ជាតិ
ឥណ្ឌា ជួយ​បោស​សម្អាត​មីន​ក្នុង​ភូមិ​ចំនួន៤ នៅ​​កោះ​កុង ដើម្បី​ប្រែ​ក្លាយ​ជា​ភូមិ​អស់​មីន​
22, Jun 2022 , 9:59 pm        
រូបភាព
ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីគម្រោងភូមិអស់មីននៅក្នុងខេត្តកោះកុង។ រូបភាពពី​អាជ្ញាធរមីន
ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីគម្រោងភូមិអស់មីននៅក្នុងខេត្តកោះកុង។ រូបភាពពី​អាជ្ញាធរមីន
ភ្នំពេញ៖ រដ្ឋាភិបាល​ឥណ្ឌា នឹង​ជួយ​បោស​សម្អាត​មីន​នៅ​ភូមិ​ចំនួន ៤ ក្នុង​ខេត្ត​កោះកុង ដើម្បី​ប្រែ​ក្លាយ​ជា​ភូមិ​អស់​មីន។ លើស​ពីនេះ ភាគី​ឥណ្ឌា គ្រោង​រៀបចំ​​តំបន់​ផ្ដល់​នូវ​អវយវៈ​សិប្បនិម្មិត​ចំនួន ២​ ទីតាំងនៅខេត្ត​ចំនួន​២ សម្រាប់​ជួយ​ជន​រង​គ្រោះ​ដោយ​សារ​មីន​នៅ​កម្ពុជា​។


នៅ​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ រដ្ឋា​ភិបាល​កម្ពុជា និង​ឥណ្ឌា បាន​ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីគម្រោងភូមិអស់មីននៅក្នុងខេត្តកោះកុង ក្រោមការអនុវត្ត «គម្រោងផ្តល់ផលរហ័ស» របស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន។ តាម​រយៈ​គម្រោង​នេះ រដ្ឋាភិបាលឥណ្ឌា ប្តេជ្ញា​ជួយបោសសម្អាតមីននៅភូមិចំនួន ៤ ក្នុងខេត្តកោះកុង ដើម្បីប្រែក្លាយជាភូមិអស់មីន។
 
នា​ពិធី​ចុះហត្ថលេខានេះ លោក លី ធុជ អនុ​ប្រធានទី១ នៃ​អាជ្ញាធរមីន បាន​លើក​ឡើងថា ​ពិធីចុះហត្ថលេខាអនុវត្ត «គម្រោងផ្តល់ផលរហ័ស - ភូមិអស់មីនក្នុងខេត្តកោះកុង» គឺជាជំហានដ៏រឹងមាំ ដើម្បីចូលរួមនាំឱ្យ​កម្ពុជាខិតទៅជិតគោលដៅនៃការក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥ និង​ជាការបង្ហាញនៃ​ចំណងមិត្តភាពជាប្រវត្តិសាស្រ្ត និងប្រពៃណីដ៏យូរអង្វែងរវាងសាធារណរដ្ឋឥណ្ឌា និងកម្ពុជា ដែលចំណងទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរ រយៈពេល ៧០ឆ្នាំ។


 លោក  Rajkumar Ranja Singh តំណាងរដ្ឋាភិបាលឥណ្ឌា។ រូបភាពពី​ហ្វេសប៊ុក​អាជ្ញាធរមីន។

បើតាម​លោក លី ធុជ អាជ្ញាធរមីន បាននឹងកំពុងដំណើរការយន្តការភូមិអស់មីន និងកំពុងលុបបំបាត់ការគំរាមកំហែង ដោយ​មិនត្រឹមតែជួយសង្គ្រោះអាយុជីវិតរបស់ពលរដ្ឋនោះទេ វានឹងធ្វើឱ្យជីវភាពភូមិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែប្រសើរឡើង។ អនុ​ប្រធានទី១ នៃ​អាជ្ញាធរមីន បញ្ជាក់ដូច្នេះ៖« ថ្ងៃនេះ សាធារណរដ្ឋឥណ្ឌា នឹងជួយប្រែក្លាយភូមិចំនួន ០៤ ស្ថិតក្នុងខេត្តកោះកុង ទៅជាភូមិអស់មីន ក្នុងចំណោមភូមិចំនួន ២៨ ដែលកំពុងរងការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»។
 
លោក  Rajkumar Ranja Singh​ តំណាងរដ្ឋាភិបាល​ឥណ្ឌា បានលើក​ឡើងថា គម្រោង​ធ្វើ​ឱ្យ​ភូមិ​ចំនួន ៤ នៅខេត្ត​កោះ​កុង​ ជា​ភូមិ​អស់​មីន នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋជិត ៨ពាន់់នាក់ ដែលកំពុងរស់នៅក្នុងភូមិទាំងនេះ តាមរយៈគម្រោងផ្តល់ផលរហ័សរបស់រដ្ឋាភិបាលឥណ្ឌា។ គម្រោងដែល​អនុវត្ត​ខាង​លើ ជាផ្នែកមួយនៃទំនាក់ទំនងឥណ្ឌា-កម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។
  

លោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន។ រូបភាពពី​ហ្វេសប៊ុក​អាជ្ញាធរមីន

លោក Singh​ បន្តថា ឥណ្ឌាកំពុងសហការ​ជាមួយអាជ្ញាធរមីន ដើម្បីកំណត់តំបន់បន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការសកម្មភាពមីន និងរួមចំណែកដល់កិច្ចខិតខំរបស់កម្ពុជាឱ្យ​សម្រេចតាមគោលដៅ។ ជាមួយ​គ្នានេះ រដ្ឋាភិបាលឥណ្ឌា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយដល់ការងារសកម្មភាពមីនកម្ពុជា នៅគ្រប់កម្រិត និងគ្រប់ពេលវេលា។  
 
ក្នុង​ពិធី​ចុះ​ហត្ថលេខា​ខាង​លើ​ លោក​ Singh ក៏បាន​រំលេច​ពីគម្រោងរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការជួយសង្រ្គោះជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាមរយៈការផ្តល់នូវអវយវៈសិប្បនិម្មិត ដោយរៀបចំឱ្យមានតំបន់ចំនួន២ ក្នុងខេត្តចំនួន ២ របស់​កម្ពុជានៅចុងឆ្នាំ​២០២២ ក្រោមកិច្ចប្រតិបត្តិការជាមួយអាជ្ញាធរមីន៕​
 

Tag:
 កោះ​កុង​
  មីន
  ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com