កីឡាជាតិ
ជាតិ
CAMSOC នឹងជំរុញយុទ្ធនាការកាត់បន្ថយគ្រឿងញៀននិងគ្រោះថ្នាក់ចរាចរណ៍ក្នុងដំណើរឆ្ពោះទៅ ស៊ីហ្គេម២០២៣
27, Jun 2022 , 8:29 am        
រូបភាព
រូបពី Camsoc
រូបពី Camsoc
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (CAMSOC) បានដាក់ចេញយុទ្ធនាការ៥ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC លើកឡើងថា យុទ្ធនាការ៣ក្នុងចំណោម៥មានកីឡារស់ក្នុងសន្ដិភាព, កម្ពុជាស្អាត, និងប្រជាជនម្នាក់លេងកីឡាយ៉ាងហោចណាស់១ប្រភេទ ទទួលផលវិជ្ជមានច្រើន ខណៈ ២ចំណុចទៀតមានការកាត់បន្ថយគ្រឿងញៀន និងការកាត់បន្ថយគ្រោះថ្នាក់ដោយចរាចរណ៍ នឹងត្រូវពង្រឹងបន្ថែមទៀត។ 


ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា សល់ជាង១១ខែទៀត ដោយព្រឹត្តិការណ៍ នឹងធ្វើនៅអំឡុងខែឧសភា ឆ្នាំ២០២៣។ ជាមួយនិងការបើកដំណើរការឡើងវិញវិស័យកីឡាគ្រប់ប្រភេទក្រោយការធូរស្រាលកាន់តែខ្លាំងក្នុងស្ថានភាពជំងឺកូវីដ-១៩ ពលរដ្ឋកម្ពុជា មួយចំនួនធំបានយល់ដឹងពីវិស័យកីឡា និងបានលេងកីឡា ដែលស្របតាមយុទ្ធនាការរបស់ CAMSOC។ 
 
យុទ្ធនាការណ៍ឆ្ពោះទៅស៊ីហ្គេម២០២៣ មាន៥៖ កីឡារស់ក្នុងសន្ដិភាព, កម្ពុជាស្អាត ពលរដ្ឋម្នាក់លេងកីឡាយ៉ាងហោច១ប្រភេទ, ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រឿងញៀន។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ បានប្រាប់សារព័ត៌មានថ្មីៗថា យុទ្ធនាការ៥ចំណុចនេះ បានដាក់អនុវត្តជាង២ឆ្នាំហើយ ប៉ុន្តែដោយសារបញ្ហាកូវីដ-១៩ ទើបយុទ្ធនាការ មិនទាន់មានសកម្មភាពខ្លាំង។
 
សម្រាប់យុទ្ធនាការទី១ កីឡារស់ក្នុងសន្ដិភាព CAMSOC បានបញ្រ្ជាបពីអត្ថន័យ និងគុណតម្លៃរបស់កីឡា សម្រាប់សាមគ្គីភាពរបស់មនុស្សជាតិ ពីសង្គមមួយទៅសង្គមមួយទៀត។ ឯយុទ្ធនាការណ៍ទី២ កម្ពុជាស្អាត បានជំរុញប្រជាពលរដ្ឋឱ្យចេះស្រឡាញ់បរិស្ថានជុំវិញខ្លួន ជាពិសេសបញ្ឈប់នូវសកម្មភាពអសកម្មដូចជាចោលសំរាម និងខាកស្ដោះនៅទីសាធារណៈជាដើម។

ក្នុងយុទ្ធនាការទី៣ ប្រជាជនម្នាក់លេងកីឡា១ប្រភេទ បានអប់រំពលរដ្ឋឱ្យចេះ ស្រឡាញ់សុខភាពរបស់ខ្លួន ដោយការលេងកីឡាជាផ្នែកមួយធ្វើឲ្យមានសុខភាពល្អ។ 
សម្រាប់យុទ្ធនាការ៣ខាងលើនេះ CAMSOC ទទួលបានជោគជ័យច្រើន ដោយមានការចូលរួមពីប្រជាពលរដ្ឋជាច្រើន។ 
 
ដោយឡែក យុទ្ធនាការពីរផ្សេងទៀតមានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការគ្រោះថ្នាក់ដោយសារគ្រឿងញៀន ស្ថិតក្នុងការពង្រឹង និងជំរុញឱ្យអន្ដរក្រសួង យកចិត្តទុកដាក់លើបញ្ហានេះ។លោក វ៉ាត់ ចំរើន បញ្ជាក់ថា ក្រសួងពាក់ព័ន្ធ បានធ្វើសកម្មភាពលើបញ្ហានេះ ហើយអន្ដរក្រសួងទាំងនោះ ក៏បានផ្ញើររបាយការណ៍ដល់ CAMSOC ផងដែរ។
 
«យើង ខំរុញសកម្មភាពបន្ថែមទៀត ដើម្បីឱ្យពេលធ្វើជាម្ចាស់ផ្ទះ យើងបានសម្រេច គោលដៅរបស់យើង។»។ អគ្គលេខាធិការរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទបែបនេះ។
 
ចំពោះការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រសួងមហាផ្ទៃ ចេញយុទ្ធនាការធ្វើយ៉ាងសកម្ម ដូចជាការរឹតបន្ដឹងចរាចរណ៍ ហាមឃាត់អ្នកបើកបរដែលមានជាតិស្រវឹង សកម្មភាពទាំងអស់នេះ ក៏ជាផ្នែកមួយក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមផងដែរ។ លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា ចំពោះករណីប្លន់នៅតាមដងផ្លូវ មិនស្ថិតក្រោមយុទ្ធនាការ CAMSOC ទេ តែក៏មើលឃើញនូវបញ្ហានេះផងដែរ និងបានរួមគ្នាធ្វើការជាមួយក្រសួងមហាផ្ទៃ ក្នុងការដោះស្រាយបញ្ហានេះដែរ។
 
ឆ្លើយតបទៅនិងបញ្ហានេះដែរ លោក ប៉ា ចាន់រឿន អ្នកតាមដានសង្គម បានប្រាប់សារព័ត៌មានថ្មីៗថា នេះ ជាការធ្លាក់ចុះនៅគោលនយោបាយសង្គមមានសុវត្ថិភាព នៅពេលដែលសេដ្ឋកិច្ចកម្ពុជាមានបញ្ហា ហើយសកម្មភាពលួច ប្លន់ ឬការកុហក បោកប្រាស់ចាប់ផ្ដើមមានច្រើន។ សម្រាប់លោក ចាន់រឿន សមត្ថកិច្ចត្រូវតែពង្រឹងឡើងវិញ ដូចជាការផ្ដល់សេវាកម្ម និងធ្វើសកម្មភាពណាមួយដើម្បីធានាបាន ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យបានខ្ពស់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
 
«ការពង្រឹង និងលើកកម្ពស់សុខសុវត្ថិភាពប្រជាពលរដ្ឋ ក្នុងការរស់នៅរបស់ប្រចាំថ្ងៃ គឺជាការចាំបាច់ មិនមែនធ្វើដើម្បីគ្រាន់តែឆ្លើយតបទៅហ្នឹងតម្រូវការក្នុងករណីកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឬ កិច្ចប្រជុំអាស៊ានទេ។»។ អ្នកវិភាគសីលធម៌សង្គមរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗបែបនេះ។
 
លោក ប៉ា ចាន់រឿន សង្កេតឃើញទៀតថា មានការផ្ទុះឡើងវិញនៅសកម្មភាពឆកប្លន់ ការលួចជាដើម ជាពិសេសមានការផ្សាយផ្ទាល់ពីបញ្ហាទាំងនេះលើបណ្ដាញសង្គមថែមទៀត ដូចនេះអាជ្ញាធរមិនអាចព្រងើយកន្ដើយបានទេ៕
 

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com