ជាតិ
ក្រសួងអប់រំ និងJICA ដាក់ឱ្យប្រើប្រាស់កម្មវិធី Think Think នៅសាលារៀនវត្តបូព៌
05, Jul 2022 , 10:59 pm        
រូបភាព
សៀមរាប៖ ក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធី Think!Think! នៅសាលាបឋមសិក្សាវត្តបូព៌។ កម្មវិធីនេះ ជាផ្នែកមួយនៃកម្មវិធី STEM។

 
ក្នុងពិធីសម្ពោធគម្រោងស្ទង់មតិ របស់ភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន (JICA) តាមរយៈការប្រើប្រាស់កម្មវិធីសិក្សា Think!Think! នៅសាលាបឋមសិក្សាវត្តបូព៌ នាព្រឹកថ្ងៃទី៥ ខែកក្កដា លោកស្រី Shiori Tokugawa អ្នកគ្រប់គ្រងផ្នែកវិស័យអប់រំរបស់ JICA លើកឡើងថា កម្មវិធី Think!Think ជាកម្មវិធី STEM ឈានមុខគេនៅជប៉ុន និងល្អសម្រាប់កុមារ ដែលនឹងជួយឱ្យពួកគេរីកចម្រើនផ្នែកស្មារតី ការគិតពិចារណាបានរហ័ស ស័ក្ដិសមក្នុងយុគសម័យឌីជីថល។ លោកស្រី Shiori ជឿថា កម្មវិធីនេះ នឹងជួយឱ្យសិស្សសាលាបឋមសិក្សាវត្តបូព៌ ទទួលបានការអប់រំកាន់តែល្អប្រសើរឡើង។
 


លោក សុក ថា  អគ្គនាយកនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា លោកពិតជារីករាយណាស់ ដែលបានពាំនាំនូវកម្មវិធីសិក្សាថ្មីបន្ថែមទៀត ដល់សាលារៀនវត្តបូព៌ ដែលល្បីឈ្មោះនៅកម្ពុជា។ លោកបន្ថែមថា Think!Think! ជាកម្មវិធីដែលជួយឱ្យក្មេងៗ ចាប់ផ្តើមគិត បង្កើនចំណេះដឹង និងបំណិនថ្មីៗ។
 
«កម្មវិធីនេះ ជួយឱ្យក្មេងលេងផង គិតផង ជួយផ្នែកខួរក្បាលសិស្ស បង្កើតស្មារតី មានបំណិនគិតស៊ីជម្រៅ មានភាពជឿជាក់ក្នុងខ្លួន កម្មវិធីនេះអាចជួយសិស្សលើជំនាញគណិតវិទ្យា»។ នេះជាការបញ្ជាក់ពីលោក សុក ថា ដោយបន្ថែមថា សាលារៀនវត្តបូព៌ជាជម្រើសដ៏ល្អ ដោយសារការដឹកនាំល្អ មានការចូលរួមពីសហគមន៍ ហើយគ្រូមានឆន្ទៈ ដើម្បីឱ្យគម្រោងកម្មវិធីនេះបានជោគជ័យ និងមាននិរន្តរភាព។
 


ជាមួយគ្នានេះ អគ្គនាយកនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក៏ស្នើដល់ JICA ផ្តល់សិទ្ធិកម្មវិធីនេះនៅសាលាវត្តបូព៌បន្តទៀត ទោះគម្រោងសហប្រតិបត្តិការ នឹងចប់នៅចុងឆ្នាំនេះក្ដី ដើម្បីឱ្យសាលាមានលទ្ធភាពប្រើកម្មវិធីនេះបន្តទៀត អភិវឌ្ឍន៍ការអប់រំក្នុងសាលាឱ្យកាន់តែល្អប្រសើរ។
 
គួរបញ្ជាក់ថា Think!Think! គឺជាកម្មវិធីសិក្សា STEM ថ្មីមួយ ( STEM ជាពាក្យកាត់មកពីពាក្យពេញដែលមានន័យថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ពីប្រទេសជប៉ុន ដែលមានបំណងអភិវឌ្ឍជំនាញការគិត ភាពច្នៃប្រឌិត និងបំណិនទន់របស់សិស្ស ដូចជាការលើកទឹកចិត្ត និងការចង់ដឹងចង់ឃើញ ដែលត្រូវបានគេស្គាល់ថាជាបំណិនសតវត្សន៍ទី២១។ សាលារៀនវត្តបូព៌ គឺជាសាលាគោលដៅមួយ ក្នុងចំណោមសាលាគោលដៅចំនួន៩ ក្នុង៦ ខេត្ត ហើយកម្មវិធីកំពុងដំណើរការក្នុងភាពជាដៃគូសាធារណៈឯកជន ជាមួយ JICA និង ក្រុមហ៊ុន WonderLab Co., Ltd.៕
 






Tag:
 ThinkThink
  សាលាបឋមសិក្សាវត្តបូព៌
© រក្សាសិទ្ធិដោយ thmeythmey.com