ជាតិ
កសិករ៥១នាក់នៅព្រះវិហារ ចូលរួមក្នុងគម្រោងដាំដុះរមៀត សម្រាប់ទីផ្សារអន្តរជាតិ
09, Jul 2022 , 8:59 pm        
រូបភាព
ភ្នំពេញ៖ គម្រោង USAID ព្រៃឡង់បៃតង បានផ្តល់ជំនួយដល់ក្រុមហ៊ុនក្រាស្នា ក្នុងការគាំទ្រកម្មវិធីដាំដុះរមៀតសម្រាប់កសិករក្នុងខេត្តព្រះវិហារ ដើម្បីនាំចេញទៅក្រៅប្រទេស។ ក្នុងគម្រោងដាំដុះរមៀតនេះ ក្រុមហ៊ុន បានជ្រើសរើសកសិករចំនួន៥១នាក់ ដើម្បីសាកល្បងដាំរមៀតលើផ្ទៃដីប្រមាណ៣៤ហិកតា។ នេះបើតាមទំព័រហ្វេសប៊ុកគម្រោង USAID ព្រៃឡង់បៃតង កាលពីថ្ងៃទី៤ កក្កដា។


 
តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយពីកម្មវិធីដាំដុះរមៀតជាមួយសហករកសិកម្មនៅស្រុកឆែប និងស្រុកគូលែន ខេត្តព្រះវិហារ ក្រុមហ៊ុនក្រាស្នា បានជ្រើសរើសកសិករចំនួន ៥១នាក់ ឱ្យចូលរួមក្នុងគម្រោងដាំដុះរមៀត ។ កសិករទាំង៥១នាក់ នឹងសាកល្បងដាំរមៀតលើផ្ទៃដីប្រមាណ៣៤ហិកតា។
 
បើតាមគម្រោង USAID ព្រៃឡង់បៃតង ក្រុមហ៊ុនខាងលើ នឹងផ្តល់គ្រាប់ពូជរមៀតដែលមានគុណភាពល្អ ឱ្យជាកម្ចីដល់កសិករ។ លើសពីនេះ ក្រុមហ៊ុននឹងទិញរមៀតរបស់កសិករ ដែលផលិតតាមរយៈកម្មវិធីនេះ។ ក្រុមហ៊ុន ក៏នឹងផ្តល់ជំនួយបច្ចេកទេសលើការរៀបចំដី និងការប្រើប្រាស់ដំណាំគម្រប ដើម្បីរក្សាគុណភាពដី ការថែទាំស្មៅ ការគ្រប់គ្រងជំងឺ បច្ចេកទេសប្រមូលផល និងការរក្សាទុករមៀតផងដែរ។
 
គម្រោង USAID ព្រៃឡង់បៃតង លើកឡើងថា៖ «កសិករដែលចូលរួមក្នុងកម្មវិធីដាំរមៀត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិរក្ស ដោយសន្យាថានឹងមិនកាប់រានដីខុសច្បាប់ ឬបរបាញ់ខុសច្បាប់ និងចូលរួមក្នុងការអភិរក្សសហគមន៍តំបន់ការពារធម្មជាតិរបស់ពួកគេ»។ 
 
គម្រោងដាំដុះរមៀតនេះ មិនត្រឹមតែលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកដល់ការការពារព្រៃឈើ និងជីវចម្រុះ។ គម្រោង USAID ព្រៃឡង់បៃតង បន្តថា ការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់សហគម៍ជនបទ នឹងជួយកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិក្នុងតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ៕
 

Tag:
 កសិកម្ម
  ព្រះវិហារ
  រមៀត
© រក្សាសិទ្ធិដោយ thmeythmey.com