ជាតិ
ពលរដ្ឋខេត្តសៀមរាបងាកមកដាំដំណាំកាកាវ ដែលផ្តល់ផ្លែគ្រប់រដូវ និងមានទីផ្សារល្អ
03, Jul 2022 , 9:00 pm        
រូបភាព
សៀមរាប៖ កសិករនៅខេត្តសៀមរាប ចាប់អារម្មណ៍លើដំណាំកាកាវកាន់តែច្រើន ក្រោយដាំសាកល្បងបានជោគជ័យ និងមានទីផ្សារល្អ មិនពិបាកពេលប្រមូលផល។ កាកាវ ជាដំណាំកសិឧស្សាហកម្ម ដែលមានទីផ្សារល្អនៅក្នុងតំបន់ និងពិភពលោក។

 
លោក អ៊ន់ ពិជ័យ ជាកសិករមួយរូបនៅស្រុកបន្ទាយស្រី ដែលកាលពី ២ឆ្នាំមុន បានចាប់ផ្តើមដាំដំណាំកាកាវជាលក្ខណៈគ្រួសារ ចំនួន៥០០ដើម។ ​ កសិកររូបនេះប្រាប់ថា ​បច្ចុប្បន្ន លោកអាចប្រមូលកាកាវ ចន្លោះពី៥០ ទៅ៨០គីឡូក្រាម ក្នុងមួយសប្តាហ៍ ដោយការប្រមូលផល គឺចាប់ផ្តើមតាំងពីខែមេសាមកម្ល៉េះ។ បើតាមកសិកររូបនេះ កាកាវ នឹងហុចផលកាន់តែច្រើន នៅពេលវាអាយុចាប់ពី ៤-៥ ឆ្នាំ។ បច្ចុប្បន្ន លោក ពិជ័យ អាចលក់កាកាវបានតម្លៃ ១ ២០០រៀល ក្នុងមួយគីឡូក្រាម។ នេះបើតាមការបញ្ជាក់ពីលោក ពិជ័យ។
 
 លោក អ៊ន់ ពិជ័យ កសិករដាំកាកាវនៅស្រុកបន្ទាយស្រី 

កសិករនៅឃុំខ្នារសណ្ដាយរូបនេះ បានប្រាប់ទៀតថា លោកបានដាំដំណាំកាកាវ តាមរយៈក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះ ហ្វាមីលីកាកាវ (Family Cacoa) និងក្រោយពេលលោកសិក្សាបន្ថែមលើបណ្ដាញសង្គម។ ពិសេសទៀតនោះ គឺក្រុមហ៊ុនមួយនេះ មានកុងត្រាទិញផ្លែត្រឡប់វិញត្រឹមត្រូវ មានស្ថិរភាព ហើយកសិករ មិនបាច់បារម្ភរឿងទីផ្សាឡើយ។ លោក ពិជ័យ៖« ដ្បិតថ្មីនៅកម្ពុជា ជាដំណាំថ្មី តែវាជាដំណាំមានទីផ្សារល្អលើពិភពលោក។ ហើយអ្វីកាន់តែទុកចិត្តទៀតនោះ គឺក្រុមហ៊ុនមានកុងត្រាទិញវិញ វាជាស្ថិរភាពមួយ ដោយមិនចាំបាច់បារម្ភទីផ្សារ។ កុងត្រា១០ឆ្នាំដំបូង គឺប្រមូលទិញមួយគីឡូ ១២០០រៀល»។ 
 


កសិករនៅភូមិព្រះដាក់ គឺលោក យឿន យឿម បានដាំកាកាវនៅដីទំនេរក្រោយផ្ទះ ខ្លះដាំលាយឡំនឹងដំណាំហូបផ្លែដទៃទៀត មានចេក និងដូងជាដើម។ លោក យឿម ដាំកាកាវដំបូងចំនួន២០ដើម បន្ទាប់មក៣០ដើម និងក្រោយមកទៀតជាង៥០ដើម ដែលសរុបជាង១០០ដើមហើយ។ 
 
លោក យឿន យឿម ប្រាប់អ្នកសារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖« និយាយទៅ ខ្ញុំដាំមិនដល់២ឆ្នាំពេញទេ វាផ្លែមុន តែផ្លែមិនដំណាលគ្នាទេ...រាល់ថ្ងៃបេះលក់ឱ្យក្រុមហ៊ុនមួយខែបាន២ដង ខែខ្លះបេះបានម្ដង អាស្រ័យវាទុំ បេះម្ដងបាន១៥ទៅ៣០គីឡូដែរ»។ 
 
 
បច្ចុប្បន្នពលរដ្ឋនៅឃុំព្រះដាក់ចំនួន៨គ្រួសារហើយ ដែលកំពុងដាំដំណាំកាកាវ ដែលសរុបបានជាង១ពាន់ដើម។ តាមការបញ្ជាក់ពីលោក យឿន យឿម កសិករខ្លះចាប់អារម្មណ៍ចង់ដាំដែរ តែដោយសារខ្វះដី និងធនធាន ព្រោះដើមកាកាវមានតម្លៃរៀងថ្លៃគួរសម គឺកូនមួយដើមថ្លៃ៣ដុល្លារ។ 
 
យ៉ាងណាមិញ កសិករដែលបានដាំសាកល្បង និងទទួលផលពីដំណាំកាកាវ បានលើកទឹកចិត្តដល់កសិករផ្សេងទៀត ពិចារណាដាំដំណាំមួយនេះ ព្រោះវាធន់នឹងអាកាសធាតុ មិនរើសដី និងអាចផ្លែជាប់រហូត ហើយមានអាយុរហូតដល់៦០ឆ្នាំ ឬលើសពីនេះ។ 
 
លោក យឿន យឿម៖« ខ្ញុំដាំដូងខ្មែរយើងនោះ ចូល១០ឆ្នាំទើបផ្លែ ដល់ដាំដំណាំកាកាវនេះខ្ញុំដាំបានតែ១ឆ្នាំ៨ខែបានផ្លែខ្លះ លឿន ខ្ញុំសប្បាយចិត្ត ព្រោះយើងឆាប់បានទទួលផល រហូតដល់ចូលឆ្នាំនេះ បានវាបានផ្លែច្រើនទៅវាធូរដែរ។ ដំណាំនេះដាំងាយស្រួល តែប្រសិនយើងអត់ទឹក ការលូតលាស់ក៏មិនផ្លែដែរ មួយទៀតគឺយកចិត្តទុកដាក់រឿងជី កាលណាដាក់ជីច្រើន ដំណាំយើងក៏ហុចផលបានច្រើនដែរ»។ 
 


លោក អ៊ន់ ពិជ័យ៖« កសិករដែលមានដីទំនេរចោល ឬនៅផ្ទះ អាចជ្រើសរើសដាំជាលក្ខណៈគ្រួសារ ព្រោះដំណាំនេះមានកុងត្រាទីផ្សារស្រាប់ មិនចាំបាច់បារម្ភទីផ្សារទេ ព្រោះកសិករសព្វថ្ងៃបារម្ភរឿងទីផ្សារ ខ្លាចដាំហើយមិនដឹងទៅណាទេ ហើយកាលណាយើងមានចំណូលសមរម្យពីដំណាំនេះ យើងមិនបាច់ចំណាកស្រុកទៅក្រៅទេ។ បើសិនជ្រើសរើសដាំហើយ ត្រូវស្រឡាញ់ ថែឱ្យល្អបន្ដិច ពិសេសប្រព័ន្ធទឹក»។ 
 
នាយិកាក្រុមហ៊ុនហ្វាមីលីកាកាវ អ្នកស្រី ស៊ុំ សុរង្សី បានចាប់ផ្តើមនាំពូជដើមកាកាវពីប្រទេសថៃ មកចែកចាយនៅស្រុកខ្មែរអំឡុងឆ្នាំ២០១៨។ ធ្លាប់ជាកសិករដែលរងគ្រោះដោយសារលក់ទិន្នផលបានថោក ធ្វើឱ្យអ្នកស្រីព្យាយាមសិក្សា និងរកឱកាសវិនិយោគ និងកែច្នៃដំណាំកាកាវនៅក្នុងស្រុក។ 
 
ដ្បិតថា ជាដំណាំដែលមានទីផ្សារល្អក៏ពិតមែន តែការផ្សព្វផ្សាយដំបូងមានភាពលំបាកខ្លាំង ព្រោះកសិករខ្លះមិនទាន់ទុកចិត្ត។ អ្នកស្រី ស៊ុំ សុរង្សី ពន្យល់ថា៖« ពិបាកមែនទែន ព្រោះកសិករយល់ថា ជាដំណាំបោកបញ្ឆោតដូចដំណាំមុនៗ គ្រាន់តែជាការលក់ពូជ។ តែគោលការណ៍ក្រុមហ៊ុនខ្ញុំ ទី១ ពេលលក់ពូជដល់កសិករ ទាល់តែចុះសិក្សាច្បាស់លាស់ មានទឹកស្រោចស្រពគ្រប់គ្រាន់ ដីមិនលិចទឹក ហើយអាចមានកម្លាំងមើលថែ មិនផ្តោតលើការលក់ពូជច្រើន តែគ្មានគុណភាពត្រឡប់វិញ ព្រោះថា ក្រុមហ៊ុនទូទាត់ពូជមុន៧០ភាគរយ ៣០ទៀត ពេលបេះផ្លែ អ៊ីចឹងពេលបាត់បង់ដូចជាជួបគ្រោះទឹកជំនន់ ឬឆេះព្រៃ ៣០ភាគរយទៀត មិនបានយកពីកសិករទេ យើងចាត់ទុកជាអាសាបង់»។
 

 អ្នកស្រី ស៊ុំ សុរង្សី នាយិកាក្រុមហ៊ុនហ្វាមីលីកាកាវ

បច្ចុប្បន្ន កសិករនៅតាមបណ្ដាខេត្តក្រុងចំនួន២០ហើយ ដែលបានជ្រើសរើសពូជកាកាវឈុំផននឹង ពីក្រុមហ៊ុនហា្វមីលីកាកាវ ទៅដាំ ក្នុងនោះច្រើនជាងគេមានខេត្តកំពង់ចាម ត្បូងឃ្មុំ និងពោធិ៍សាត់។ 
 
ដ្បិតទើបមានវត្តមានប្រមាណ៣ឆ្នាំនៅក្នុងស្រុក និងទើបប្រមូលផលកាកាវបានថ្មីថ្មោង ក្នុងមួយសប្ដាហ៍ ក្រុមហ៊ុនមួយហ្វាមីលីកាកាវរបស់អ្នកស្រី ស៊ុំ សុរង្សី អាចប្រមូលផ្លែកាកាវពីបណ្ដាកសិករជុំវិញបានប្រមាណ៥០០គីឡូក្រាម ឬប្រមាណ៣តោនក្នុងមួយខែ។ នៅរយៈពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុនគ្រោងបើកសិប្បកម្មកែច្នៃកាកាវជាភេសជ្ជៈ ដែលមានទីតាំងនៅស្រុកពួក និងគម្រោងបើករោងចក្រកែច្នៃជី ប្រេង ម្សៅ និងតែ នៅស្រុកស្វាយលើ ដែលកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុននៅប្រទេសថៃ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មកាកាវនៅស្រុកខ្មែរ៕
 










Tag:
 កាកាវ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com