កីឡាអន្តរជាតិ
អន្តរជាតិ
Naomi Osaka បើកក្រុមហ៊ុនផ្សព្វផ្សាយដោយមានជំនួយពី LeBron James
23, Jun 2022 , 8:29 am        
រូបភាព
កីឡាការិនីវាយកូនបាល់ជប៉ុន Naomi Osaka សហការគ្នាជាមួយកីឡាករបាល់បោះ LeBron James បើកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយថ្មីមួយ។ កំពូលអត្តពលិកទាំងពីរបង្កើតប្រព័ន្ធផ្សព្វផ្សាយនេះឡើង ក្នុងគោលបំណងនិយាយរឿងវប្បធម៌ជាតិសាស្រ្ត និងការលើកទឹកចិត្តមនុស្សក្នុងសង្គមជាដើម។


Hana Kuma ដែលបកប្រែថា «ខ្លាឃ្មុំផ្កា» ជាក្រុមហ៊ុនផ្សព្វផ្សាយរបស់ Osaka និង James ទើបបើកសម្ភោធនៅថ្ងៃទី២១ ខែមិថុនា។ Hana Kuma ដែលមានភាពជាដៃគូជាមួយ SpringHill នឹងផលិតរឿងដែលមានលក្ខណៈវប្បធម៌ជាក់លាក់ជាសកលសម្រាប់ទស្សនិកជនទាំងអស់ដើម្បីជាប្រយោជន៍ប្រើប្រាស់ក្នុងសង្គម។
 
ម្ចាស់ជើងឯក Grand Slam ៤សម័យ Osaka ប្រាប់​កាសែត New York Times នាថ្ងៃសម្ពោធនោះថា៖«អ្វីដែលធ្វើឱ្យខ្ញុំរំភើបនោះគឺការលើកទឹកចិត្ត និងជំរុញមនុស្ស និងប្រាប់រឿងថ្មីៗ ជាពិសេសរឿងដែលខ្ញុំចង់ឃើញកាលពីខ្ញុំនៅក្មេង។ ខ្ញុំតែងតែចង់ឃើញនរណាម្នាក់ដូចខ្ញុំ។ ដែល​មាន​ឪពុក​ជា​ជនជាតិ​ហៃទី និង​ម្ដាយ​ជា​ជនជាតិ​ជប៉ុន»។


 
Osaka វ័យ២៤ឆ្នាំ ជាប់ចំណាត់ថ្នាក់ជាអត្តពលិកស្រីដែលរកចំណូលបានច្រើនជាងគេបំផុតរបស់ពិភពលោកចំនួន៥៧លានដុល្លារក្នុងឆ្នាំ ២០២១។ ចំណូលភាគច្រើនរបស់ Osaka ទទួលបានតាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនធំៗចំនួន១២។
 
ដោយឡែក James កីឡាករបាល់បោះដ៏ល្បីរបស់អាម៉េរិក ដែលលេងឱ្យក្រុម Los Angeles Lakersលើកឡើងថា ការសហការបើកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនេះឡើង ជាការគាំទ្រដល់ Osaka ដើម្បីសម្រេចក្តីស្រមៃរបស់នាង ដែលធ្លាប់ជួបបញ្ហាកាលពេលវ័យក្មេង។
 
«ខ្ញុំយកតួនាទីដែលខ្ញុំមានដើម្បីផ្តល់ជំនួយ Osaka ដើម្បីជួយផ្តល់អំណាចឱ្យនាងធ្វើរឿងដ៏អស្ចារ្យ»។ នេះជាការបញ្ជាក់របស់ LeBron James ដែលធ្លាប់ឈ្នះជើងឯក NBA ៤សម័យកាល៕
 

Tag:
 Naomi Osaka
© រក្សាសិទ្ធិដោយ thmeythmey.com