កីឡាជាតិ
ជាតិ
កីឡាកាយវប្បកម្មកម្ពុជា រំពឹងយកមេដាយមាសនៅស៊ីហ្គេមលើកទី៣២
03, Jul 2022 , 3:00 pm        
រូបភាព
ប្រធានសហព័ន្ធកាយវប្បកម្មកម្ពុជា លោក តឹក ប៊ុនវី (អាវខ្មៅដៃខ្លីកណ្តាល)និងកីឡាករកាយវប្បកម្មកម្ពុជាពីររូប (រូបពី៖ថ្មីៗ)
ប្រធានសហព័ន្ធកាយវប្បកម្មកម្ពុជា លោក តឹក ប៊ុនវី (អាវខ្មៅដៃខ្លីកណ្តាល)និងកីឡាករកាយវប្បកម្មកម្ពុជាពីររូប (រូបពី៖ថ្មីៗ)
ដោយ៖ហៀក ឆក
ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ដាក់គោលដៅ យកមេដាយមាសយ៉ាងហោចណាស់៣គ្រឿង នៅព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។



បន្ទាប់ពីអាក់ខានទទួលបានលទ្ធផលល្អនៅព្រឹត្តការណ៍ស៊ីហ្គេម ក៏ដូចជាព្រឹត្តការណ៍អន្តរជាតិផ្សេងៗ ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា លោក តឹក ប៊ុនវី បានខិតខំប្រឹងប្រែងដឹកនាំអត្តពលិកកាយវប្បកម្មកម្ពុជាហ្វឹកហាត់ ដើម្បីត្រៀមសម្រាប់ព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២។
 
ជាមួយនឹងការត្រៀមលក្ខណៈនេះ លោក ប៊ុនវី មានក្តីរំពឹងខ្ពស់ក្នុងការឈោងចាប់យកមេដាយមាសនៅស៊ីហ្គេមលើកទី៣២ តាមរយៈផែនការបញ្ជូនអត្តពលិកហ្វឹកហាត់ និងចេញទៅប្រកួតនៅក្រៅប្រទេស និងការរៀបចំការប្រកួតថ្នាក់ជាតិផងដែរ ។

 
 
អតីតម្ចាស់មេដាយមាសអន្តរជាតិ លោក ប៊ុនវី បានផ្តល់បទសម្ភាសន៍ផ្ទាល់ជាមួយសារពត៌មានថ្មីៗថា «យើងក្នុងព្រឹត្តការណ៍ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម២០២៣ហ្នឹង យើងត្រៀមកីឡាករ៣០នាក់ អ៊ីចឹងដើម្បីចូលរួមក្នុងព្រឹត្តការណ៍ហ្នឹងហើយយើងសង្ឃឹមថានឹងទទួលបានមេដាយមាសយ៉ាងតិចក៏ ៣មេដាយមាសដែរ»។ 
 
ប្រធានសហព័ន្ធ រូបនេះ កំពុងយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបណ្តុះបណ្តាលកីឡាករបន្ថែមទៀត នូវចំណុចខ្វះខាត ដើម្បីត្រៀមលក្ខណៈឲ្យបានល្អគ្រប់គ្រាន់។
 
គួរំឭកផងដែរថា កីឡាកាយវប្បកម្មកម្ពុជា ធ្លាប់ទទួលបានមេដាយមាសពិភពលោកចំនួន ២ មេដាប្រាក់ចំនួន១ មេដាយសំរឹទ្ធចំនួន ២​ផងដែរ និងមេដាយមាសអាស៊ីអាគ្នេយ៍ជាច្រើនផងដែរ៕
 

Tag:
 កាយវប្បកម្ម
  ស៊ីហ្គេម៣២
© រក្សាសិទ្ធិដោយ thmeythmey.com