កីឡាជាតិ
ជាតិ
គ្រូបង្វឹកភ្នំពេញក្រោន ៖ ទោះក្រុមធ្លាក់ចេញពីពាន AFC Cup តែក៏បង្ហាញពីភាពខ្លាំងនៃបាល់ទាត់កម្ពុជា
28, Jun 2022 , 11:35 am        
រូបភាព
ក្រុមភ្នំពេញក្រោន(ឈុតក្រហម) ប្រជែងបាល់ជាមួយ ក្រុម Viettel Fc (ឈុតស) ប្រភព AFC Cup
ក្រុមភ្នំពេញក្រោន(ឈុតក្រហម) ប្រជែងបាល់ជាមួយ ក្រុម Viettel Fc (ឈុតស) ប្រភព AFC Cup
ដោយ៖ ហៀក ឆក 

ក្រុមបាល់ទាត់ភ្នំពេញក្រោន ចាញ់ Viettel FC ១-០  ក្នុងវគ្គជម្រុះក្នុងពូល I នៃពានរង្វាន់បាល់ទាត់ AFC Cup ២០២២​។ បរាជ័យនេះ បានធ្វើឲ្យភ្នំពេញក្រោន បាត់បង់ឱកាសឡើងទៅវគ្គបន្ត ក្រោយចាញ់២ប្រកួតជាប់គ្នា។ តែយ៉ាងណាលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន មើលឃើញថា កូនក្រុមខ្លួន ធ្វើបានល្អ ដោយបង្ហាញពីភាពខ្លាំង និងរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជា។


ក្នុងវគ្គទី១ ក្រុមម្ចាស់ផ្ទះ Viettel FC បាននាំមុខក្រុមភ្ញៀវភ្នំពេញក្រោន ១-០ រកបានដោយខ្សែការពារស្លាបស្តាំ Duy Thoung Bui ស៊ុតពីលើប្រអប់ទី ភ្នំពេញក្រោន ក្រោយបញ្ជូនបាល់ពីខ្សែបម្រើកណ្តាល Hoang Duc Nguyen នៅនាទី៩។ បន្ទាប់ពីក្រុមម្ចាស់ផ្ទះនាំមុខ ក្រុមភ្ញៀវព្យាយាមប៉ុនប៉ងរកគ្រាប់វិញជាច្រើនលើកដែរ តែពុំមានសំណាងតាមស្មើ ។ បញ្ចប់៤៥នាទីក្នុងវគ្គទី១ លទ្ធផលបណ្តោះអាសន្ន ក្រុមបាល់ទាត់ Viettel FC ១-០ ភ្នំពេញក្រោន។
 
ឈានដល់វគ្គទី២ ក្រុមទាំង២ បន្តសម្រុកគ្នាទៅវិញទៅមក។ ប៉ុន្តែភ្នំពេញក្រោន នៅតែពុំអាចទម្លាយសំណាញ់ទីក្រុមម្ចាស់ផ្ទះ Viettel FC បានឡើយ។ បញ្ចប់ការប្រកួត ក្រុមបាល់ទាត់ Viettel FC រក្សាលទ្ធផល ១-០ លើក្រុមភ្នំពេញក្រោន។
  

ខ្សែបម្រើភ្នំពេញក្រោន (កើត ពេជ្រ -ឈុតក្រុហម)អូសបាល់ញាក់ ខ្សែបម្រើ Viettel FC (T.Danh Trung -ឈុតស) រូបពី AFC Cup

ភ្នំពេញក្រោន បាត់បង់​ឱកាសឡើងទៅវគ្គបន្ទាប់នៃពានរង្វាន់បាល់ទាត់ AFC Cup ២០២២ ។ ប៉ុន្តែជំនួបចុងក្រោយ ភ្នំពេញក្រោន ត្រូវជួបក្រុម  Young Elephants ប្រទេសឡាវ នាថ្ងៃទី៣០ ខែមិថុនា នៅកីឡដ្ឋាន Thong That ប្រទេសវៀតណាម។
 
ដ្បិតភ្នំពេញក្រោនធ្លាក់ចេញពីពាន AFC Cup ក្តី តែលោក Oleg Starynskyi នៅតែមើលឃើញថា កូនក្រុមខ្លួន ធ្វើបានល្អ ដោយបង្ហាញពីភាពខ្លាំង និងរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជា។ សម្រាប់ជំនួបចុងក្រោយវិញ គ្រូបង្វឹកភ្នំពេញក្រោនរូបនេះ ប្ដេជ្ញាយកឈ្នះគូប្រកួតខ្លួន ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ។
 
«ខ្ញុំពេញចិត្តនឹងការលេងកីឡាកររបស់ខ្ញុំ ពួកយើងជាក្រុមដែលមានបទពិសោធន៍ ខ្ចីជាង Vittel អ្នកដឹងទេថាពួកយើងមានកីឡាករអាយុក្រោម ២៣ឆ្នាំ ២នាក់លើទីលាន ប៉ុន្តែពួកគេធ្វើបានល្អ។ យើងធ្លាក់ចេញពីពានរង្វាន់ តែការប្រកួតប្រជែងមិនទាន់បានបញ្ចប់ យើងនឹងធ្វើឲ្យប្រជាជនកម្ពុជា មានមោទកភាព យើងចង់បង្ហាញថាបាល់ទាត់នៅ កម្ពុជាកំពុងមានការរីកចម្រើនខ្លាំង និងមានការប្រកួតប្រជែងខ្លាំង»។ នេះបើតាមលោក Oleg Starynskyi ៕
 

Tag:
 បាល់ទាត់
  AFC
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com