ជាតិ
គ.ជ.អ.ប ដាក់ឱ្យអនុវត្ត គម្រោង ISD ដើម្បីធ្វើឱ្យប្រសើរការផ្ដល់សេវាថ្នាក់ក្រោមជាតិ
19, Jun 2022 , 10:59 pm        
រូបភាព
ដោយ៖ វ៉ន ស៊ីចេន

ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប បានអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជា ISD ដែលមានថវិកា  ៩,៨ លានអឺរូ ស្មើនឹង១០ ,២៩ លានដុល្លារ ។ គម្រោងនេះ ត្រូវធ្វើឡើងដើម្បីផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធអំពីគោលបំណង និងសកម្មភាពការងារថ្នាក់ក្រោមជាតិនៅកម្ពុជា។ នេះបើតាមការចេញផ្សាយរបស់ អ.ជ.អ.ប ។


 
គម្រោង ISD   ជាកម្មវិធីដែលមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលអាល្លឺម៉ង់ និងស្វីស។ គម្រោង ISD  បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យា​ឌីជីថល ការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំ និងការអនុវត្ត យុទ្ធសាស្ត្រគ្រប់គ្រងសំរាម និងគ្រប់គ្រងទឹក ដែលមានលក្ខណៈធន់នឹងការប្រែប្រួលអាកាសធាតុ ដែលអាចពង្រីកការអនុវត្តនៅរដ្ឋបាលក្រុងស្រុកផ្សេងទៀត។  ជាពិសេស ការចូលរួមរបស់ពលរដ្ឋក្នុងការធ្វើការសម្រេចចិត្ត និងការពង្រឹងយន្តការទទួល និងសម្រុះសម្រួលបណ្តឹងតវ៉ានៅថ្នាក់ក្រុង ស្រុក។
 
លោក ចាន់ សុធា អនុប្រធានលេខាធិការដ្ឋាន(គ.ជ.អ.ប) បានថ្លែងថា កម្មវិធី ISD  បានផ្តោតទៅលើកិច្ចការដ៏មានសារៈសំខាន់ ជាច្រើនដែលបានកំណត់ក្នុងកម្មវិធីជាតិសម្រាប់ការរអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ចំពោះការអនុវត្តកិច្ចការទាំងនោះទាមទារឱ្យមានកិច្ចសហការជាមួយ​ស្ថាប័នពាក់ព័ន្ធនានាទាំងនៅថ្នាក់ជាតិ និងថា្នក់ក្រោមជាតិ។ 
 
លោកមានប្រសាសន៍ដូច្នេះថា៖« ខ្ញុំសូមថ្លែងអំណរគុណ ដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលនៅតែបន្តការយកចិត្តទុកដាក់ និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា លើគ្រប់វិស័យ ជាពិសេសលើការងារ កែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ»។ 
 
​ជាមួយគ្នា លោកស្រី Angelika Stauder អនុប្រធានសហប្រតិបត្តិការ និងជាលេខាទី១ ​ទទួលបន្ទុកកិច្ចសប្រតិបត្តិការអភិវឌ្ឍន៍​នៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានលើកឡើងថា  អាល្លឺម៉ង់នឹងបន្តគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ក្នុងការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ។ លោកស្រី បានអះអាងដូច្នេះ៖«ខ្ញុំជឿជាក់ថា កម្មវិធី ISD នឹងចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តកម្មវិធីជាតិ »។
 
គួរជម្រាបថា កម្មវិធី ISD ទទួលបានការគាំទ្រថវិកាពីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហប្រតិបត្តិការនៃអាល្លឺម៉ង់ (BMZ)  និង ស្វីស ដើម្បីកិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ដែលមានថវិកាសរុប ៩,៨លានអឺរូ ស្មើនឹង១០ ,២៩ លានដុល្លារ ។ គម្រោងនេះ អនុវត្តរយៈពេល៤ឆ្នាំ លើមានខេត្តគោលដៅ ចំនូន៣ គឺ ខេត្តបន្ទាយមានជ័យ សៀមរាប និងបាត់ដំបង៕ 
 
 

Tag:
 អាល្លឺម៉ង់ ស្វីស អនុវត្តកម្មវិធីផ្ដល់ជូនសេវាដល់ប្រជាពលរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com