ខ្ញុំធូរចិត្ត ពេល…» គឺលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត ដើម្បីជួយដល់អ្នកមានវិបត្តិផ្លូវចិត្ត ពិសេសយុវជនដែលប្រឈមនឹងសុខភាពផ្លូវចិត្តខ្លាំង។ យុទ្ធនានេះ ធ្វើឡើងរយៈពេល៣ទៅ៦ខែ សម្រាប់ជួយដល់យុវជន ក្រោយពីស្ថានភាពកូវីដ-១៩ធូរស្បើយឡើងវិញ។

 
អង្គការយូនីសេហ្វបានរកឃើញថា ជំងឺរាយត្បាតកូវីដ-១៩ បានធ្វើឲ្យមានវិបត្តិសុខភាពផ្លូវចិត្ត ដែលកំពុងមានរួចជាស្រេច កាន់តែមានសភាពធ្ងន់ធ្ងរនិងបង្កផលប៉ះពាល់ដល់យុវជននៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។ ដូច្នេះទើបអង្គការនេះ ធ្វើយុទ្ធនាការលើកកម្ពស់សុខភាពផ្លូវចិត្តឡើង ដើម្បីបញ្ឈប់ការរើសអើង ការសើចចំអក ហើយងាកមករួមគ្នាយកចិត្តទុកដាក់ដោះស្រាយវិបត្តិនេះវិញ។ 
 
លោក មាស ប៊ុនលី មន្រី្តទំនាក់ទំនងនៃអង្គការយូនីសេហ្វសង្កេតឃើញថា​ បញ្ហាផ្លូវចិត្តក្នុងសង្គម មិនទាន់បានបើកការជជែកឲ្យទូលំទូលាយនោះទេ ហើយក៏គ្មានការគាំទ្រលើផ្នែកសុខភាពផ្លូវចិត្តឲ្យខ្លាំងខ្លាដែរ។ «ដូច្នេះ ទើបយើងរៀបចំឲ្យមានយុទ្ធនាការនេះ (ខ្ញុំធូរចិត្ត ពេល..) ដើម្បីបញ្ជ្រាបការយល់ រួមទាំងបញ្ឈប់ការរើសអើង ខណៈអ្នកមានវិបត្តិផ្លូវចិត្តរៀបរាប់ពីទុក្ខសោកក្នុងចិត្ត»។ នេះបើតាមលោក ប៊ុនលី ថ្លែងប្រាប់សារ​ព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី១៧មិថុនា ហើយបានឲ្យដឹងថា យុទ្ធនាការខាងលើ គ្រោងនឹងរៀបចំឡើងក្នុងរយៈពេល៣ទៅ៦ខែ។ 
 
លោក អានៀរបាន​ ឆាតឺរជី នាយករងយូនីសេហ្វទទួលបន្ទុកផ្នែកកម្មវិធី ក៏បានលើកឡើងដែរថា កុមារមានវិបត្តិសុខភាពផ្លូវចិត្តរួចហើយ ប៉ុន្តែ​ការរាតត្បាតជំងឺកូវីដ-១៩នេះធ្វើឲ្យស្ថានភាពនេះកាន់តែអាក្រក់ឡើង។ លោកសង្កត់ធ្ងន់ថា៖ «យូនីសេហ្វ​កំពុងធ្វើការងារ ដើម្បីដាក់បញ្ហានេះនៅជួរមុខ​នៃ​របៀបវារៈ​ស្ដារឡើងវិញពីជំងឺកូវីដ-១៩។ ការពង្រឹងសុខភាពផ្លូវចិត្ត​នឹងត្រូវការ​ចំណាត់ការ​នៅគ្រប់កម្រិតរបស់រដ្ឋាភិបាល និងសង្គម រួមទាំង​យុវជនផងដែរ»។ ជាមួយគ្នាដែរ លោកបន្ថែមថា យុទ្ធនាការនេះ ​ត្រូវបានរៀបចំឡើងដើម្បីជួយពួកគេជម្នះលើការ​មាក់ងាយ និងផ្ដល់ដល់ពួកគេនូវ​ឧបករណ៍ចាំបាច់បំផុតដើម្បីផ្តល់អាទិភាពលើ​សុខុមាលភាពរបស់ខ្លួន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ យូនីសេហ្វចេញកាលពីថ្ងៃទី១៥មិថុនា។ 
 
យុទ្ធនាការថ្មីនេះ ​មានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ​ប្រចាំកម្ពុជា និងសហការជាមួយ​អង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) ​កម្ពុជា និងបណ្តាញទូរសព្ទជំនួយកុមារកម្ពុជា។ គម្រោងនេះ បានរៀបចំវីដេអូបង្ហាញពីយុវជនកម្ពុជា ដោយប្រើប្រាស់យន្តការដោះស្រាយបែបវិជ្ជមានដូចជា កីឡា មិត្តភាព និងសកម្មភាពច្នៃប្រឌិតដើម្បីពង្រឹងសុខភាពផ្លូវចិត្ត ជាមួយនឹងសកម្មភាពអនទ្បាញជាប្រចាំដើម្បីផ្ដល់​គន្លឹះ និងសេចក្ដីណែនាំដល់យុវជន។
 
យុវវ័យ​ម្នាក់ ក្នុងចំណោម៧នាក់នៅទូទាំងសកលលោក​ត្រូវបានគេរកឃើញថាកំពុងរស់នៅជាមួយ​វិបត្តិផ្លូវចិត្ត។ ចំណេក នៅកម្ពុជាការសិក្សារបស់យូនីសេហ្វ និងដៃគូស្ដីពីផលប៉ះពាល់​សេដ្ឋកិច្ចសង្គម​ បានរកឃើញថា៤៥ភាគរយ​ នៃយុវវ័យដែលបានចូលរួម​នៅក្នុងការអង្កេត បង្ហាញថាពួកគេព្រួយបារម្ភអំពីសុវត្ថិភាព ក្នុងអំឡុង​រាតត្បាតកូវីដ-១៩។ រីឯ ១៦ភាគរយទៀត មានអារម្មណ៍ថប់បារម្ភ ឬធ្លាក់ទឹកចិត្ត ចាប់តាំងពីពេលចាប់​ផ្ដើមនៃ​វិបត្តិកូវីដ-១៩។ នេះបើយោងតាមរបាយការណ៍យូនីសេហ្វស្ដីពីស្ថានភាពពិភពលោក​នៅឆ្នាំ២០២១ ហើយបានវាយម្លៃថា ៥៨ភាគរយ នៃ​សិស្សមធ្យមសិក្សា​បានជួបប្រទះនឹង​បញ្ហាផ្លូវចិត្ត​ក្នុងកម្រិតនៃប្រភេទផ្លូវចិត្តណាមួយ៕ 
 

Tag:
 សុខភាពផ្លូវចិត្ត
© រក្សាសិទ្ធិដោយ thmeythmey.com