ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី ជម្រាបអយ្យការថា ៣កក្កដា ទើបលោក សុន ឆ័យ ចូលស្រុកវិញ
30, Jun 2022 , 6:29 pm        
រូបភាព
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន (រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន (រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពុំមានវត្តមាននៅចំពោះមុខតំណាងអយ្យការនៃតុលាការភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ តាមដីកាកោះហៅនោះទេ ដ្បិតលោក កំពុងស្ថិតក្នុងប្រទេសអូស្រ្តាលីនៅឡើយ។ តាមពិត លោក ជូង ជូងឺ មេធាវីរបស់លោក បានដាក់លិខិតជូនតំណាងអយ្យការរួចហើយ កាលពីថ្ងៃទី២៩ ខែមិថុនា ដើម្បីសុំឲ្យពន្យារពេលនៃការកោះហៅនេះ។



ក្នុងលិខិត លោកមេធាវី ជូង ជូងី ជម្រាបតំណាងអយ្យការថា លោក សុន ឆ័យ នឹងវិលចូលកម្ពុជាវិញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។ លោក ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា កាលណាកូនក្តី មានធុរៈនៅក្រៅប្រទេសដូច្នេះ ក្នុងនាមជាមេធាវី លោក ត្រូវដាក់លិខិតសុំឲ្យពន្យារពេលនៃការកោះហៅ។ 
 
លោកមេធាវី មានប្រសាសន៍បែបនេះថា៖«ពេលយើង ដាក់ពាក្យសុំពន្យារពេល ដោយមានមូលហេតុជាក់លាក់អ៊ីចឹងហើយ បើតំណាងអយ្យការ បែរជាចាប់ថ្នាក់អូសដំណើរ បានន័យថា វា ហួសហេតុពេក»។ 
 
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សរសេរសារបែបចំអកឲ្យលោក សុន ឆ័យ នៅក្នុងក្រុមតេឡេក្រាម ដែលប្រមូលផ្តុំដោយអ្នកកាសែតដូច្នេះថា៖«លោក សុន ឆ័យ ក្បត់ពាក្យសម្តីខ្លួន។ ថានឹងចូលខ្លួនមកដោះស្រាយជាមួយតុលាការ តែបែរជាសុំពន្យារពេលទៅវិញ»។ 
 
ការកោះហៅលោក សុន ឆ័យ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ គឺតំណាងអយ្យការ ធ្វើទៅតាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោក គី តិច ជាមេធាវី។ គណបក្សប្រជាជនកម្ពុជា ទាមទារឲ្យតុលាការ ដាក់ទោសលោក សុន ឆ័យ តាមច្បាប់ និងទាមទារប្រាក់សងជំងឺចិត្តជិត១លានដុល្លារពីលោក។ 
 
លោក សុន ឆ័យ និយាយជាមួយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ ស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់គណបក្សតែមួយ ហើយការរាប់សន្លឹកឆ្នោតទៀតសោធ មានការលួចបន្លំ។ គណបក្សតែមួយនេះ ទំនងជាលោក ចង់សំដៅលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ 
 
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏មិនអាចទទួលយកសម្តីរបស់លោក សុន ឆ័យ បានដែរ ហើយបានដាក់បណ្តឹងប្តឹងលោកតាមពីក្រោយគណបក្សប្រជាជនកម្ពុជា។ គ.ជ.ប ស្នើឲ្យតុលាការដាក់ទោសលោកតាមច្បាប់ និងទាមទារឲ្យលោក សុំទោសគ.ជ.ប។ តែគ.ជ.ប ពុំបានទាមទារឲ្យលោកបង់ប្រាក់ឡើយ។ តំណាងអយ្យការ កោះហៅលោកឲ្យចូលបំភ្លឺ នៅថ្ងៃទី១២ ខែកក្កដា ទៅលើបណ្តឹងរបស់គ.ជ.ប។ 
 
លោក សុន ឆ័យ ដែលមានសញ្ជាតិអូស្រ្តាលី បានចាកចេញពីកម្ពុជាទៅកាន់អូស្រ្តាលី កាលពីថ្ងៃទី១១ ខែមិថុនា ក្នុងលក្ខណៈបុគ្គល៕ 
 

Tag:
 សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com