ជាតិ
បឹងតាមោក៖ តំណាងពលរដ្ឋ២៥០គ្រួសារ យកញត្តិទៅដាក់នៅស្ថាប័នរដ្ឋាភិបាល និងរដ្ឋសភា
01, Jul 2022 , 4:29 pm        
រូបភាព
ពលរដ្ឋសហគមន៍សំរោងត្បូងសុំអន្តរាគមន៍នាពេលកន្លងមក។ រូបពីហ្វេសប៊ុក Nita Nita ពលរដ្ឋក្នុងសហគមន៍បឹងតាមោក
ពលរដ្ឋសហគមន៍សំរោងត្បូងសុំអន្តរាគមន៍នាពេលកន្លងមក។ រូបពីហ្វេសប៊ុក Nita Nita ពលរដ្ឋក្នុងសហគមន៍បឹងតាមោក
ភ្នំពេញ៖ តំណាងពលរដ្ឋ២៥០គ្រួសារ យកញត្តិទៅដាក់ក្រសួងដែនដី ទីស្ដីការគណៈរដ្ឋមន្រី្ត និងរដ្ឋសភា​ ដើម្បីសុំអន្តរាគមន៍ផ្ដល់ដីកម្មសិទ្ធិឲ្យពួកគេរស់នៅស្របច្បាប់ ខណៈអាជ្ញាធរបន្តលប់បឹងតាមោកជាបន្តបន្ទាប់។ ពលរដ្ឋទាំងនោះ អះអាងថា ពួកគេរស់នៅនិងអាស្រ័យផលនៅជុំវិញបឹងតាមោក តាំងពីអំឡុងឆ្នាំ១៩៩០។

 
អ្នកស្រី ផន សុខុម តំណាងពលរដ្ឋសហគមន៍សំរោងត្បូង ខណ្ឌព្រែកព្នៅ រៀបរាប់ថា សហគមន៍របស់អ្នកស្រី មានផ្ទះ១០៨ខ្នង ដែលស្មើនឹង២៥០គ្រួសារ ហើយភាគច្រើនមានមុខរបរចិញ្ចឹមត្រី​នៅបឹងតាមោក។ ប៉ុន្តែ មួយរយៈចុងក្រោយនេះ អាជ្ញាធរបានចាប់ផ្ដើមលុបបឹងដល់តំបន់សហគមន៍អ្នកស្រី បណ្ដាឲ្យពលរដ្ឋបារម្ភពីការបាត់បង់មុខរបរនិងទីជម្រក។ 
 
ដោយក្ដីបារម្ភ ពីការបាត់បង់មុខរបរនិងទីជម្រក ហើយពុំមានសំណងសមរម្យ ទើបនៅព្រឹកថ្ងៃទី១កក្កដានេះ ពលរដ្ឋសហគមន៍សំរោងត្បូង ប្រមូលគ្នាយកញត្តិទៅដាក់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទីស្ដីការគណៈរដ្ឋមន្រី្ត ហើយបន្តទៅដាក់នៅរដ្ឋសភា។ ការបន្តដាក់ញត្តិជាហូរហែរ នៅថ្ងៃនេះ ដោយសារកន្លងពួកគេបានដាក់នៅតាមសង្កាត់ ខណ្ឌ សាលក្រុងរាជធានីភ្នំពេញ រួមទាំងខុទ្ធកាល័យសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត រួមមកហើយ ប៉ុន្តែពុំមានដំណោះស្រាយ។ យ៉ាងណាក្ដី ពលរដ្ឋដែលនាំគ្នាដាក់ញត្តិនៅថ្ងៃនេះ បាននិយាយថា បើនៅតែពុំមានដំណោះស្រាយ ពួកគេមានគម្រោងនាំគ្នាទៅជួប សម្ដេច ហ៊ុន សែន ដើម្បីសុំឲ្យជួយរកដោះស្រាយ។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ អ្នកស្រី ផន សុខុម ថ្លែងថា ពលរដ្ឋក្នុងសហគមន៍ចង់ឲ្យអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិកម្មនៅតំបន់ដែលពួកគេរស់នៅ ខណៈអាជ្ញាធរលុបបឹងតាមោកបណ្ដាលឲ្យបាត់បង់របរចិញ្ចឹមត្រី និងការអាស្រ័យផលផ្សេងទៀត ជុំវិញបឹង។ សហគមន៍អ្នកស្រី រំពឹងថា អាចនឹងមានរបរថ្មី ក្រោយតំបន់នេះអភិវឌ្ឍ។ 
 
«​ពួកខ្ញុំរស់នៅតាំងពីឆ្នាំ១៩៩០មក(ក្បែរបឹងតាមោក) ហើយបើឲ្យចេញទៅកន្លែងផ្សេងជាតំបន់ដាច់ស្រយាល រស់នៅលក់ដូរអ្វីមិនកើតទេ។ បើកន្លែងចាស់(បឹងតាមោក)មានការអភិវឌ្ឍ ពួកខ្ញុំសង្ឃឹមថាបានលក់ដូរតំបន់នេះ ព្រោះលុបបឹងអស់ចិញ្ចឹមត្រីអត់កើតមានតែលក់ដូរវិញ»។ នេះបើតាមអ្នកស្រី សុខុម ដែលស្នើឲ្យភាគីពាក់ព័ន្ធជួយរកដំណោះស្រាយ ធ្វើយ៉ាងឲ្យពួកគេមានដីធ្លីរស់នៅ ដែលអាចប្រកបមុខរបរបានសមរម្យ។ 
 
​​ជុំវិញបញ្ហាដីធ្លីសហគមន៍សំរោងត្បូងតំបន់បឹងតាមោកនេះ លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា រាល់សំណើរឬញត្តិពលរដ្ឋ គឺមន្រី្តតែងតែទទួល ប៉ុន្តែលោកពុំទាន់បានឃើញឬពិនិត្យមើលទេ។ លោកថាជាទូទៅ មាននីតិវិធីដោះស្រាយច្រើនយ៉ាង ហើយទាមទារតម្រូវឲ្យមានឯកសារត្រឹមត្រូវ និងដំណើរការស្របតាមផ្លូវច្បាប់។
 
លោកបានពន្យល់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទយ៉ាងដូច្នេះ៖ «ការតវ៉ាណាដែលគ្មានលក្ខណៈផ្លូវច្បាប់គ្រប់គ្រាន់ទេនោះ មិនអាចដោះស្រាយបានទេ។ គ្រប់សំណើរទាមទារឲ្យដោះស្រាយទាំងអស់ពុំមែនសុទ្ធតែមានឯកសារគ្រប់គ្រាន់នោះទេ បើសំណើរគ្មានឯកសារគ្រប់គ្រាន់ក៏មិនអាចដំណើរការដោះស្រាយទៅបានដែរ»។
 
ពាក់ព័ន្ធនឹងករណីទាមទារឲ្យចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ប្រជារាស្រ្តសហគមន៍បឹងតាមោកនេះ លោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ​យល់ថា រដ្ឋាភិបាលគួរសិក្សាពីលទ្ធភាពក្នុងការចេញប្លង់ដីឲ្យពួកគេ។ ដោយសារ មន្រី្តសង្គមស៊ីវិលរូបនេះ តាមដានឃើញថា កន្លងមក រដ្ឋបានកាត់ដីឲ្យក្រុមហ៊ុនឯកជននិងស្ថាប័នរដ្ឋជាច្រើនកន្លែង។ ដូច្នេះ ពលរដ្ឋដែលរស់នៅនិងអាស្រ័យផលនៅទីនោះ ក៏សមគួរនឹងទទួលបានសំណងសមរម្យដែរ។
 
«ខ្ញុំពិនិត្យឃើញអាជ្ញាធរមានគម្រោងប្រគល់ដីតំបន់ផ្សេង ដែលមានទីតាំងឆ្ងាយពីតំបន់សហគមន៍ទាំងនោះរស់នៅ ទើបមានការតវ៉ា។ ដូច្នេះ រដ្ឋក៏គួរចរចារគ្នានិងសិក្សាលទ្ធភាពប្រគល់ដីតំបន់នោះជាសំណងដល់ពួកគាត់វិញដែរ»។ នេះជាការលើកឡើងរបស់លោក អំ សំអាត​ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ នៅថ្ងៃទី១កក្កដា។

កន្លងមក លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានរិះគន់ដោយប្រយោលថា ដូនតាសម័យយអង្គរ បានជីកស្រះ ជីកបារាយណ៍ ជីកកសិន្ធ ដើម្បីរក្សាទឹកទុក សម្រាប់ធ្វើកសិកម្ម ឬទប់ទឹកជំនន់ ។ ប៉ុន្តែអ្នកមានសម័យថ្មីនេះ គិតតែពីផលប្រយោជន៍ផ្ទាល់ ដើម្បីប្រាក់ចំណេញ ដោយមិនគិតពីប្រយោជន៍រួម។  លោក សុខ ទូច ថ្លែងបែបនេះ ក្រោយឃើញសកម្មភាពឡានដឹកដីចាក់លុបបឹកតាមោក។

ចំណែកលោក ហេង គីមហុង ប្រធានផ្នែកកម្មវិធី និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) មើលឃើញពីការមិនគិតគូពីផលប៉ះពាល់លើពលរដ្ឋ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ដែលកើតមានជាហូរហែ ដោយពុំមែនមានតែករណីលុបបឹងឡើយ។ ចំពោះការអភិវឌ្ឍនេះ លោក គីមហុង យល់ថា រដ្ឋាភិបាលគួរគិតឲ្យបានវែងឆ្ងាយ ដោយរក្សាបឹងទុក ដើម្បីជួយទប់ទឹកភ្លៀង ជាពិសេសទឹកជំនន់។ 
 
«រដ្ឋាភិបាលគួរពិចារណា ស្វែងរកដំណោះស្រាយដោយរក្សាបឹងទុក មិនគួរឲ្យមានការអភិវឌ្ឍណាមួយឡើយ។ យើងដឹងហើយថាផ្ទៃដីបឹងតាមោក សំខាន់ក្នុងការរក្សាស្តុកទឹកទុក ហើយក៏ជាផ្នែកមួយសម្រាប់ឲ្យពលរដ្ឋអាស្រ័យផលនៅតំបន់បឹងបានផងដែរ»។ នេះជាការលើកឡើងរបស់លោក ហេង គីមហុង ដោយបន្ថែមថា ការអភិវឌ្ឍណាបង្កផលប៉ះពាល់នោះ គឺជារឿងអយុត្តិធម៌សម្រាប់ពលរដ្ឋ ខណៈអ្នកវិនិយោគចំណេញ។ 
 
ទោះមានការមតិរិះគន់ ជុំវិញការលុបបឹង និងការអភិវឌ្ឍ យ៉ាងណាក្ដី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមកបានបង្ហាញពីមោទកភាពចំពោះការអភិវឌ្ឍន៍រាជធានីភ្នំពេញ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ «ខ្ញុំស្អប់បំផុតពេលទឹកជំនន់ម្តងៗ ជេរនោះជេរ ថាឯងលុបបឹង»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល នាពេលសម្ពោធអគារក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។
 
បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិធំជាងគេនៅរាជធានីភ្នំពេញ ដែលមានទំហំសរុបចំនួន ៣២៣៩,៧ហិកតា។ គិតត្រឹមចុងឆ្នាំ២០២១នេះ រដ្ឋាភិបាលបាន​កាត់ផ្ទៃដីបឹកតាមោក ប្រគល់​ទៅឱ្យបុគ្គលឯកជន និងស្ថាបនសាធារណៈយ៉ាងតិច៤៦ដង គឺមានទំហំ២០៩៤ហិកតា ឬស្នើនឹង៦៥ ភាគរយនៃផ្ទៃបឹងទាំងមូល។ ជុំវិញបឹងនេះ មាន​ប្រជា​ពលរដ្ឋប្រហែល៣០០គ្រួសារ ហើយភាគច្រើនពួកគាត់ប្រកបមុខរបរ នេសាទ ចិញ្ចឹមត្រី ដាំឈូក និងលក់ដូរ តាមផ្ទះតិចតួចជាដើម។ នេះបើតាមរបាយការណ៍របស់សមាគមនធាងត្នោត និងបណ្ដាសង្គមស៊ីវិលដទៃទៀត៕ 
 
 

Tag:
 បឹងតាមោក
© រក្សាសិទ្ធិដោយ thmeythmey.com