កីឡាជាតិ
ជាតិ
ការពិត៥យ៉ាង បញ្ជាក់ពីសក្ដានុពលរបស់ កីឡាការិនី ខាន់ ចេសា
02, Jul 2022 , 9:30 am        
រូបភាព
ខាន់ ចេសា ទទួលមេដាយមាស ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន
ខាន់ ចេសា ទទួលមេដាយមាស ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន
កញ្ញា ខាន់ ជេសា គឺជាកីឡាការិនី វ័យក្មេងរបស់កម្ពុជា និងម្ចាស់ខ្សែក្រវ៉ាត់ពណ៌ខ្មៅ កីឡាJiu-Jitsu ដែលទទួលស្គាល់ដោយ សហព័ន្ធកីឡា Jiu Jitsu ប្រេស៊ីលអន្ដរជាតិ។ ការពិត៥យ៉ាង បញ្ជាក់ពីសក្ដានុពលរបស់កីឡាការិនីរូបនេះ។


គេហទំព័រ One Championship បានផ្សាយពីភាពលេចធ្លោ៥យ៉ាង ដែលកីឡាការិនីរូបនេះ ធ្វើឲ្យអ្នកគាំទ្រកម្ពុជា ជាច្រើនផ្ដល់ក្ដីសង្ឃឹម ក្នុងការប្រកួតអន្ដរជាតិផ្សេងៗ។ ចំណុចទី១ គឺ ខាន់ ចេសា ចេះគ្រប់គ្រងស្ថានភាពប្រកួតទាំងវ័យក្មេង។ កីឡាការិនីរូបនេះ អាចបត់បែនតាមកាលទេសៈ ដូចជាកីឡាការិនី ដែលមានបទពិសោធន៍ច្រើនឆ្នាំ។ នេះ ជាភាពខ្លាំងមួយ ក្នុងពេលប្រកួត ដែលធ្វើឲ្យដៃគូពិបាករកចំណុចខ្សោយរបស់ ចេសា។ ជាឧទាហរណ៍ ការប្រកួតស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន នាឆ្នាំ២០១៩ កីឡាការិនីកម្ពុជារូបនេះ បានយកឈ្នះ  Jenna Napolis កីឡាការិនីហ្វីលីពីន នៅវគ្គផ្ដាច់ព្រ័ត្រ លើប្រភេទកីឡា Jiu Jitsu ក្នុងពិន្ទុ ១០០-០។
 
ចំណុចទី២ គឺ ការសម្រេចបាននៅខ្សែក្រវ៉ាត់ខ្មៅ ក្នុងកីឡា Jiu Jitsu។ ក្នុងអាយុ១៨ឆ្នាំ ខាន់ ចេសា ឈ្នះខ្សែក្រវ៉ាត់ខ្មៅ (Brazilian Jiu Jitsu ហៅកាត់ BJJ) ក្នុងខែតុលា ឆ្នាំ២០២០។ កីឡាការិនីវ័យ២០ឆ្នាំនេះ បន្ដពង្រឹងសមត្ថភាពខ្លួនបន្ថែម រហូតឈ្នះមេដាយមាស លំដាប់ពិភពលោក និងឈ្នះមេដាយមាស ការប្រកួតកីឡា Jiu Jitsu ក្នុងព្រឹត្តិការណ៍  IBJJF Pan Championship ដែលរៀបចំដោយ សហព័ន្ធកីឡាJiu Jitsu ប្រេស៊ីលអន្ដរជាតិ។
 
ចំណុចទី៣ ការហ្វឹកហាត់ជាមួយគ្រូ លំដាប់អន្ដរជាតិ និងកម្រិតខ្ពស់។ ជាមួយការតស៊ូ និងស្ថានភាពគ្រួសារ ខាន់ ចេសា មានលទ្ធភាព ចូលហ្វឹកហាត់ជាមួយគ្រូ ដែលមានកម្រិតខ្ពស់ជាច្រើន។ ចេសា ហ្វឹកហាត់និងពង្រឹងសមត្ថភាព រហូតក្លាយទៅជានារីម្នាក់ ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ដ្រក្នុងកីឡា Jiu Jitsu នៅសហរដ្ឋអាមេរិក។ ទោះជាបានសម្រេចសមិទ្ធផលជាច្រើនហើយក៏ដោយ កីឡាការិនី កម្ពុជា-អាមេរិករូបនេះ នៅតែបន្ដប្រឹងប្រែង ពង្រឹងសមត្ថភាព ដោយគិតថានៅមានសមិទ្ធផលជាច្រើនទៀត ដែលត្រូវសម្រេច។
 
ចំណុចទី៤ គឺការឈ្នះមេដាយមាស សម្រាប់កម្ពុជា។ ដោយមានឪពុកជាជនជាតិខ្មែរ កីឡាការិនី ខាន់ ចេសា បានប្រកួតតំណាងឲ្យកម្ពុជា ក្នុងការប្រកួតស៊ីហ្គេម ក្នុងឆ្នាំ២០១៨ និង២០១៩។ បើទោះជាវិន័យ និងច្បាប់ប្រកួតកីឡាJiu Jitsu ក្នុងស៊ីហ្គេម មិនដូចគ្នាទាំងស្រុង ទៅនិង BJJ តែ ចេសា នៅតែអាចប្រកួតដណ្ដើមមេដាយមាស ជូនកម្ពុជាបាន។ អ្វី គួរឲ្យសោកស្ដាយនោះ កីឡាការិនីរូបនេះ ខកខានការប្រកួតស៊ីហ្គេមនៅវៀតណាម ព្រោះឡើងគីឡូ មុនពេលប្រកួត។
 
ចំណុចទី៥ គឺការចែករំលែក ចំណេះដឹង និងបង្វឹកអ្នកជំនាន់ក្រោយ។ ក្នុងនាមរៀមច្បងក្នុងវិស័យកីឡា Jiu Jitsu ខាន ចេសា ដឹងច្បាស់នូវក្ដីស្រមៃ របស់អ្នកជំនានក្រោយ។ រាមច្បងរូបនេះ បានធ្វើជាគ្រូបង្វឹកដល់ពួកគេផង និងជាគំរូសម្រាប់ពួកគេផង។
 
ទាំង៥ចំណុចនេះ អាចបញ្ជាក់ពីភាពខ្លាំងរបស់កីឡាការិនី ខាន់ ចេសា។ គួររំលឹកថា ចេសា នឹងបង្ហាញខ្លួនប្រកួតដំបូង ក្នុងសង្វៀន One Championship នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ក្នុងប្រភេទទម្ងន់ ៤៨គីឡូក្រាម ដោយត្រូវប្រកួតជាមួយ AMANDA ALEQUIN កីឡាការីនីអេក្វាឌ័រ។
 
 

Tag:
 ប្រដាល់
  One Champion
© រក្សាសិទ្ធិដោយ thmeythmey.com