ជាតិ
សមត្ថកិច្ច ចាប់ជនសង្ស័យ៩នាក់ ក្នុងករណីជួញដូរអាវុធកែច្នៃជាង៤០ដើម នៅព្រះសីហនុ
25, Jun 2022 , 7:39 pm        
រូបភាព
លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បង្ហាញពីលទ្ធផលនៃការបង្ក្រាបការជួញដូរអាវុធ។ រូបពី ហ្វេសប៊ុករបស់អ្នកានាំពាក្យខេត្តព្រះសីហនុ លោក ភារម្យ
លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បង្ហាញពីលទ្ធផលនៃការបង្ក្រាបការជួញដូរអាវុធ។ រូបពី ហ្វេសប៊ុករបស់អ្នកានាំពាក្យខេត្តព្រះសីហនុ លោក ភារម្យ
ភ្នំពេញ៖ លោក ជួន ណារិន្ទ ​ស្នងការនរគបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ករណីជួញដូអាវុធនៅខេត្តព្រះសីហនុ ដែលសមត្ថកិច្ចចុះបង្ក្រាប គឺដកហូរអាវុធពិតនិងកែច្នៃជាង៤០ដើម។ ចំណែក ជនសង្ស័យពាក់ព័ន្ធទាំងអស់ ដែលត្រូវចាប់ខ្លួន មាន៩នាក់។

 
លោក ជួន ណារិន្ទ បានបើកសន្និសីទកាសែត បង្ហាញពីលទ្ធផលនៃការបង្ក្រាបករណីជួញដូរ ក្រោយឃាត់ខ្លួនអ្នកពាក់ព័ន្ធ៩នាក់ ដែលក្នុងនោះ មានជនជាតិវៀតណា៣នាក់ និងជនជាតិខ្មែរ៦នាក់។ ក្នុងសន្និសីទកាសែត នៅថ្ងៃទី២៥មិថុនានេះ ស្នងការខេត្តព្រះសីហនុ បានលើកឡើងថា សមត្ថកិច្ចបានដកហូតអាវុធពិត១១ដើម ក្នុងនោះមានកាំភ្លើងខ្លី៩ដើម និងកាំភ្លើងប្រភេទវែង២ដើម។ ចំពោះ អាវុធកែច្នៃសមត្ថកិច្ចបានរកឃើញ៣១ដើម។ ចំណែក សម្ភារៈផ្សេងទៀត មានបំពង់ខ្ទប់សំឡេងកាំភ្លើង សម្រាប់បាញ់មិនឲ្យឮសំឡេងចំនួន២០បំពង់ រួមទាំងគ្រប់កាំភ្លើងមួយចំនួនទៀត។ 
 
លោក ជួន ណារិន្ទ បញ្ជាក់ថា បក្ខពួកដែលចាប់បាន មានអ្នកបញ្ជាទិញអាវុធពីប្រទេសជិតខាង អ្នកចែកចាយ អ្នកដំឡើងឬកែច្នៃកាំភ្លើង និងអ្នកជួលជុលកាំភ្លើង។ ក្រុមជនសង្ស័យដែលចាប់ខ្លួនបាន សុទ្ធតែជាក្រុមយុវជន។ សមត្ថកិច្ច បង្ក្រាបជនសង្ស័យទាំងនោះ នៅសង្កាត់ទី៤ ក្នុងក្រុងព្រះសីហនុ ហើយបន្តតាមដានជនពាក់ព័ន្ធនៅតាមតំបន់ផ្សេង ក្នុងខេត្តដទៃទៀត រហូតបាន៩នាក់។ 
 
ជាមួយគ្នាដែរ ស្នងការខេត្តព្រះសីហនុ បានអំពាវនាវឲ្យយុវជនទាំងអស់ កុំប្រើប្រាស់ កែច្នៃ និងជួញដូរ អាវុធខុសច្បាប់៕ 
 
 

Tag:
 សង្គម
  ជួញដូរអាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com