ជាតិ
ភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់ ថយចុះយ៉ាងគំហុក ដោយសារកត្តាអាកាសធាតុ
09, Jul 2022 , 4:29 pm        
រូបភាព
រូបភាព៖ លោក សៅ ផលនិស្ស័យ
រូបភាព៖ លោក សៅ ផលនិស្ស័យ
ដោយ:
ភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់ប្រមាណ ៣០០នាក់ប៉ុណ្ណោះរយៈពេល ៦ខែឆ្នាំ២០២២នេះ។ ទិន្នន័យនេះថយចុះជាង ២០០០ បើធៀបនឹងឆ្នាំ២០២១។ លោក ឈឺន ឈីម ប្រធានសហគមន៍ភ្នំឱរ៉ាល់ បានឱ្យដឹងថា ចំនួនទេសចរធ្លាក់ចុះយ៉ាងគំហុកនេះ ដោយសារក្នុងរដូវវស្សាមានភ្លៀងធ្លាក់ញឹកញាប់ពេក ធ្វើឱ្យទេសចរមិនអាចឡើងភ្នំបាន។

 
ភ្នំឱរ៉ាល់ជាភ្នំខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា។ ភ្នំនេះជាទិសដៅ ទេសចរណ៍បែបផ្សងព្រេង ដ៏ល្បីល្បាញមួយក្នុងប្រទេសកម្ពុជា។ ទេសចរខ្លះត្រូវចំណាយពេល ២ថ្ងៃទើបឡើងដល់កំពូលភ្នំ និងភ្ញៀវខ្លះទៀតប្រើពេលតិចជាងនេះតាមបទពិសោធ និងកម្លាំង។ ប្រជាជនក្នុងសហគមន៍ភ្នំឱរ៉ាល់ បានទន្ទឹងរង់ចាំភ្ញៀវទេសចរក្រោយកូវីដ-១៩ស្ងប់ស្ងាត់។ ផ្ទុយទៅវិញជំងឺកូវីដ-១៩ធូរស្រាល តែបញ្ហាអាកាសធាតុបានរាំងស្ទះការដើរកម្សាន្តរបស់ទេសចរទៅវិញ។
 
ភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់ថយចុះខ្លាំងចាប់តាំងពីខែមេសា ពោលបន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែររួច។ លោក ឈឺន ឈីម ប្រធានសហគមន៍ភ្នំឱរ៉ាល់  បានប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទថា រៀងរាល់ចុងសប្តាហ៍មានទេសចរប្រហែលមួយក្រុមប៉ុណ្ណោះ ដែលបានឡើងភ្នំឱរ៉ាល់។ ទេសចរខ្លះទៅដល់សហគមន៍ តែឡើងភ្នំមិនកើត ហើយត្រឡប់ទៅភ្នំពេញវិញ ព្រោះភ្លៀងធ្លាក់ខ្លាំងពេក។

លោក ឈឺន ឈីម ប្រធានសហគមន៍ភ្នំឱរ៉ាល់
 
យោងតាមរបាយការណ៍ពី លោក ឈឺន ឈីម ប្រធានសហគមន៍ភ្នំឱរ៉ាល់ ចាប់ពីខែមករា ដល់មិថុនា ឆ្នាំ២០២២ ទេសចរឡើងភ្នំឱរ៉ាល់ចំនួន ៣៥៥នាក់ ក្នុងនោះទេសចរអន្តរជាតិ ៧៥នាក់។ ទិន្នន័យនេះថយចុះយ៉ាងគំហុក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ ដែលមានទេសចរឡើងភ្នំឱរ៉ាល់ ២ ៧៥៣នាក់ ក្នុងនោះទេសចរអន្តរជាតិ ១១៥នាក់។
 
លោក ឈឺន ឈីម ពន្យល់ពីមូលហេតុនៃការថយចុះចំនួនភ្ញៀវទេសចរដូច្នេះ៖ «ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។ ភ្ញៀវខ្លះកក់ហើយ តែអត់បានឡើងវិញ ហើយខ្លះទៀតបានមកដល់សហគមន៍តែអត់បានឡើងភ្នំទេព្រោះភ្លៀងធ្លាក់។ ហើយផ្លូវពីសហគមន៍ទៅភ្នំប្រមាណ ៨គីឡូម៉ែត្រក៏ពិបាកធ្វើដំណើរដែរ គឺខូចខ្លាំងក្នុងរដូវវស្សា»។
 
កត្តាភ្លៀងធ្លាក់ញឹកញាប់ពេកបានធ្វើឱ្យស្ពានឈើក្នុងសហគមន៍មួយកន្លែងបានបាក់ផងដែរ។ មិនត្រឹមតែទេសចរ ប្រជាជននៅទីនោះក៏ពិបាកធ្វើដំណើរ ទៅមកដែរ។ បើតាមលោក ឈឺន ឈីម សហគមន៍បានស្នើឱ្យអាជ្ញាធរឱ្យជួសជុលស្ពាននេះ ហើយអាជ្ញាធរបានចុះពិនិត្យ តែមិនទាន់បានជួសជុល៕


រូបភាព៖ លោក សៅ ផលនិស្ស័យ

 

Tag:
 ThmeyThmey25
  ភ្នំឱរ៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com