ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តំណាងកម្ពុជាថា តុលាការកាត់ក្ដី មិនផ្អែកតាមពាក្យចចាមអារ៉ាម គឺផ្អែកលើព័ស្តុតាង
30, Jun 2022 , 4:29 pm        
រូបភាព
លោក អាន សុខខឿន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ៊។ រូបពី ហ្វេសប៊ុករបស់លោក សុខខឿន
លោក អាន សុខខឿន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ៊។ រូបពី ហ្វេសប៊ុករបស់លោក សុខខឿន
ភ្នំពេញ៖ តំណាងកម្ពុជាប្រចាំទីក្រុងហ្សឺណែវ អះអាងប្រាប់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា តុលាការកម្ពុជាជំនុំជម្រះក្ដី ដោយសម្អាងលើព័ស្តុតាងរឹងមាំជាក់ស្ដែង និងស្របតាមនីតិវិធីត្រឹមត្រូវ។ ការចោទថា សវនាកម្ពុជាធ្វើឡើងដោយផ្អែកលើហេតុផលនយោបាយ គឺធ្វើឡើងដោយបុរេនិច្ឆ័យ។

 
អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(UN) អំពាវនាវឲ្យកម្ពុជាពិនិត្យឡើងវិញជាបន្ទាន់ ចំពោះការកាត់ក្ដីលើក្រុមអ្នកនយោបាយបក្សប្រឆាំងនៅកម្ពុជា ក្នុងទ្រង់ទ្រាយធំលើកទី៣ ដោយមាន៤៣នាក់ ពីបទញុះញង់ និងរួមគំនិតក្បត់។ ប៉ុន្តែ តំណាងកម្ពុជា ខកចិត្តដែលអ្នកជំនាញសិទ្ធិមនុស្ស UN មិនយល់ពីអង្គហេតុនៃសំណុំរឿង។ 
 
សេចក្ដីថ្លែងការណ៍ព័ត៌មាន របស់ស្ថានបេសកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំ UN នៅទីក្រុងហ្សឺណែវ ចេញថ្ងៃទី២៨មិថុនា បានសង្កត់ធ្ងន់ថា តុលាការកម្ពុជាជំនុំជម្រះក្ដី មិនផ្អែកលើពាក្យចចាមអារ៉ាមឡើយ ពោលគឺតុលាការ អនុវត្តតាមនីតិវិធីច្បាប់ រួមជាមួយភស្តុតាងរឹងមាំ។ 
 
ភាគីកម្ពុជា បកស្រាយប្រាប់ទៅអ្នកជំនាញសិទ្ធិមនុស្ស UN ថា ការចាត់ទុកការអនុវត្តច្បាប់ជាការគាបសង្កត់នយោបាយ គឺជាការប្រមាថចំពោះ នីតិរដ្ឋ។ លើសពីនេះ គឺប្រមាថការអនុវត្តស្មើភាព ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ តំណាងកម្ពុជា ពន្យល់ថា ការកាត់ក្ដីក្រុមនយោបាយបក្សប្រឆាំងនាពេលថ្មីៗនេះ ដោយសារជាប់ពាក់ព័ន្ធនឹងផែនការវិលត្រឡប់ មកកម្ពុជារបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ ដែលញុះញង់ឲ្យមានការបះបោរដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ 
 
ក្នុងលិខិតរបស់លោក អាន សុខខឿន តំណាងកម្ពុជាប្រចាំទីក្រុងហ្សឺណែវ  បញ្ជាក់យ៉ាងដូច្នេះ៖ «សកម្មភាពខុសច្បាប់អស់ទាំងនេះ ធ្វើឡើងក្រោមលេសនៃផែនការវិលត្រឡប់ចូលប្រទេស ដែលធាតុពិតជា ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិ…»។ 
 
ជំវិញករណីអ្នកជំនាញសិទ្ធិមនុស្ស UN លើកឡើងពីការជំនុំជម្រះ ដោយមិនឲ្យជនជាប់ចោទចូលរួម ក្នុងសវនាការ ត្រូវបានតំណាងកម្ពុជាអះអាងថា មិនមែនជាករណីរឿងពិតឡើយ។ ករណីនេះ ជនចាប់ចោទ ជាអ្នកគេចខ្លួន ដោយមិនចង់ចូលខ្លួនតាមនីតិវិធីតុលាការ។ ភាគីកម្ពុជាបញ្ជាក់ថា ចុងចោទមានសិទ្ធិពេញលេញ ទទួលបានសិទ្ធិមេធាវី និងជំនុំជម្រះ តាមរយៈបង្ហាញទឡ្ហីករណ៍ ដើម្បីដាក់ភស្តុតាងសម្រាប់ដោះបន្ទុក។ 
 
ជាមួយគ្នាដែរ តំណាងកម្ពុជា ទទូចស្នើឲ្យអ្នកជំនាញសិទ្ធិមនុស្ស UN អនុវត្តតួនាទី ឲ្យម៉ឺងម៉ាត់តាមក្រមសីលធម៌។ 
 
សូមជម្រាបថា ថ្នាក់ដឹកនាំប្រឆាំង សកម្មជនប្រឆាំង និងអ្នកគាំទ្រខាងប្រឆាំង ដែលសរុបមានគ្នាដល់ទៅប្រមាណ៦០នាក់ ត្រូវបានតុលាការភ្នំពេញ ដាក់ទោសឲ្យជាប់ពន្ធនាគារ ចាប់ពី៥ឆ្នាំ ដល់៨ឆ្នាំ ពីបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ សាលក្រមស្តីពីការដាក់ទោសលើពួកគេ ត្រូវបានប្រកាស នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com