អន្តរជាតិ
ប៉ូលិសជប៉ុន៖ ខ្មាន់កាំភ្លើងសារភាពថា មានចេតនាចង់សម្លាប់លោក អាបេ ព្រោះមិនពេញចិត្ត
08, Jul 2022 , 2:07 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ប៉ូលិសជប៉ុន​ នៅថ្ងៃទី៨ ខែកក្កដា បានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា ជនសង្ស័យ បានសារភាពមិនពេញចិត្តចំពោះលោក អាបេ ស៊ិនហ្សូ និងមានចេតនាចង់សម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ NHK។​

 
បន្ទាប់ពីលោកអាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន ត្រូវបានបាញ់ ប៉ូលិស បានចាប់ខ្លួនជនសង្ស័យមួយរូប។ ប្រភពអ្នកស៊ើបអង្កេតបានប្រាប់ទូរទស្សន៍ NHK ថា កាំភ្លើង ដែលត្រូវបានដកហូតនៅកន្លែងកើតហេតុ ទំនងជាត្រូវបានផលិតដោយដៃ។ 
 
ទន្ទឹមនេះ ប៉ូលិសជប៉ុន បានប្រាប់ក្រុមស៊ើបអង្កេតថា ជនសង្ស័យដែលមានវ័យ ៤១ឆ្នាំ និងរស់នៅតំបន់ណារ៉ា បានសារភាព មិនពេញចិត្ត និងចង់សម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន។ មិនតែប៉ុណ្ណោះ ទូរទស្សន៍ដដែលដោយស្រង់ប្រភពពីក្រសួងការពារជាតិជប៉ុន បានចុះផ្សាយថា ជនសង្ស័យ Yamagami Tetsuya ធ្លាប់ធ្វើការនៅកម្លាំងស្វ័យការពារជើងទឹកក្នុងរយៈពេល ៣ឆ្នាំរហូតដល់អំឡុងឆ្នាំ២០០៥។  
 
បន្ទាប់ពីការបាញ់ប្រហារខាងលើ រដ្ឋាភិបាលជប៉ុនបានថ្កោលទោស និងចាត់ទុកការបាញ់ប្រហារនោះ ជាសកម្មភាពមិនអាចទទួលយកបាន។ ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន លោក Matsuno Hirokazu បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលជប៉ុន នឹងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីដោះស្រាយស្ថានភាពមួយនេះ។ 
 
ចំណែក នាយករដ្ឋមន្រ្តីជប៉ុនវិញ បានអះអាងថា លោកអាបេ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប្រមុខរដ្ឋាភិបាលជប៉ុនរូបនេះ បានចាត់ទុកការវាយប្រហារនោះ ជាសកម្មភាពគួរឱ្យស្អប់។ មិនខុសពីប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុនឡើយ លោកនាយករដ្ឋមន្រ្តីបានថ្លែងថា វាពិតជាសំខាន់ណាស់ ដែលរដ្ឋាភិបាលជប៉ុនត្រូវចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីដោះស្រាយបញ្ហានេះ៕ 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com