ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះរាជអាជ្ញា ស្នើឲ្យចាប់លោក កឹម សុខា ដាក់ពន្ធនាគារវិញ
29, Jun 2022 , 1:09 pm        
រូបភាព
លោក កឹម សុខា ឈរនៅមុខផ្ទះរបស់លោក នាពេលកន្លងមក
លោក កឹម សុខា ឈរនៅមុខផ្ទះរបស់លោក នាពេលកន្លងមក
ដោយ: ថ្មីៗ
កូនស្រីទំាំង២របស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ គឺកញ្ញា កឹម មនោវិទ្យា ជាបង និងកញ្ញា កឹម សម្មាធីតា ជាប្អូន បានបង្ហោះសារបន្ទាន់ក្នុងពេលជាមួយគ្នាលើបណ្តាញសង្គមធ្វីតធឺថា ព្រះរាជអាជ្ញា បានស្នើឲ្យចៅក្រម បញ្ជូនលោក កឹម សុខា ទៅពន្ធនាគារវិញ។ លោក កឹម សុខា បានបន្តឡើងវសនាការនៃតុលាការភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ។ មកដល់ម៉ោង១ថ្ងៃត្រង់នេះ គេ មិនទាន់ដឹងថា ចៅក្រម សម្រេចយ៉ាងណានោះទេ ចំពោះសំណើរបស់ព្រះរាជអាជ្ញា។



ទាំងកញ្ញា កឹម មនោវិទ្យា ទាំងកញ្ញា សម្មាធីតា ដែលកំពុងរស់នៅឯបរទេស ពុំបានបញ្ជាក់ឡើយថា ព្រះរាជអាជ្ញា ផ្អែកលើមូលហេតុអ្វី ក្នុងការស្នើឲ្យចៅក្រម ចាប់ឪពុកខ្លួន បញ្ជូនទៅតុលាការវិញ។ ប៉ុន្តែ សារព័ត៌មានវីអូឌី ដែលមានសហការី ចូលស្តាប់សវនាការរបស់លោក កឹម សុខា បានសរសេរថា ព្រះរាជអាជ្ញា ស្នើឲ្យចាប់លោក បញ្ជូនទៅពន្ធនាគារវិញ ក្រោមហេតុផលថា លោក បានជួបអ្នកគាំទ្រនាពេលកន្លងមក ដែលបំពាននឹងបម្រាមរបស់តុលាការ។

លោក កឹម សុខា ត្រូវបានតុលាការ បិទសិទ្ធិនយោបាយរយៈពេល៥ឆ្នាំ ដូចថ្នាក់ដឹកនាំផ្សេងទៀតរបស់អតីតគណបក្សសង្គ្រោះជាតិដែរ ចាប់តាំងពីចុងឆ្នាំ២០១៧មក។ ដូច្នេះ មេដឹកនាំប្រឆាំងរូបនេះ ពុំទាន់អាចធ្វើសកម្មភាពនយោបាយបានឡើយ។ បម្រាមដែលហាមមិនឲ្យធ្វើនយោបាយនេះ រហូតដល់ចុងឆ្នាំ២០២២ ទើបផុតកំណត់។ 

ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ក៏បានបង្ហោះសារលើបណ្តាសង្គមធ្វីតធឺដែរ ពីការស្នើរបស់ព្រះរាជអាជ្ញាឲ្យចាប់លោក កឹម សុខា ដាក់ពន្ធនាគារវិញ។ តាមរយៈសារនេះ ស្ថានទូតអាល្លឺម៉ង់ បង្ហាញក្តីសង្ឃឹមថា តុលាការ នឹងពិចារណាពីផលប្រយោជន៍ជាតិ ពេលធ្វើសេចក្តីសម្រេចលើសំណើរបស់ព្រះរាជអាជ្ញា។ 

សារព័ត៌មានថ្មីៗ បានព្យាយាមទាក់ទងទៅមេធាវីទាំង៤របស់លោក កឹម សុខា តាមប្រព័ន្ធទូរស័ព្ទ តែក្នុងចំណោមពួកគាត់ អ្នកខ្លះ មិនទទួលការហៅចូល ឯប្រព័ន្ធទូរស័ព្ទរបស់អ្នកខ្លះទៀត ហៅមិនចូល។ ចំណែក លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា ត្រូវបានសារព័ត៌មានថ្មីៗ សួរតាមបណ្តាញតេឡេក្រាម តែលោក មិនទាន់ឆ្លើយតប។ 

អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អះអាងលើបណ្តាញសង្គមធ្វីតធឺថា ព្រះរាជអាជ្ញា ស្នើឲ្យចាប់លោក កឹម សុខា ក្រោយពីលោក បានជួបអ្នកគាំទ្រនៅរាជធានីភ្នំពេញ ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តសៀមរាប ជាដើម។ ផ្នែកលើសាររបស់អ្នកស្រី តុលាការ ចាត់ទុកជំនួបរវាងប្រធានអតីតគណបក្សប្រឆាំងជាមួយអ្នកគាំទ្រទាំងនោះ ថាជាការបំពានបម្រាមរបស់តុលាការ។ 

មួយរយៈពេលចុងក្រោយនេះ គេ ហាក់បានឃើញលោក កឹម សុខា ជួបអ្នកគាំទ្រច្រើនលើក ហើយលោក ក៏ហាក់បញ្ចេញសារជាច្រើនដងដែរ។ ក្នុងជំនួបសាធារណៈជាមួយអ្នកគាំទ្រ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ លោក បានប្រកាសពីការផ្តាច់ទំនាក់ទំនងជាមួយលោក សម រង្ស៊ី។ ក្រៅពីនេះ គេ ក៏សង្កេតឃើញលោក បានជួបអ្នកគាំទ្រតាមបណ្តាខេត្តផ្សេងៗទៀត។ គេ អាចចោទសួរថា តើសាររបស់លោក ក្នុងជំនួបជាមួយអ្នកគាំទ្រនៅខេត្តសៀមរាប ជាសារបែបនយោបាយដែរឬទេ? ហើយជំនួបរបស់លោក ជាមួយអ្នកគាំទ្រនៅតាមបណ្តាខេត្តផ្សេងៗទៀត អាចបំពាននឹងបម្រាមរបស់តុលាការដែរទេ? 


 



Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com