ខណៈប្រេងឥន្ធនៈនៅទីផ្សារកម្ពុជានិងពិភពលោកបន្តឡើងថ្លៃឥតឈប់ឈរ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានជំរុញពលរដ្ឋឱ្យប្រើប្រាស់រថយន្តអគ្គិសនី ឬ រថយន្តប្រភេទHybrid ដែលស៊ីសាំងតិច។ សម្តេច បានបញ្ជាក់ថា ការប្រើប្រាស់រថយន្តប្រភេទនេះ គឺជួយកាត់បន្ថយចំណាយថ្លៃប្រេងឥន្ធនៈ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានថែមទៀត។
តម្លៃឧស័្មន(Gas) នៅកម្ពុជាបច្ចុប្បន្ន បានឡើងដល់៣៥ភាគរយ ខណៈប្រេងឥន្ធនៈបន្តឡើងថ្លៃខ្ពស់ ដែលបណ្តាលមកពីវិបត្តិសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន។ បញ្ហាប្រេងឥន្ធនៈឡើងឥតឈប់ឈរនេះ សម្តេច ហ៊ុន បានសុំការយោគយល់ពីពលរដ្ឋ ដោយជំរុញពួកគេឱ្យប្រើប្រាស់រថយន្តអគ្គិសនីវិញ ដើម្បីកាត់បន្ថយចំណាយលើថ្លៃប្រេងឥន្ធនៈ។
« ចំពោះអ្នកដែលមានលុយកាក់ល្មមៗគួរតែចាប់ផ្តើមផ្លាស់ប្តូរពីឥឡូវទៅ! នោះគឺការប្រើប្រាស់ឡានអាគុយ ឬឡានអាព្រូស[Prius] ដែលប្រើអាគុយផង ប្រើប្រេងផង»។ សម្តេចថ្លែងបែបនេះ ចេញពីពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ ដែលធ្វើឡើងក្នុងបរិវេណអាងទឹកត្រពាំងថ្ម នៃភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយបន្តមានប្រសាសន៍ថា ៖ «នេះជាការកាត់បន្ថយចំណាយ[លើថ្លៃប្រេង] ដែលយើងនៅតែអាចបន្តធ្វើដំណើរបាន គ្រាន់តែវាយឺតជាងមុន»។
ប្រមុខរាជរដ្ឋភិបាលរូបនេះ មើលឃើញថា ការប្រើប្រាស់រថយន្តអគ្គិសនីឬរថយន្តប្រភេទHybrid ដែលស៊ីសាំងតិចនេះ គឺមិនត្រឹមជួយកាត់បន្ថយចំណាយរបស់ពលរដ្ឋលើថ្លៃឥន្ធនៈប៉ុណ្ណោះទេ តែថែមទាំងជួយកាត់បន្ថយគ្រោះថ្នាក់ចរចារណ៍ និងការបំពុលបរិស្ថានបាន ថែមទៀត។
រយៈពេល៥ខែឆ្នាំ២០២២ មានរថយន្តអគ្គិសនី(EV)ជាង៨០គ្រឿង ត្រូវបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ចំនួនរថយន្តអគ្គិសនីដែលអ្នកប្រើប្រាស់យកមកចុះបញ្ជីនេះ គឺកើនរហូតដល់ជាង៨០០ភាគរយ បើធៀបរយៈពេលដូចគ្នា កាលឆ្នាំ២០២១។
លោក ធ្លាប់និយាយក្នុងកម្មវិធី MPWT LIVE SHOW នាព្រឹកថ្ងៃទី២៧ឧសភា ថា អ្នកប្រើប្រាស់រថយន្តអគ្គិសនី គឺចំណេញពន្ធលើការនាំចូល ដោយរដ្ឋបានបញ្ចុះអត្រាពន្ធនេះ នៅត្រឹម៦៣ភាគរយប៉ុណ្ណោះ ខណៈការនាំចូលរថយន្តដែលប្រើប្រាស់ឥន្ធនៈវិញ មានអត្រាពន្ធរហូតយដល់១២០ភាគរយ។
ក្រៅពីនេះ អ្នកប្រើប្រាស់រថយន្តអគ្គិសនី គឺចំណាយថ្លៃអគ្គិសនីដែលមានតម្លៃថោកជាង ៣ដង បើធៀបនឹងការប្រើប្រាស់រថយន្តដំណើរការដោយប្រេងឥន្ធនៈ។ ជាមួយគ្នានេះ ការចំណាយសម្ភារ ឬគ្រឿងបង្គុំរថយន្តអគ្គិសនី ក៏មានតម្លៃតិចជាងរថយន្តដែលប្រើដោយប្រេងឥន្ធនៈ ដែរ។ នេះជាការរៀបរាប់បន្ថែមរបស់លោករដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន។
បច្ចុប្បន្ន សាំងធម្មតាមានតម្លៃ ៥ ៨០០រៀល និងម៉ាស៊ូតមានតម្លៃ ៦ ២០០រៀលក្នុងមួយលីត្រ។ នេះជាតម្លៃលក់រាយនៅទីផ្សារកម្ពុជា ដែលក្រសួងពាណិញ្ជកម្មកំណត់ឱ្យម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈ អនុវត្តដល់ថ្ងៃទី១០កក្កដា ឆ្នាំ២០២២៕