កីឡាអន្តរជាតិ
អន្តរជាតិ
Petr Cech ប្រកាសចាកចេញពីតំណែងទីប្រឹក្សាក្លិបChelsea ខណៈម្ចាស់ក្លិបថ្មីបន្តកែទម្រង់
27, Jun 2022 , 5:59 pm        
រូបភាព
ក្លិបតោខៀវ Chelsea ថ្ងៃទី២៦ ខែមិថុនា បានប្រកាសថាអតីតអ្នកចាំទីដ៏ខ្លាំងរបស់ខ្លួន Petr Cech នឹងចាកចេញពីតួនាទីជាទីប្រឹក្សាយោបល់ផ្នែកបច្ចេកទេសក្រុម Chelsea នៅថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះ។


Petr Cech បានក្លាយជាមនុស្សដ៏លេចធ្លោចុងក្រោយគេមួយ​ ដែលបានសម្រេចចិត្តចាកចេញពីក្លិប ខណៈពេលម្ចាស់ក្លិបថ្មីលោក Todd Boehly បានប្រកាសអំពីការកែប្រែទម្រង់ដឹកនាំក្លិបអង់គ្លេសមួយនេះ ។ កាលពីសប្តាហ៍មុនលោក Bruce Buck ដែលជាប្រធានក្លិប និងអ្នកស្រី Marina Granovskaia នាយកផ្នែកទិញលក់កីឡាកររបស់ក្លិប បានប្រកាសលាលែងពីតំណែងរបស់ក្លិប។
 
អតីតអ្នកចាំទីដែលមានវ័យ៤០ឆ្នាំ រូបនេះបានវិលត្រលប់ទៅកាន់ក្រុម Chelsea កាលពីឆ្នាំ ២០១៩ បន្ទាប់ពីបានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាបាល់ទាត់។ 
និយាយប្រាប់គេហទំព័រផ្លូវការរបស់ក្លិបអំពីការលាលែងពីតំណែង Petr Cech ថា រូបគេពិតជាសប្បាយចិត្តដែលកាន់តួនាទីមួយនេះ ប៉ុន្តែលោកមានអារម្មណ៍ថាដល់ពេលចាកចេញ ខណៈក្លិបស្ថិតក្រោមការគ្រប់គ្រងរបស់ម្ចាស់ថ្មី។
 
«វាពិតកត្តិយសដ៏ធំសម្រាប់ខ្ញុំដែលបានកាន់តួនាទីមួយនេះនៅ Chelsea រយៈពេលជាង៣ឆ្នាំមកនេះ។ ជាមួយការគ្រប់គ្រងរបស់ម្ចាស់ក្លិបថ្មី ខ្ញុំមានអារម្មណ៍ថាពេលនេះជាពេលវេលាដ៏ល្អសម្រាប់ខ្ញុំចាកចេញ។»។ Petr Cech និយាយបែបនេះ។
 
ក្រោយទទួលបានដំណឹងពីការចាកចេញរបស់បុរសសញ្ជាតិឆែករូបនេះ ម្ចាស់ក្លិបថ្មីលោក Boehly បានជូនពរ Cech ​សម្រាប់អាជីពបន្ទាប់របស់លោក ហើយមហាសេដ្ឋីអាម៉េរិករូបនេះក៏បានបញ្ជាក់ទៀតថា Cech នៅតែជាបុគ្គលមួយដែលសំខាន់បំផុតរបស់ក្លិប Chelsea។
 
Cech កាន់តំណែងនៅក្រៅទីលានមួយនេះ ក្នុងនាមជាអ្នកផ្តល់យោបល់រាល់ទម្រង់លេងរបស់ក្លិប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ម្ចាស់ក្លិបចាស់ Roman Abramovich។ ធ្លាប់រួមរស់ជាមួយ Chelsea ក្នុងនាមជាកីឡាកររយៈពេល ១១ឆ្នាំ តាំងពីឆ្នាំ២០០៤ រហូតដល់ ២០១៥ Cech បានបង្ហាញខ្លួនចំនួន ៤៩៤ប្រកួត។
 
Petr Cech ធ្លាប់ជួយ Chelsea ឈ្នះពានរង្វាន់ជាច្រើនដូចជា FA Cup ៤លើក, EFL Cup ៣លើក, Champions League ១លើក និង Europa League ១លើក៕
 

Tag:
 Petr Cech
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com