ជាតិ
សិប្បកម្មធ្វើពីផ្ដៅ និងរពាក់ ជារបរតពីគ្រួសារ និងជួយជីវភាពប្រជាជននៅជនបទ
03, Jul 2022 , 4:30 pm        
រូបភាព
សៀមរាប៖ សិប្បកម្មច្នៃសម្ភារពីផ្តៅ និងរពាក់ ជាផ្នែកមួយសំខាន់ក្នុងការជួយដោះស្រាយជីវភាពប្រជាពលរដ្ឋ ដែលទំនេរពីស្រែចម្ការ ស្រ្តីមេផ្ទះ ពិសេសអ្នកនៅតាមជនបទ។ សិប្បកម្មជាលក្ខណៈគ្រួសារនេះ បានក្លាយជាជំនាញមួយប្រចាំគ្រួសារពួកគេ។ វាបានក្លាយជារបរតគ្រួសារ ពីមួយជំនាន់ទៅមួយជំនាន់ ប្រសិនណាគេនៅរក្សាបានល្អ។

 
លោក ឈុត អ៊ឹម រស់នៅក្នុងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប បានឱ្យដឹងថា លោកចេះធ្វើសម្ភារពីផ្ដៅ និងរពាក់នេះ តាំងតែពីក្មេងមកហើយ គឺចេះតពីឪពុកម្តាយ។ របរនេះ ជួយសម្រាលជីវភាពគ្រួសារលោក អ៊ឹម បានមួយផ្នែកធំ និងមានលទ្ធភាពឱ្យកូនលោកម្នាក់ រៀនចប់ពេទ្យផង។ 
 
ដោយសារមានតម្រូវការច្រើន ណាមួយដីព្រៃក្នុងភូមិ មានការអភិវឌ្ឍជាលំនៅដ្ឋានជាហូរហែ ធ្វើឱ្យផ្តៅ និងរពាក់ មិនអាចរកបានច្រើនទេ គឺគេត្រូវចេញទៅរកនៅស្រុកឆ្ងាយៗ។ លោក អ៊ឹម ប្រាប់ថា លោកត្រូវទិញផ្ដៅគោក ពីខេត្តព្រះវិហារ ក្នុងមួយបាត់ដែលមានផ្ដៅ៤០ដើម តម្លៃពី៣ ទៅ៤ម៉ឺនរៀល។ ក្រៅពីនេះ លោកក៏ត្រូវរកផ្ដៅទឹក មកជំនួយខ្លះដែរ ដើម្បីកាត់បន្ថយការចំណាយផ្តៅគោកច្រើន។ លោកនិងអ្នកភូមិឯទៀត ចេញទៅរកនៅខេត្តកំពង់ធំ ខ្លះនៅតំបន់ព្រៃរនាម ក្នុងបឹងទន្លេសាប។ ពួកគេចេញទៅរកដោយជិះគោយន្ត ខ្លះតាមរថយន្តឈ្នួល ដែលពេលខ្លះត្រូវគេងក្នុងព្រៃផង ទម្រាំរកផ្តៅបានច្រើនត្រឡប់មកផ្ទះវិញ​។
 
 
លោក អ៊ឹម រំឮកថា៖« មានការនឿយហត់ត្រង់ថាទៅរកផ្ដៅ និងរពាក់ ព្រោះថាមានពេលខ្លះត្រូវចេញទៅនៅពាក់កណ្តាលយប់ និងពេលខ្លះទៀតត្រូវដេក នៅទីនោះ៤ទៅ៥យប់ ដើម្បីរកឱ្យបានច្រើន ប៉ុន្តែរបរនេះ ក៏បានជួយឱ្យកូនខ្ញុំរៀនពេទ្យចប់ផងដែរ»។ 
 
ចំណែកអ្នកស្រី រ៉ូយ ជាស្រ្តីម៉េមាយ ដែលប្រកបរបរធ្វើសម្ភារពីផ្ដៅ និងរពាក់ តាំងពីតូចមកដែរនោះ ក៏បានលើកឡើងប្រហាក់ប្រហែលនឹងលោក ឈុត អ៊ឹម ដែរ។ អ្នកស្រីបានរៀបរាប់ថា របរនេះនឿយហត់បន្តិច ប៉ុន្តែបានជួយឱ្យកូនអ្នកស្រីចំនួន២នាក់រៀនចប់ និងមានការងារធ្វើរៀងៗខ្លួន ដោយកូនស្រីធ្វើជាគ្រូបង្រៀន ឯកូនប្រុសធ្វើការនៅធនាគារ។ 
 
អ្នកស្រីបន្តទៀតថា កូនៗអ្នកស្រីក៏ចេះធ្វើសិប្បកម្មនេះដែរ ហើយពួកគេតែងឆ្លៀតជួយត្បាញជាសម្ភារផ្សេងៗ នៅពេលថ្ងៃសម្រាកពីការងារ។ ក្នុងមួយថ្ងៃអ្នកស្រី រ៉ូយ ធ្វើកន្រ្តកបានពី៥ ទៅ៧ ឯតម្លៃវិញកន្រ្តមួយ លក់បាន១ម៉ឺនរៀល។ 
 


អ្នកភូមិនៅសង្កាត់ក្របីរៀល ក៏ដូចជាតាមសង្កាត់មួយចំនួនទៀត នៅជាយក្រុងសៀមរាប និយមជាមួយរបរតម្បាញនេះណាស់។ ពួកគេផលិតជាសម្ភារច្រើនមុខ និងភាគច្រើនលក់បោះដុំឱ្យឈ្មួញ យកទៅលក់បន្តនៅតាមប្រាសាទ និងទៅប៉ោយប៉ែត ព្រំដែនប្រទេសថៃ។
 
យ៉ាងណា បច្ចុប្បន្ននេះ សិប្បកម្មតម្បាញពីផ្ដៅ រពាក់ ឬពីឫស្សី នៅមានតិចតួច ជារួមនៅមានពលរដ្ឋតាមតំបន់ជនបទប៉ុណ្ណោះ ដែលបន្តរបរមួយនេះ ហើយចំនួនទៀត ក៏ចាប់ផ្តើមបោះបង់បណ្ដើរទៅហើយ។ ពួកគេមានការងារតាមទីក្រុង ធ្វើការនៅសណ្ឋាគារ។ល។ ពលរដ្ឋកំពុងបន្តអាជីព និងរបរពីដូនតាមួយនេះ សុំឱ្យសាធារណបន្តគាំទ្រ និងប្រើប្រាស់សម្ភារធ្វើពីដៃមួយនេះ ដើម្បីលើកកម្ពស់សម្ភាររបស់ខ្មែរ ក៏ដូចជាជួយសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែល្អប្រសើរបន្ថែម៕
 


 

Tag:
 ផ្ដៅ
  រពាក់
© រក្សាសិទ្ធិដោយ thmeythmey.com