ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សប្រជាជន មានប្រភពពីណា?
28, Jun 2022 , 7:29 am        
រូបភាព
ពិធីរម្លឹកខួបលើកទី៦៨ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ រូបពី AFP
ពិធីរម្លឹកខួបលើកទី៦៨ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ រូបពី AFP
នៅក្នុងការគិតរបស់ប្រជាពលរដ្ឋកម្ពុជាមួយចំនួន ប្រវត្តិនៃការកកើតគណបក្សប្រជាជនកម្ពុជា នៅតែជំពាក់វាក់វិនជាមួយវៀតណាម។ ប្រជាជនកម្ពុជាមួយចំនួន ពិសេសអ្នកមាននិន្នាការប្រឆាំង យល់ថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងដោយមេដឹកនាំវៀតណាម ខណៈគណបក្សប្រជាជនកម្ពុជាខ្លួនឯង តែងព្យាយាមបកស្រាយថា គណបក្សនេះ មានប្រភពដើមចេញមកពីខ្មែរអ្នកស្នេហាជាតិ។

 
គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល បានឆ្លងកាត់ការប្តូរឈ្មោះជាច្រើនលើក។ ឈ្មោះដំបូង គឺបក្សប្រជាជនបដិវត្តន៍ខ្មែរ ឬបក្សប្រជាជនបដិវត្តកម្ពុជា ហើយត្រូវបានប្តូរមកជាបក្សពលករកម្ពុជា បក្សកុម្មុយនីស្តកម្ពុជា និង បក្សប្រជាជនកម្ពុជា។ ឈ្មោះគណបក្សប្រជាជនកម្ពុជា គឺជាឈ្មោះចុងក្រោយ និងត្រូវបានប្រើរហូតមកដល់សព្វថ្ងៃ។  
 
នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ គឺជាខួប៧១ឆ្នាំ នៃការចាប់បដិសន្ធិគណបក្សប្រជាជនកម្ពុជា។ ពិធីរម្លឹកខួប៧១ឆ្នាំ ត្រូវបានរៀបចំឡើងនៅវិមាន៧មករា ដ៏ស្កឹមស្កៃ ដែលជាទីស្នាក់ការកណ្តាលរបស់គណបក្សកាន់អំណាចនេះ ក្រោមវត្តមានរបស់សម្តេច ហ៊ុន សែន ដែលជាប្រមុខគណបក្ស។ ថ្នាក់ដឹកនាំកំពូលៗ មន្រ្តី និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បាននាំគ្នាបង្ហោះសារអបអរសាទរការរម្លឹកខួប៧១ឆ្នាំនេះ លើបណ្តាញសង្គម ហើយបានរម្លឹកប្រវត្តិខ្លះៗនៃគណបក្សនេះ រួមទាំងប្រវត្តិទាក់ទងនឹងដើមទងនៃការចាប់បដិសន្ធិគណបក្សនេះផងដែរ។
 
ក្នុងសារលិខិតរបស់ខ្លួន ដែលចេញរៀងរាល់ឆ្នាំ ក្នុងឱកាសរម្លឹកខួបកំណើតគណបក្ស សម្តេច ហ៊ុន សែន ក្នុងឋានៈជាប្រធាន តែងអះអាងថា គណបក្សប្រជាជនកម្ពុជា មានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយម ដើម្បីឯករាជ្យជាតិ។ ចំពោះសារលិខិត ដែលសម្តេច អានក្នុងពិធីរម្លឹកខួបគណបក្សលើទី៧១ឆ្នាំ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅវិមាន៧មករា ក៏មានន័យបែបនេះដែរ។ 
 
ថ្វីបើថ្នាក់ដឹកនាំ រួមទាំងមន្រ្តីគណបក្សប្រជាជនកម្ពុជា ព្យាយាមបកស្រាយថា គណបក្សខ្លួន មានប្រភពចេញពីអ្នកស្នេហាជាតិក្តី ក៏គណបក្សនេះ នៅតែរងការវាយប្រហារពីក្រុមអ្នកប្រឆាំង នាថ្ងៃរម្លឹកខួប៧១ឆ្នាំនេះ។ មិនខុសពីលើកមុនៗឡើយ ក្រុមអ្នកប្រឆាំង នៅតែប្រកាន់ខ្ជាប់ការយល់ឃើញថា គណបក្សប្រជាជនកម្ពុជា គឺជាសាខា១ បែកចេញមកពីបក្សកុម្មុយនីស្តឥណ្ឌូចិន ដែលបង្កើតឡើងដោយមេដឹកនាំដ៏ល្បីឈ្មោះរបស់វៀតណាម គឺលោក ហូ ជីមិញ ឬ ង្វៀង អាយគួក។ 
 
សៀភៅ១ក្បាល ដែលមានចំណងជើងថា «អ្នកឃោសនា» បានសរសេរថា នៅខែកុម្ភៈ ឆ្នាំ១៩៣០ លោក ហូ ជីមិញ បានបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិនឡើង។ 
 
បក្សកុម្មុយនីស្តឥណ្ឌូចិន តំណាងឲ្យប្រទេសជាប់របងជាមួយគ្នាទាំង៣ គឺកម្ពុជា វៀតណាម និងឡាវ។ ការបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិន គឺដើម្បីរួមកម្លាំងប្រទេសទាំង៣ តទល់នឹងពួកអាណានិគមនាសម័យនោះ។  
 
បើតាមសៀវភៅអ្នកឃោសនា នៅខែមេសា ឆ្នាំ១៩៥០ បក្សកុម្មុយនីស្តឥណ្ឌូចិន សម្រេចចាត់តាំងឲ្យមានបក្សបដិវត្តន៍ដោយឡែក នៅតាមប្រទេសនីមួយៗ ក្នុងចំណោមប្រទេសទាំង៣ គឺកម្ពុជា វៀតណាម និង ឡាវ។ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ បក្សប្រជាជនបដិវត្តខ្មែរ ត្រូវបានបង្កើតឡើង ដោយមានលោក សឺង ង៉ុកមិញ (អាចារ្យ មៀន) ជាប្រធាន។ 
 
សៀវភៅអ្នកឃោសនា សរសេរថា៖«ទោះបីមានការបែងចែកបក្សជាបី តាមសភាពការណ៍រីកចម្រើនរបស់ប្រទេសនីមួយៗ ក៏បក្សទាំង៣ នៅតែបន្តជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ ដោយឡែក បក្សកុម្មុយនីស្តវៀតណាម ដែលជាបក្សមួយខ្លាំងក្លា ហើយរឹងមាំ បានបន្តកម្លាំងជួយពង្រឹងដល់បដិវត្តន៍កម្ពុជា និងបដិវត្តន៍ឡាវ»។ 
 
សៀវភៅអ្នកឃោសនាដដែល បញ្ជាក់ថា៖«បក្សប្រជាជនបដិវត្តន៍កម្ពុជា បក្សប្រជាជនបដិវត្តន៍ឡាវ  និងបក្សកុម្មុនីស្តវៀតណាម មានប្រភពកំណើតតែមួយ គឺបក្សកុម្មុយនីស្តឥណ្ឌូចិន ដែលមានមគ្គុទ្ទេសក៏រួម គឺលោកប្រធាន ហូ ជីមិញ»។  
 
ដោយសារតែមានឯកសារ សរសេរថា គណបក្សប្រជាជនកម្ពុជា មានពន្លកដុះចេញពីបក្សកុម្មុយនីស្តឥណ្ឌូចិនបែបនេះហើយ ទើបបានជាប្រជាជនកម្ពុជាខ្លះ ពិសេសអ្នកប្រឆាំង យល់ថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងដោយមេដឹកនាំវៀតណាម ហើយរឿងរ៉ាវត្រង់កន្លែងនេះ តែងតែត្រូវអ្នកប្រឆាំង លើកមកនិយាយជារឿយៗ ដើម្បីវាយប្រហារគណបក្សប្រជាជនកម្ពុជា។
 
នៅមានប្រវត្តិផ្សេងទៀត ដែលប្រជាពលរដ្ឋកម្ពុជា មិនទាន់អាចយល់ស្របគ្នា ដូចជាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាដើម។ គណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាល និងអ្នកគាំទ្ររដ្ឋាភិបាល តែងអះអាងថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃរំដោះជាតិពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយមានកងទ័ពវៀតណាមចូលមកជួយផ្តួលរំលំ តែប្រជាពលរដ្ឋកម្ពុជាខ្លះ និងអ្នកប្រឆាំង បែរជាយល់ឃើញផ្សេងទៅវិញថា ជាថ្ងៃដែលកងទ័ពវៀតណាម ចូលមកឈ្លានពានកម្ពុជា។ 
 
គេ មិនដឹងថា ពេលណា ទើបប្រវត្តិអំពីការបង្កើតគណបក្សប្រជាជនកម្ពុជា ប្រវត្តិអំពីការរំដោះជាតិថ្ងៃ៧មករា និងប្រវត្តិផ្សេងទៀត អាចក្លាយជាចំណុចរួមមួយ ដែលប្រជាពលរដ្ឋកម្ពុជា ទទួលយកបានទាំងអស់គ្នានោះទេ។ ទោះជាប្រវត្តិសាស្រ្តត្រង់កន្លែងខ្លះ មិនអាចទាន់ក្លាយជាចំណុចរួមក៏ដោយ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គួរព្យាយាមសិក្សាឈ្វេងយល់ឲ្យបានច្រើន ហើយចៀសវាង យកការយល់ដឹងខុសគ្នាអំពីប្រវត្តិសាស្រ្តនោះ មកវាយប្រហារគ្នា និងចង់ឈ្នះចង់ចាញ់គ្នា៕ 
 

Tag:
 ប្រវត្តិគណបក្សប្រជាជនកម្ពុជា
  ខួប៧១ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com