កីឡាជាតិ
ជាតិ
AFC Cup៖ វិសាខា រំពឹងឡើងទៅវគ្គ​បន្ត រីឯភ្នំពេញក្រោនត្រូវប្រកួតបង្គ្រប់កិច្ច
30, Jun 2022 , 7:59 am        
រូបភាព
លោក មាស ចាន់ណា គ្រូបង្វឹកវិសាខា និងលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន នាសន្និសីទកាសែតរៀងៗខ្លួន។ រូបថតពីទំព័រហ្វេសប៊ុកផ្លូវការក្លិបទាំងពីរ
លោក មាស ចាន់ណា គ្រូបង្វឹកវិសាខា និងលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន នាសន្និសីទកាសែតរៀងៗខ្លួន។ រូបថតពីទំព័រហ្វេសប៊ុកផ្លូវការក្លិបទាំងពីរ
ជំនួប​ចុងក្រោយរបស់វិសាខាជាមួយក្រុមម៉ាឡេស៊ី Kedah Darul Aman ក្នុងពូល G នៃព្រឹត្តិការណ៍ AFC Cup នៅកីឡដ្ឋាន Kapten I Wayan Dipta នាវេលាម៉ោង​៨ល្ងាច​នេះជាការប្រកួតដ៏សំខាន់ ដោយពួក​គេអាចក្លាយជាក្រុមដំបូងបំផុត​របស់​កម្ពុជាដែលឆ្លងផុតវគ្គ​ចែកពូលមុននពេល​ដែលភ្នំពេញ​ក្រោន និង Young Elephants FC របស់ឡាវត្រូវប្រកួតបង្គ្រប់កិច្ច​ដូចគ្នា​ក្នុងពូល I នាវេលាម៉ោង​៩នៅកីឡដ្ឋានThong Nhat។

 
ជំនួបពូល G៖ វិសាខារំពឹងបានកៅអីទៅវគ្គបន្ត
 
បន្ទាប់ពីឈ្នះក្លិបហ្វីលីពីន Kaya FC-Iloilo ២-១ និងបន្ត​ឈ្នះ​ម្ចាស់ផ្ទះឥណ្ឌូណេស៊ីBali United  ៥-២ គ្រូបង្វឹក​វិសាខា លោក មាស ចាន់ណាបាន​លើកឡើង​ពីភាព​រីកចម្រើន​របស់ក្លិប ។ ទោះបីជាយ៉ាងណាក៏ដោយ តាម​សំដីដែលដក​ស្រង់នៅលើទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ក្លិបលោកបានបញ្ជាក់ថា​លោកនឹងមិនឲ្យ​កីឡាករភ្លេចខ្លួននោះឡើយដោយ​បន្ត​ការប្រឹងប្រែងជានិច្ច។


កីឡាករវិសាខា អបអរ បន្ទាប់ពីយកឈ្នះ ក្រុម Bali United រូបពី AFC Cup

«អ្វីដែលខ្ញុំធ្វើ​សតិអារម្មណ៍ជាមួយកីឡាករ គឺយើងមិនចង់ឲ្យមានប្រវត្តិច្រំដែលៗ បាន​ន័យថា ធ្វើបានល្អហើយ យើងភ្លេចខ្លួន យើងទម្លាក់​ខ្លួនមកវិញ គឺ​អត់ទេ យើង​នៅតែបន្ត​ការខិតខំប្រឹងប្រែងជានិច្ច»។ លោក មាស ចាន់ណា បាន​លើកឡើងយ៉ាងដូច្នេះ នៅមុនជំនួបជាមួយក្រុម​ខ្លាំងម៉ាឡេស៊ី Kedah ដោយ​ចង់បង្កើត​ប្រវត្តិសាស្ត្រថ្មីសម្រាប់ក្លិប និង​ប្រទេសជាតិទាំងមូល។
 
បច្ចុប្បន្ន វិសាខា ឈរលេខ១បណ្តោះអាសន្ន​នៅ​ក្នុងពូល G ដោយលទ្ធផលត្រឹមស្មើ នឹងធ្វើ​ឲ្យពួកគេ​ក្លាយជាក្រុម​ដំបូង​បំផុត​នៅ​កម្ពុជា ដែលឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ប្រចាំតំបន់ តែបើភ្លាត់ស្នៀតចាញ់ ពួក​គេ​ត្រូវអ៊ុតមើលលទ្ធផល​លេខ២នៃពូលផ្សេងទៀត។
 
ដោយឡែក ជ័យជម្នះរបស់ Kadah Aman លើក្រុម Kaya FC-Iloilo លទ្ធផល៤-១ គឺជាការលើកទឹកចិត្តដល់ក្រុម ដើម្បីដណ្ដើមឱកាសទៅវគ្គបន្ដ ក្រោយ​ចាញ់ Bali United ២-០។ Bali United និង Kedah សុទ្ធតែមាន៣ពិន្ទុស្មើគ្នា ហើយត្រូវការឈ្នះដាច់ខាត ខណៈ វិសាខា ត្រូវការឈ្នះ ឬស្មើ។ វិសាខា ត្រូវប្រកួតជាមួយ Kedah ខណៈ Bali United ត្រូវជួប Kaya FC-Iloilo។Aidil Sahak គ្រូបង្វឹក Kedah Aman និយាយថា៖«កីឡាករប្រឹងប្រែងជាងមុនទៀតសម្រាប់ការយកជ័យជម្នះ។ ជាក់ស្ដែង យើងនៅមានឱកាសសម្រាប់វគ្គបន្ទាប់ ដែលវគ្គបន្ទាប់នេះគឺជាកាដូដល់កីឡាកររបស់យើង។»។
 
ជំនួបពូល I៖ ភ្នំពេញក្រោនប្រកួត​បង្គ្រប់កិច្ច
 
ក្នុងថ្ងៃជាមួយគ្នានេះដែរ ភ្នំពេញក្រោន ក៏ត្រូវប្រកួតជាមួយ Young Elephants ក្លិបមកពីឡាវ បន្ទាប់ពីជំនួបរវាង Hougang និង ViettelFC។ ក្រុមមកពីសិង្ហបុរី និងក្រុម Viettel ប្រជែងយកលេខ១ក្នុងពូល។ 
 
ភ្នំពេញក្រោន បានចាញ់ពីរប្រកួត ដូច Young Elephants ដែលធ្វើឲ្យក្រុមទាំងពីរ​ត្រូវហាលអាវ​ដោយស្វ័យ​ប្រវត្តិ​ដូចគ្នា។​ភ្នំពេញក្រោន បាន​ចាញ់ Hougang ៤-៣ និង បន្តចាញ់ ម្ចាស់ផ្ទះវៀតណាមViettel ១-០ នៅកីឡដ្ឋាន Thong Nhat។
 

កីឡាករភ្នំពេញក្រោន គ្រប់គ្រងបាល់ ក្នុងជំនួបជាមួយ Viettel រូបពីក្លិបភ្នំពេញក្រោន

ទាក់ទង​នឹងក្រុម Young Elephants លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានវាយតម្លៃថា៖ «ខ្ញុំគិតថា ក្រុមពួកគេគឺជាក្រុម​ដែល​ខ្លាំង ពួកគេមាន​ការ​រៀបចំ​ល្អ ជាមួយនឹងការព្យាយាមគ្រប់គ្រងបាល់ ហើយមាន​លឿន។ បើទោះបីជា​ពួកគេ​ចាញ់២ប្រកួតពិតមែន ជាពិសេស​ក្នុងការប្រកួតជាមួយ​ក្រុមសិង្ហបុរី គឺពួកគេ​កាន់តែគ្រោះថ្នាក់។ គ្រាប់បាល់​តែងតែកើតឡើង​គឺនៅពេល​ដែលពួកគេបង្កើតកំហុស​លើ​កីឡាករម្នាក់​២ប៉ុណ្ណោះ»៕
 
 

Tag:
 បាល់ទាត់
  AFC
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com