ជាតិ
សហគមន៍នេសាទ និងព្រៃឈើ ជាង២៣០ទៀត ត្រូវបានកំណត់ជាគោលដៅបង្កើត«អេកូទេសចរណ៍»
09, Jul 2022 , 9:59 am        
រូបភាព
ទិដ្ឋភាព សហគមន៍នេសាទ និងព្រៃឈើ នៅតាមដងទន្លេមេគង្គលើ ខេត្តស្ទឹងត្រែង។ រូបភាពផ្ដល់ដោយ NTFP-EP
ទិដ្ឋភាព សហគមន៍នេសាទ និងព្រៃឈើ នៅតាមដងទន្លេមេគង្គលើ ខេត្តស្ទឹងត្រែង។ រូបភាពផ្ដល់ដោយ NTFP-EP
ភ្នំពេញ៖ ទេសចរណ៍ ត្រូវបានចាត់ទុកជាវិស័យសំខាន់មួយ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិកូវីដ-១៩ ធូរស្រាល។ ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់យកសហគមន៍នេសាទចំនួន ១៣១ថែមទៀត និងសហគមន៍ព្រៃឈើ ១០៣កន្លែងផ្សេងទៀត ដែលមានសក្ដានុពលអាចបង្កើតជាតំបន់អេកូទេសចរណ៍បាន។

 
នៅក្នុងកម្មវិធីប្រកាសផែនការសកម្មភាព នៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) កាលពីថ្ងៃទី៤ កក្កដា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា រដ្ឋាភិបាល បានចាត់ទុកកសិកម្ម ជាវិស័យអាទិភាព រីឯវិស័យទេសចរណ៍ គឺជាមាសបៃតង។ ដូច្នេះ ក្រសួងកសិកម្មបានកំណត់យកសហគមន៍នេសាទចំនួន ១៣១កន្លែងទៀត ដែលមានសក្ដានុពល អាចបង្កើតជាតំបន់អេកូទេសចរណ៍។ បើតាមរដ្ឋមន្រ្តីកសិកម្ម កម្ពុជាមានសហគមន៍នេសាទ សរុប៥១៦កន្លែង ដែលក្នុងនោះមាន ២៧កន្លែង កំពុងដំណើរការជាតំបន់អេកូទេសចរណ៍ មាត់សមុទ្រ និងបឹងទន្លេសាប។
 
ទន្ទឹមនឹងនេះ សហគមន៍ព្រៃឈើ ១០៣កន្លែងផ្សេងទៀត ក៏ត្រូវបានចាត់ចូលក្នុងផែនការមេអភិវឌ្ឍន៍ ទៅជាអេកូទេសចរណ៍ផងដែរ។ លើសពីនេះ តំបន់ព្រៃឈើតាមបណ្តោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ចម្ការកសិរុក្ខកម្ម ចម្ការរុក្ខទិវាជាច្រើនទៀត ដែលសុទ្ធសឹងតែអាចអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ធម្មជាតិ កសិទេសចរណ៍ និងតំបន់លំហែកម្សាន្ត។
 
ក្រៅពីផែនការអភិវឌ្ឍសហគមន៍នេសាទ និងសហគមន៍ព្រៃឈើ លោក វេង សាខុន ក៏ចង់ឃើញសហគមន៍កសិកម្មចំនួន ១ ២១៧ទៀត ប្រែក្លាយទៅជា «កសិទេសចរណ៍» នាពេលអនាគតផងដែរ។ លោក ថ្លែងដូច្នេះថា៖ «នាពេលអនាគត យើងរំពឹងថា សហគមន៍កសិកម្មមួយចំនួនអាចនឹងបង្កើតមុខរបរថ្មីមួយដែលហៅថា «កសិទេសចរណ៍» សម្រាប់ផ្តល់ឱកាសដល់អ្នកទេសចរណ៍ក្នុងស្រុក និងបរទេសបានទៅទស្សនា កសិដ្ឋានរបស់ប្រជាកសិករជាសមាជិកសហគមន៍កសិកម្មផងដែរ»។
 
ចំពោះ ខេត្តមណ្ឌលគិរី ដែលមានសក្ដានុពលទេសចរណ៍ស្រាប់ លោក វេង សាខុន បានកំណត់យកចម្ការស្រល់ទំហំ៣៦៤ហិកតា និងសួនផ្កាចម្រុះ សួនភួតគាម ដែលមានផ្ទៃដី ៤៧០ហិកតា រៀបចំជាសួនផ្កា ២០ហិកតា និងរៀបចំអាង ទឹកបង្ហៀរ។ ក្រៅពីនេះ ក៏មានគ្រោងអភិវឌ្ឍន៍កសិទេសចរណ៍តាមចម្ការឈើហូបផ្លែ ចម្ការឈើដាំ ចម្ការស្រល់ ទស្សនាសហគមន៍ព្រៃឈើ សួនរុក្ខគីរី ជីវចម្រុះដ៏សម្បូរបែប រួមទាំងសួនសត្វផងដែរ។
 
លោករដ្ឋមន្រ្តី សង្ឃឹមថា ផែនការសកម្មភាព នៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នេះ នឹងជួយទាញប្រយោជន៍ឲ្យអស់ពីលទ្ធភាព ពីការអភិវឌ្ឍវិស័យកសិទេសចរណ៍ និងវប្បធម៌ ដែលរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ អភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រ៕

Tag:
 លោក វេង សាខុន
  អេកូទេសចរណ៍
  សហគមន៍កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com