អន្តរជាតិ
​EU ព្រមានពីការដើរថយក្រោយទៅរកឥន្ធនៈផូស៊ីល ខណៈរដ្ឋអឺរ៉ុបបែររកធ្យូងថ្មជំនួសហ្គាសរុស្ស៊ី
23, Jun 2022 , 9:29 am        
រូបភាព
រូបភាព៖ spiked
រូបភាព៖ spiked
ដោយ:
ប្រធានគណៈកម្មការអឺរ៉ុប នៅថ្ងៃទី២១ ខែមិថុនា បានព្រមានរដ្ឋសមាជិកអឺរ៉ុបកុំឱ្យដើរថយក្រោយចំពោះការប្តេជ្ញារបស់ពួកគេ ក្នុងការកាត់បន្ថយប្រើប្រាស់ឥន្ធនៈផូស៊ីល ស្របពេលអាល្លឺម៉ង់ អូទ្រីស និងហូឡង់ប្រកាសថានឹងផលិតថាមពលដោយប្រើប្រាស់ធ្យូងថ្មជំនួសឱ្យហ្គាសពីរុស្ស៊ី។

 
ជាការតបតចំពោះទណ្ឌកម្មលោកខាងលិច រុស្ស៊ីបានកាត់ផ្តាច់ និងបន្ថយការផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅបណ្តាប្រទេសអឺរ៉ុបមួយចំនួន។ មិនតែប៉ុណ្ណោះ សហភាពអឺរ៉ុប ក៏បានដាក់ទណ្ឌកម្មកាត់បន្ថយការនាំចូលប្រភពថាមពលពីរុស្ស៊ីឱ្យបានច្រើនបំផុតផងដែរ។ មុនសង្រ្គាមនៅអ៊ុយក្រែន សហភាពអឺរ៉ុប(EU)ពឹងផ្អែកលើឧស្ម័នធម្មជាតិដែលនាំចូលពីរុស្ស៊ីប្រមាណ៤០ភាគរយនៃការការនាំចូលសរុប។ ដោយបារម្ភពីកង្វះថាមពលផ្គត់ផ្គង់ រដ្ឋអឺរ៉ុបមួយចំនួនបែរជាងាកទៅរកការប្រើប្រាស់ធ្យូងថ្មទៅវិញ ដែលផ្ទុយពីផែនការអព្យាក្រឹត្យកាបូនរបស់ EU ។
 
ពាក់ព័ន្ធនឹងរឿងនេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុនដឺលៃអេន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីអាល្លឺម៉ង់ អូទ្រីស និងហូឡង់ប្រកាសថានឹងបន្ថយការរឹតបន្តឹងលើរោងចក្រផលិតថាមពលដើរដោយធ្យូងថ្ម។ ចំណាត់ការរបស់ប្រទេសទាំងនេះធ្វើឡើង ដើម្បីធានាការផ្គត់ផ្គង់ថាមពលក្នុងស្រុក ស្របពេលរុស្ស៊ីបានកាត់បន្ថយឧស្ម័នធម្មជាតិទៅរដ្ឋទាំងនេះក្រោមហេតុផលជួសជុលបំពង់បង្ហូរប្រេង Nord Stream។
 
«យើងត្រូវតែធ្វើឱ្យប្រាកដថា យើងយកវិបត្តិនេះជាឈ្នាន់ឆ្ពោះទៅមុខ និងមិនងាកថយក្រោយមកប្រើប្រាស់ឥន្ធនៈផូស៊ីលដ៏កង្វក់នោះទេ»។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រីអឺស៊ូឡា ប្រាប់អ្នកកាសែតបែបនេះអំឡុងកិច្ចសម្ភាសនៅថ្ងៃទី២១ ខែមិថុនា ដោយបន្តថារដ្ឋាភិបាល EU ត្រូវតែផ្តោតទៅលើការវិនិយោគលើថាមពលកកើតឡើងវិញ។ 
 
ជុំវិញបញ្ហានេះ លោក Rob Jetten រដ្ឋមន្រ្តីថាមពល និងអាកាសធាតុហូឡង់នៅថ្ងៃទី២០ ខែមិថុនា បានលើកឡើងថា ហូឡង់នឹងផ្លាស់ប្តូរច្បាប់ដើម្បីអាចឱ្យរោងចក្រផលិតថាមពលដែលដើរដោយធ្យូងថ្មដំណើរការបានក្នុងកម្រិតខ្ពស់បំផុត៣៥ភាគរយ។ ចំណែក អាល្លឺម៉ង់ និងអូទ្រីសក៏បានប្រកាសចាប់ផ្តើមប្រើប្រាស់ធ្យូងថ្មដើម្បីផលិតថាមពលឡើងវិញដែរ។
 
ស្របពេលបំពង់បង្ហូរប្រេង Nord Stream គឺជាបំពង់នាំចូលឧស្ម័នពីរុស្ស៊ីទៅអឺរ៉ុបដ៏សំខាន់​ រុស្ស៊ីកាលពីសប្តាហ៍មុនបានបន្ថយការផ្គត់ផ្គង់ឧស្ម័នធម្មជាតិតាមរយៈ Nord Stream ទៅកាន់អឺរ៉ុបប្រមាណ ៦០ភាគរយ។ បច្ចុប្បន្ន រដ្ឋសមាជិក EU កំពុងរងសម្ពាធសេដ្ឋកិច្ចដោយសារការខ្វះខាតថាមពល ហើយថ្លៃហ្គាសនៅអឺរ៉ុបកាលពីសប្តាហ៍មុនឡើងដល់ទៅ៥០ភាគរយឯណោះ។ តម្លៃហ្គាសនៅតំបន់ចាយប្រាក់អឺរ៉ូឡើងយ៉ាងតិច៦ដង បើធៀបទៅនឹងពេលមុនការរាតត្បាតជំងឺកូវីដ-១៩៕
 

Tag:
 EU
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com