ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស៤ នឹងរួមគ្នារៀបផែនការ តស៊ូមតិ ដើម្បីស្នើសុំកែទម្រង់ប្រព័ន្ធបោះឆ្នោត
08, Jul 2022 , 2:48 pm        
រូបភាព
គណបក្សទាំង៤ នឹងរួមគ្នាធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី១១កក្កដា ឆ្នាំ២០២២។
គណបក្សទាំង៤ នឹងរួមគ្នាធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី១១កក្កដា ឆ្នាំ២០២២។
ភ្នំពេញ៖ គណបក្ស​នយោបាយចំនួន៤ រួមគ្នារៀបផែនការតស៊ូមតិ ដើម្បីស្នើសុំកែទម្រង់ប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នារបស់ គណបក្សភ្លើងទៀន គណបក្ស ឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

 
គណបក្សទាំង៤ខាងលើ អះអាងថា ពួកគេនឹងធ្វើ សន្និសីទសារព័ត៌មានរួមគ្នា ដើម្បីបង្ហាញពីគោលជំហរនៃផែនការរបស់ពួកគេ ក្នុងការតស៊ូមតិ នៅព្រឹកថ្ងៃទី១១កក្កដា ខាងមុខនេះ។ បក្សទាំង៤បញ្ជាក់យ៉ាងដូច្នេះ៖ «សន្និសីទសារព័ត៌មានរួមគ្នា ក្នុងគោលបំណង ដើម្បីបង្ហាញពី ផែនការនៃការតស៊ូមតិ លើសំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា»។ 
 
ជុំវិញការរួបរួមគ្នា តស៊ូមតិនេះ លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា បានឲ្យដឹងថា ក្រោយពីពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ហើយ បណ្ដាគណបក្សទាំង៤ បានមើលឃើញដូចគ្នាកាន់តែច្រើន ពីចំណុចអសកម្មមួយចំនួន ក្នុងប្រព័ន្ធបោះឆ្នោត។ ដូច្នេះ ទើបផ្ដួចផ្ដើមគ្នា តស៊ូមតិដើម្បីឲ្យមានកែប្រែ។
 
ក្នុងកិច្ចសម្ភាស ជាមួយសារព័ត៌មានថ្មីៗនៅថ្ងៃទី៨ កក្កដា លោក អ៊ូ ច័ន្ទរ័ត្ន បានអំពាវនាវដល់បក្សដទៃទៀតថា៖ «ការកែប្រែប្រព័ន្ធបោះឆ្នោតនិងលំហរសេរីភាពនយោបាយនេះ គឺប្រយោជន៍រួម បើបក្សណាយល់ថា មានប្រយោជន៍អាចចូលបាន។ យើងអំពាវនាវឲ្យគណបក្សដទៃទៀត បន្តចូលរួមជាមួយពួកយើង»។
 
ចំពោះលក្ខខណ្ឌ ដែលត្រូវលើកយកទៅតស៊ូមតិ ឲ្យមានការកែប្រែ ក្នុងដំណើរបោះឆ្នោតនិងសេរីភាពនយោបាយនេះ លោក អ៊ូ ច័ន្ទរ័ត្ន សុំមិនបកស្រាយលម្អិតឡើយ ដោយស្នើឲ្យរង់ចាំស្ដាប់នៅក្នុងសន្និសីទកាសែត។
 
បើតាមសេចក្ដីប្រកាសព័ត៌មានដែលចេញថ្ងៃនៅថ្ងៃទី៨កក្កដានេះ សន្និសីទកាសែតដែលគ្រោងនឹងរៀបចំ នៅថ្ងៃទី១១កក្កដា នៅភោជនីយដ្ឋានអូក្រា។ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com