អន្តរជាតិ
ប្រធានាធិបតីចិន ជំរុញក្រុមប្រទេសBRICS គាំទ្រគ្នាប្រឆាំងអនុត្តរភាព និងបែងចែកបក្សពួក
24, Jun 2022 , 12:19 pm        
រូបភាព
កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង ៥ BRICS លើកទី១៤ ធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែមិថុនា។ រូបភាព៖ Xinhua
កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង ៥ BRICS លើកទី១៤ ធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែមិថុនា។ រូបភាព៖ Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងងើបឡើងទាំង៥ នៅថ្ងៃទី២៣ ខែមិថុនា បានទទូចឱ្យសមាជិកទាំងអស់គាំទ្រគ្នាទៅវិញទៅមកលើបញ្ហាសំខាន់ៗ អនុវត្តប្រព័ន្ធពហុភាគីនិយម ការពារយុត្តិធម៌ ភាពត្រឹមត្រូវ និងសាមគ្គីភាព រួមទាំងជំទាស់អនុត្តរភាព ការគំរាមសម្លុត និងការបែងចែកបក្សពួកជាដើម។  កិច្ចប្រជុំនេះ ក៏ត្រូវមើលឃើញថា​ រុស្ស៊ីនៅតែមានអ្នករាប់រកដដែល។

 
កិច្ចប្រជុំមេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង៥ BRICS មានប្រេស៊ីល រុស្ស៊ី ឥណ្ឌា អាហ្វ្រិកខាងត្បូង និងចិន បានរៀបចំឡើងតាមប្រព័ន្ធវីដេអូនៅថ្ងៃទី២៣ ខែមិថុនា ស្របពេលពិភពលោកកំពុងប្រឈមបញ្ហាជាច្រើន ជាពិសេសសង្គ្រាមនៅអ៊ុយក្រែន។ 
 
នៅចំពោះមុខមេដឹកនាំចំនួន៤រូបផ្សេងទៀត លោកស៊ី ជិនភីង ប្រធានាធិបតីចិន បានលើកឡើងជាថ្មីថា ប្រទេសមួយចំនួន បានប៉ុនប៉ងពង្រីកសម្ព័ន្ធយោធា ដើម្បីការពារសន្តិសុខរបស់ខ្លួនឱ្យបានខ្លាំងបំផុត រួមទាំងស្វែងរកការគ្រប់គ្រងជាឯកតោភាគី។ មេដឹកនាំចិនជំរុញឱ្យក្រុមប្រទេស BRICS រួមគ្នាប្រឆាំងនឹងសកម្មភាពបែបនោះ។ 
 
«វាពិតជាសំខាន់ណាស់ដែលក្រុមប្រទេស​ BRICS ត្រូវគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលពាក់ព័ន្ធប្រយោជន៍ស្នូល ការអនុវត្តប្រព័ន្ធពហុភាគីនិយម រួមទាំងការពារយុត្តិធម៌ ភាពត្រឹមត្រូវ និងសាមគ្គីភាព»។ លោក ស៊ី ក្នុងនាមជាប្រធាននៃកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង៥ ផងនោះ បានសង្កត់ធ្ងន់បែបនេះ មុនបន្តថា សមាជិក BRICS គួរតែបដិសេធអនុត្តរភាព ការសម្លុតប្រទេសដទៃ និងការបែងចែកបក្សពួកជាដើម។ 
 
ការលើកឡើងរបស់មេដឹកនាំចិនបែបនេះ ទំនងសំដៅទៅអាម៉េរិក រួមទាំងសម្ព័ន្ធមិត្ត ដែលកន្លងមក បានដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយថែមទាំងបង្កើតគំនិតផ្តួចផ្តើមផ្សេងៗ ដើម្បីទប់នឹងការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកថែមទៀត។ 
 
ដោយមើលឃើញពីបញ្ហាជាច្រើន ដូចជាជំងឺកូវីដ-១៩ វិបត្តិអ៊ុយក្រែន និងបញ្ហាស្បៀងអាហារ ដែលពិភពលោកកំពុងជួបប្រទះ ប្រធានាធិបតីចិន បានអំពាវនាវឱ្យសមាជិក BRICS ប្រកាន់យកកិច្ចសហប្រតិបត្តិការ ដើម្បីពន្លឿនការអភិវឌ្ឍ និងស្វែងរកដំណោះស្រាយរួមគ្នា។ 
 
ក្នុងកិច្ចប្រជុំមេដឹកនាំលើកទី១៤ នេះ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបន្ទោសប្រទេសមួយចំនួន ដែលបានដាក់ចេញចំណាត់ការដែលគ្មានការពិចារណា និងគិតតែប្រយោជន៍ខ្លួនលើប្រទេសដទៃ ស្របពេលសកលលោក កំពុងមានវិបត្តិសេដ្ឋកិច្ច។ បើតាមលោកពូទីន មានតែកិច្ចសហប្រតិបត្តិប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាទាំងនោះបាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។ 
 
មិនខុសពីមេដឹកនាំរុស្ស៊ី និងចិនឡើយ នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី បានទទូចឱ្យប្រទេសជាសមាជិក BRICS ពង្រឹងកិច្ចសហប្រតិបត្តិ ដើម្បីផ្តល់ផលប្រយោជន៍ឱ្យប្រជាជន រួមទាំងស្តារសេដ្ឋកិច្ចសកល ដែលទើបប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ 
 
កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនទាំង ៥ បានធ្វើឡើង ស្របពេលរុស្ស៊ីកំពុងឈ្លានពានអ៊ុយក្រែន ដោយផ្តោតប្រតិបត្តិការយោធាពិសេសនៅតំបន់ដុនបាស។ ក្នុងជំនួបដ៏សំខាន់នេះ គ្មានមេដឹកនាំប្រទេសណាមួយរិះគន់រុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែនឡើយ ផ្ទុយទៅវិញមានតែជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិរវាងប្រទេសជាសមាជិក។ 
 
បន្ថែមពីនេះ កិច្ចប្រជុំក្រុមប្រទេស BRICS ក៏ជាសារបង្ហាញថា បើទោះរងទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសលោកខាងលិច និងអាស៊ីមួយចំនួន រុស្ស៊ី នៅតែមានដៃគូសហការ និងមានទីផ្សារក្នុងការលក់ទំនិញរបស់ខ្លួន៕​
 

Tag:
 ចិន
  រុស្ស៊ី
  ប្រេស៊ីល
  ឥណ្ឌា
 ​ អាហ្វ្រិកខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com