ជាតិ
រដ្ឋបាល​ខេត្ត​កំពង់​ធំ នឹង​រៀប​ចំ​ពិធី​អុំទូក​នៅ​សប្ដាហ៍​ទី២​ ខែតុលា​
03, Jul 2022 , 6:30 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាល​ខេត្ត​កំពង់ធំ នឹង​រៀប​ចំ​ពិធី​អុំទូក​ឡើង​វិញនៅ​សប្ដាហ៍​ទី​២ នៃ​ខែ​តុលា​ ក្រោយ​ខក​ខាន​ដោយសារ​វិបត្តិ​កូវីដ-១៩។ នេះ​បើតាម​សេចក្ដី​ជូនដំណឹង​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ងួន រតនៈ អភិបាលខេត្ត​កំពង់​ធំ​កាល​ពី​ថ្ងៃទី​២៤ មិថុនា។


ក្នុង​ឆ្នាំ​២០២២នេះ រដ្ឋបាល​ខេត្ត​កំពង់​ធំ នឹង​រៀប​ចំ​ពិធី​អុំ​ទូក​ឡើង​វិញ បន្ទាប់ពី​ខកខាន​ដោយសារ​បញ្ហា​កូវីដ-១៩។ បើតាម​រដ្ឋបាល​ខេត្ត​កំពង់ធំ​ កម្មពិធី​អុំទូក​ នឹង​រៀបចំ​នៅ​ក្នុង​សប្ដាហ៍ទី​២ នៃ​ខែតុលា ឆ្នាំ​២០២២។ ក្នុងសេចក្ដី​ជូន​ដំណឹង​លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ​ បញ្ជាក់ពី​គោល​បំណង​នៃការ​រៀបចំ​ពិធី​អុំទូក​ដូច្នេះ៖ «ការ​រៀបចំ​នៅ​ឆ្នាំនេះ ក្នុង​ស្មារតី​ថែរក្សា​ទំនៀម​ទម្លាប់​ប្រពៃណីដ៏​ល្អ និង​ដើម្បី​បង្ក​បរិយាកាស​រីករាយ​ជូន​សាធារណជន និងប្រជាពលរដ្ឋ​បាន​កម្សាន្ត​សប្បាយ​»។
 
ពាក់​ព័ន្ធ​នឹង​ពិធី​អុំទូកនេះ រដ្ឋបាល​ខេត្ត​កំពង់​ធំ អំពាវនាវឱ្យ​​តាម​វត្ត​អារាម​ដែល​មាន​ទូក ត្រូវ​​ចុះឈ្មោះទូកនៅ​មន្ទីរ​ធម្មការ និង​សាសនាខេត្ត​ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ។ ជាមួយ​គ្នានេះ គណៈ​កម្ម​ការ​គ្រប់គ្រង​ទូក​ទាំង​អស់ គួរ​ត្រៀម​លក្ខណៈ​សម្បត្តិ​ ពិនិត្យ​ស្ថាន​ភាព​ទូក និង​ជួស​ជុល លាប​លន​ថ្នាំ​ថ្មី។ លើសពីនេះ ត្រូវ​ត្រៀម​ហ្វឹក​ហាត់កីឡាករ កីឡាការិនី និង​ដាក់ពាក្យ​ចុះឈ្មោះ​ចូលរួម​ក្នុង​ពិធី​អុំទូក​ឱ្យ​បានច្រើនកុះករ។ 
 
គួរ​បញ្ជាក់ថា ពិធីបុណ្យ​អុំទូក មាន​ដើមកំណើត​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មក​ម្លេះ​។ ក្នុងអំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើកទ័ព​មក​ធ្វើការ​លុកលុយ និង​ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំ​។ គ្រានោះ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ បាន​បង្រួបបង្រួម​ជាតិ និង​ចំណាយ​ពេលវេលា​រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព ដើម្បី​ប្រយុទ្ធប្រឆាំង​ចំពោះ​ពួក​ចាម រហូត​ទទួលបាន​ជ័យជម្នះ ហើយ​ព្រះអង្គ​បាន​ឡើង​គ្រង​រាជសម្បត្តិ​ដឹកនាំ​ប្រទេសជាតិ នៅ​ឆ្នាំ​១១៨១ និង​បានធ្វើឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន រុងរឿង​ដល់​កម្រិត​កំពូល​ថែមទៀត​។
 
ប្រវត្តិសាស្ត្រ​ត្រង់​នេះហើយ ទើប​នាំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​របស់​ខ្មែរ ដែល​បាន​រំដោះទឹកដី ឲ្យ​រួច​ផុតពី​ការជិះជាន់​របស់​ពួក​ចាម ដែលជា​ខ្មាំងសត្រូវ​របស់​ខ្មែរ​នា​សម័យ​នោះ​៕
 

Tag:
 អុំទូក
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com