ជាតិ
វិវាទណាហ្គាវើលដ៍៖ មេសហជីព គ្រោងតវ៉ាទ្រង់ទ្រាយធំ តែរដ្ឋាភិបាលថា គ្មានប្រសិទ្ធភាព
06, Jul 2022 , 2:29 pm        
រូបភាព
ក្រុមតវ៉ាបុគ្គលិកណាហ្គាវើលដ៍ តវ៉ានៅថ្ងៃទី៥កក្កដា ឆ្នាំ២០២២។ រូបភាពដោយ វតី
ក្រុមតវ៉ាបុគ្គលិកណាហ្គាវើលដ៍ តវ៉ានៅថ្ងៃទី៥កក្កដា ឆ្នាំ២០២២។ រូបភាពដោយ វតី
ភ្នំពេញ៖ មេសហជីពឯករាជ្យ គ្រោងកៀរគរគ្នាតវ៉ា ដើម្បីជំរុញឲ្យមានដំណោះស្រាយលើវិវាទណាហ្គាវើលដ៍។ ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាលយល់ថា ការៀបចំនេះ គ្រាន់តែជាការដាក់សម្ពាធខាងនយោបាយប៉ុណ្ណោះ ពុំមានឥទ្ធិពលអ្វីឡើយ។

 
បណ្ដាសហជីព និងសង្គមស៊ីវិល៤០ស្ថាប័ន បន្តរួមគ្នាទាមទារឲ្យមានដំណោះស្រាយ លើករណីវិវាទរ៉ាំរ៉ៃរបស់បុគ្គលិកណាហ្គាវើលដ៍ ពិសេសគឺទទូចឲ្យសម្ដេច ហ៊ុន សែន ជួយអន្តរាគមន៍។ ពួកគេបានចេញលិខិតចំហរ ហើយថ្លែងសារនៅទីសាធារណ ក្បែរក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី៥ កក្កដា។ 
 
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពការងារកម្ពុជា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា សហជីពអ្នកស្រី នឹងអំពាវនាវឲ្យសមាជិករបស់ខ្លួនធ្វើយុទ្ធនាការតវ៉ានិងគាំទ្រដល់ ក្រុមអ្នកតវ៉ានៃបុគ្គលិកណាហ្គាវើលដ៍។
 
អ្នកស្រី យ៉ាង សុភ័ណ្ឌ ថ្លែងសារយ៉ាងដូច្នេះ៖ «យើងមិនឈរឱបដៃមើលទេ! ក្នុងថ្ងៃនេះ ជាការចូលរួមសប្ដាហ៍លើកទី១ បើសប្ដាហ៍លើកទី២  លើកទី៣ មិនមានដំណោះស្រាយទេ! ប្រហែលជាយើងនឹងសម្រេចិត្តចូលរួម គឺមិនមែនឃ្លាំមើលទៀតទេ យើងសម្រេចចូលរួមជាមួយបងប្អូនក្រុមកូដករណាហ្គាវើលដ៍ ដើម្បីទាមទារឲ្យមានដំណោះស្រាយករណីក្រុមហ៊ុនណាហ្គាវើលដ៍»។ 
 
នាពេលថ្លែងសាររួម ស្នើសុំសម្ដេច ហ៊ុន សែន ជួយអន្តរាគមន៍ នេះ មានមេសហជីព និងសង្គមស៊ីវិល ប្រមាណ១០រូបចូលរួម។ ក្នុងនោះ លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា បានប្រាប់ថា ខាងសហជីពលោកក៏កំពុងពិចារណា ចូលរួមតវ៉ាជាមួយក្រុមកូដករ ដើម្បីជុំរុញឲ្យមានដំណោះស្រាយដែរ។ 
 
​លោក រុង ឈុន ប្រធានសហភាព​សហជីព​កម្ពុជា ​សង្កេតឃើញថា វិវាទណាហ្គាវើលដ៍ កាន់តែធ្ងន់ធ្ងរ ខណៈក្រុមអ្នកតវ៉ាព្យាយាមដាក់ញត្តិសុំអន្តរាគមន៍ជាច្រើនកន្លែងតែឥតបានផល។  ប្រធានសហភាព​សហជីព​កម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា បើបញ្ហានេះ នៅតែបន្តអូសបន្លាយយូរនោះ វាបង្ហាញពីសិទ្ធិសហជីពនិងកម្មករក្នុងវិស័យការងារទាំងមូល នឹងរងការរឹតត្បិតសេរីភាពកាន់តែខ្លាំង។ 
 
ជាមួយគ្នាដែរលោក រ៉ុង ឈុន បានបន្ថែមថា៖ «យើងនឹងដាក់ពេលវេលាណាមួយ មិនមែនត្រឹមតែអំពាវនាវឲ្យសមាជិតយើងចូលរួមទេ គឺធ្វើកូដកម្មទូទាំងប្រទេសតែម្ដង ដើម្បីជំរុញឲ្យមានដំណោះស្រាយ ពិសេសរោងចក្រកាត់ដេរ ស្បែកជើង ផលិតកង់ជាដើម»។ 
 
ជុំវិញគម្រោងធ្វើកូដកម្មទ្រង់ទ្រាយធំនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានឆ្លើយតបថា ការប្រមូល ឬ កៀរគរគ្នានេះ ជាសកម្មភាពបែបនយោបាយ ដែលមានទម្រង់ជាការដាក់សម្ពាធ។ សម្រាប់លោក ផៃ ស៊ីផាន ការដាក់សម្ពាធណាមួយ ពុំមានឥទ្ធិពលឡើយ។ 
 
ពាក់ព័ន្ធនឹងវិវាទការងារណាហ្គាវើលដ៍ លោក ផៃ ស៊ីផាន បានឲ្យដឹងថា ទោះបីមានការស្នើសុំអន្តរាគមន៍ទៅសម្ដេច ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធណាមួយ ក៏ករណីនេះ ស្ថិតនៅក្រោមដែនសមត្ថកិច្ចក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដដែល។ លោកពន្យល់បន្តថា បើភាគីណាមួយមិនពេញចិត្តនីតិវិធីដោះស្រាយរបស់ក្រសួងការងារ អាចបន្តដោះស្រាយតាមនីតិវិធីតុលាការបន្តបាន ដើម្បីស្មើភាពគ្មានចំពោះមុខច្បាប់។
 
«ដូច្នេះ មិនអាចមានអ្នកណារួមគ្នា ធ្វើព្យុះធ្វើផ្គរគំរាមកំហែងលើនាយករដ្ឋមន្រី្តបានទេ»។ នេះជាបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅល្ងាចថ្ងៃទី៥កក្កដា ដោយបន្តពន្យល់ថា បើភាគីវិវាទណាមួយមិនពេញចិត្តនីតិវិធីដោះស្រាយរបស់ក្រសួងការងារ អាចបន្តដោះស្រាយតាមនីតិវិធីតុលាការបាន ដើម្បីស្មើភាពគ្នាចំពោះមុខច្បាប់។
 
ដើមឡើយក្រុមហ៊ុនណាហ្គាវើលដ៍បានប្រកាសបញ្ឈប់បុគ្គលិកជាង១៣០០នាក់ កាលពីអំឡុងចុងខែមេសា ឆ្នាំ២០២១។ អំឡុងពេលនោះ មានបុគ្គលិករាប់រយនាក់ បានតវ៉ា និងមិនពេញចិត្ត។ លុះដល់ចុងឆ្នាំ២០២១  បុគ្គលិកណាហ្គាវើលដ៍ បានចេញតវ៉ា  ដើម្បីឲ្យភាគីក្រុមហ៊ុនទទួលបុគ្គលិកជាង៣៧៣នាក់ ចូលបម្រើការងារវិញ។ ប៉ុន្តែការតវ៉ានេះ ពុំទទួលបានផ្លែផ្កាឡើយ ៕ 
 
 
 

Tag:
 វិវាទការងារ
  ណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com