ជាតិ
គយគន់ព្រៃលិចទឹក សត្វស្លាប និងថ្មប៉ប្រះទឹក និងបោះតង់នៅសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ
20, Jun 2022 , 7:59 am        
រូបភាព
ស្ទឹងត្រែង៖ សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ជាតំបន់ទេសចរណ៍កោះខ្សាច់ទឹកសាប និងព្រៃលិចទឹកនៅភាគឦសាន ប្រទេសកម្ពុជា។ ជាផ្នែកមួយនៃតំបន់ដីសើមរ៉ាមសារ សហគមន៍មួយនេះ ស្ថិតនៅក្នុងឃុំបុរីអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង​។

 

 
សូមទស្សនាវីដេអូ ពីសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយដូចតទៅ៖ 
 
 
ធ្វើដំណើរចេញពីក្រុងស្ទឹងត្រែង ចម្ងយប្រមាណ៦៨គីឡូម៉ែត្រ ​អ្នកទេសចរណ៍នឹងឃើញស្ដូបប្រវត្តិសាស្ត្រមួយ មានអាយុកាលប្រមាណ៦០ឆ្នាំ រៀងដូចជួង និងមានជ្រុង៨។ ស្តូបនេះ ជាទីតាំងបញ្ជាក់ប្រាប់អ្នកទេសចរថា ពួកគេបានមកដល់ចំណតទូកសហគមន៍អេកូទេស​ចរណ៍ បុរីអូរស្វាយហើយ។ 


 
ចេញពីស្តូបចំណាស់នេះ អ្នកទេសចរត្រូវធ្វើដំណើរតាមទូកប្រមាណ១ម៉ោងទៀត ទើបទៅដល់​​កោះខ្សាច់មួយ ដែលជាទីសំចតសម្រាក។ វាជាកូនកោះខ្សាច់ មួយក្នុងចំណោមកូនកោះខ្សាច់ជាច្រើនទៀត នៅក្នុងសហគមន៍បុរីអូរស្វាយ ដែលដុះនៅត្រង់នេះមួយ ត្រង់នោះមួយ នៅលើផ្ទៃទន្លេ​​មេគង្គ និងអាចសម្រាកបានតាមរដូវកាលខុសៗគ្នា។


 
ដ្បិតត្រូវចំណាយជាង១ម៉ោងជិះទូកលើដងទន្លេមេគង្គ ប៉ុន្តែអ្នកទេសចរមិនមានអារម្មណ៍ជិនណាយនោះឡើយ ដោយសារតែទស្សនីយភាពប្លែក និងគួរជាទីគយគន់នៃព្រៃលិចទឹកដែលមានឫសច្រូងច្រាងផុសចេញពីផ្ទៃទឹក។ ​ធម្មជាតិអមដងទន្លេនេះហើយ បានក្លាយជាមន្តសណ្តំចិត្ត​អ្នកទេសចរឱ្យសម្រាកលម្ហែ បណ្តែតអា​រម្មណ៍តាម​ធម្មជាតិ​ ហើយក៏ថតរូបកម្សាន្តផង។ លើសពីសម្រស់​ដ៏ស្រស់ត្រកាល ​ព្រៃលិចទឹកទាំងនេះ ក៏ជាទីជម្រករស់នៅ និងបន្តពូជ ក៏ដូចជាប្រភពចំណីនៃហ្វូង​មច្ឆាជាតិ និងសត្វស្លាបទាំងពួងដែរ។


 
ក្រោយពីបានបណ្តែតអារម្មណ៍មិនយូរប៉ុន្មាននៅលើផ្ទៃទឹកទន្លេមេគង្គ អ្នកទេសចរបានមកដល់កូនកោះមួយ ក្នុងចំណោមកូនកោះជាច្រើននៅក្នុងសហគមន៍បុរីអូរស្វាយ។ នៅលើខ្សាច់នេះ អ្នកទេសចរនៅតែអាចបន្តគយគន់ព្រៃលិចទឹកដែលដុះនៅជុំវិញ និងនៅលើកោះ។ ក្រៅពីនេះ គឺគយគន់សត្វស្លាប ជិះទូកកៃយ៉ាក ទស្សនាថ្មប៉ប្រះទឹកនៅរដូវសម្រក ​បោះតង់លើកោះខ្សាច់តូចធំ គេងស្ដាប់សំឡេងទឹកហូរ នាពេលរាត្រី។ ដើម្បីងាយស្រួល អ្នកទេសចរអាចទទួលសេវាទេសចរពីសហគមន៍ផ្ទាល់ ដូចជា សេវាដឹកអ្នកដំណើរ ទូកកៃយ៉ាក តង់ ផ្ទះស្នាក់ និងសេវាម្ហូបអាហារជាដើម។ 


ដើម្បីចូលរួមអភិរក្ស និងការការពារទេសភាព សត្វស្លាប មច្ឆាជាតិ បរិស្ថាន និងទន្លេ និងលើកកម្ពស់ជីវភាពពលរដ្ឋ អ្នកទេសចរគ្រប់រូប ដែលទៅទស្សនានៅសហគមន៍អេកូទេសចរណ៍នេះ គួរត្រៀមនូវសម្ភារតាមខ្លួនមួយចំនួនដូចជា សម្ភារ ឬថង់អាចប្រើប្រាស់ឡើងវិញបាន, មិនបង្កការរំខានតាមរយៈឧបករណ៍បំពងសំឡេង, មិនបរិភោគ ឬទិញសាច់សត្វព្រៃ និងដកហូតរុក្ខជាតិ, គោរពប្រពៃណីទំនៀមទម្លាប់របស់សហគមន៍មូលដ្ឋាន, គាំទ្រសេវាកម្ម និងផលិតផលសហគមន៍មូលដ្ឋាន, ទុកដាក់សំរាម និងសំណល់ឱ្យបានត្រឹមត្រូវ និងចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍។ 


ក្រៅពីសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ទេសចរក៏អាចទៅទស្សនាសហគមន៍ចំនួន៣ទៀត នៅតាមបណ្ដាយទន្លេមេគង្គលើក្រចេះ និងស្ទឹងត្រែង ដូចជាសហគមន៍អេកូទេស​ចរណ៍ភ្នំជម្រកសត្វ, សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន និងសហគមន៍អេកូទេសចរណ៍កោះសាមសិប៕
 




 

Tag:
 សហគមន៍អេកូទេសចរណ៍
  បុរីអូរស្វាយ
  ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com