កីឡាអន្តរជាតិ
អន្តរជាតិ
German FA ៖ កីឡាករកែភេទ អាចសម្រេចចិត្តជ្រើសរើសលេងឱ្យក្រុមនារី ឬក្រុមបុរស
24, Jun 2022 , 7:29 pm        
រូបភាព
កីឡាករនិងកីឡាការិនីកែភេទ ឬជាភេទមិនស្ថិតក្នុងប្រព័ន្ធគោលនៃភេទទាំងពីរ (ភេទប្រុស និងភេទស្រី) អាចសម្រេចចិត្តដោយខ្លួនឯង ក្នុងការជ្រើសរើសលេងឱ្យក្រុមបាល់ទាត់បុរស ឬក៏ស្រ្តីបាន។ នេះបើតាមសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) ថ្ងៃទី២៣ ខែមិថុនា។


សហព័ន្ធ DFB បានសម្រេចអនុម័តបទបញ្ញតិ្តថ្មី សម្រាប់កីឡាករដែលមិនអនុលោមតាមយែនឌ័រគោលទាំងពីរ ដែលកីឡាករកែភេទទាំងនោះ ត្រូវបានចាត់ទុកថា ជាភេទចម្រុះ ឬមិនមានការបញ្ជាក់ច្បាស់លាស់មួយ។ ច្បាប់ថ្មីនេះ នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ចាប់ពីរដូវកាលថ្មី២០២២-២៣ របស់ប្រទេសអាល្លឺម៉ង់នេះទៅ។  
 
«សម្រាប់សេចក្តីសម្រេចនេះ បានអនុលោមថាកីឡាករដែលមានស្ថានភាពផ្ទាល់ខ្លួនជាភេទ ចម្រុះ ឬគ្មានការបញ្ជាក់អន្តសញ្ញាណច្បាស់លាស់ និងអ្នកកែភេទ អាចសម្រេចចិត្តដោយខ្លួនគេផ្ទាល់ ថាតើឆន្ទៈពួកចង់ចូលលេងឱ្យក្រុមបុរស ឬក្រុមនារី។ កីឡាករដែលកែភេទទាំងនោះ ក៏អាចផ្លាស់ប្តូរបានប្រសិនបើពួកគេបានសម្រេចចិត្តរួចរាល់ ឬក៏អាចបន្តលេងឱ្យក្រុមដដែល។»។ នេះបើតាមសហព័ន្ធ DFB បាននិយាយ។
 
យ៉ាងណាមិញច្បាប់ដែល DFB ទើបអនុម័តនឹងចាប់ផ្តើមចំពោះកីឡាករចាប់ពីកម្រិតក្របខណ្ឌវ័យក្មេង DFB Regulation Amateurs, Junior Regulation និងលីគបាល់ទាត់ Futsal។ 
កាលពីសប្តាហ៍មុន ចាប់តាំងមានរឿងរ៉ាងហាមឃាត់លើកីឡាការិនីកែភេទ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពិភពលោក FINA World Aquatics Championships នៅប្រទេសហុងគ្រី ស្ថាប័នកីឡាធំៗលើពិភពលោករួមមាន FIFA, World Athletics បាននាំគ្នាត្រួតពិនិត្យនឹងកែប្រែច្បាប់ អំពីបញ្ហានេះឡើងវិញ។ 
 
សប្តាហ៍មុនទៀតសោតសហព័ន្ធហែលទឹក FINA បានរៀបចំបោះឆ្នោតដាក់កំហិតចំពោះអន្តពលិកកែភេទ ឬជាភេទមិនស្ថិតក្នុងប្រព័ន្ធគោលពីរយែនឌ័រ មិនឱ្យប្រកួតជាមួយអន្តពលិកនារី។ 
 
«ការសម្រេចចិត្តហាមមិនឱ្យពួកគេចូលរួមការប្រកួតរបស់យើង ព្រោះយើងចង់ឱ្យមានភាពយុត្តិធម៍និងមិនមានការកេងប្រវាញកម្លាំងលើនារី។» នេះបើតាមការបកស្រាយរបស់ FINA។ ប៉ុន្តែសហព័ន្ធកីឡាហែលទឹកមួយនេះ បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមមនុស្សកែភេទ និងអង្គការសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា LGBT។
 
 

Tag:
 German FA
© រក្សាសិទ្ធិដោយ thmeythmey.com