ជាតិ
ព្រះបាតដ៏ធំ និងបដិមា៦អង្គ តាំងបង្ហាញក្នុងសាលពិព័រណ៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
10, Jul 2022 , 9:59 pm        
រូបភាព
បដិមាធ្វើពីឈើ
បដិមាធ្វើពីឈើ
សៀមរាប៖ ពុទ្ធបដិមាធ្វើពីឈើចំនួន៦អង្គ និងព្រះបាតធ្វើពីថ្មភក់ដ៏ធំមួយ ត្រូវបានយកមកតាំងបង្ហាញនៅក្នុងសាលពិព័រណ៍ របស់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ លោក ប៉ែន ចំរ៉ុង ប្រធានសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យសារព័ត៌មានថ្មីៗដឹងថា បដិមា រួមនឹងព្រះបាតដ៏ធំ នាំយកពីអភិរក្សដ្ឋានអង្គរ កាលពីចុងខែមិថុនាកន្លងទៅ។ លោកពន្យល់ថា កិច្ចការងារនេះ ធ្វើឡើងតាមការណែនាំរបស់រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលចង់ឱ្យដាក់តាំងបង្ហាញជូនសាធារណជនបានទស្សនា។

 
តាមការបញ្ជាក់ពីលោក ប៉ែន ចំរ៉ុង នេះជាកិច្ចសហការលើកដំបូងហើយ ដែលសារមន្ទីរបានរៀបចំឱ្យមានការយកបដិមា ដែលបានជួសជុលរួចចេញពីអភិរក្សដ្ឋានអង្គរ ដើម្បីដាក់បង្ហាញក្នុងសាលពិព័រណ៍នៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ លោក ចំរ៉ុង ប្រាប់ទៀតថា កាលនៅអភិរក្សដ្ឋានអង្គរ រូបទាំងនេះមិនត្រូវបានអនុញ្ញាតឱ្យទស្សនាដោយសេរីទេ ដ្បិតជាកន្លែងថែរក្សា ដូច្នេះចាប់ពីពេលនេះតទៅ សាធារណជនអាចមកទស្សនាបដិមា ក៏ដូចជាព្រះបាតដ៏ធំទាំងនេះបាន នៅសារមន្ទីរនៅរៀងរាល់ម៉ោងធ្វើការ។


ប្រធានសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក ប៉ែន ចំរ៉ុង អំឡុងពេលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ
 
មគ្គុទ្ទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី បានឱ្យដឹងថា បដិមាចំនួន៦អង្គគឺធ្វើពីឈើគគីរ ដែលគេនិយមយកធ្វើព្រះ ដោយសារវារឹងមាំ និងងាយឆ្លាក់។ លោកបន្តថា បដិមាទាំងអស់មានទម្រង់អភ័យមុទ្រៈ ដោយមានលម្អដោយលាបម្រក្សណ៍ពណ៌ខ្មៅ ក្រហម និងទឹកមាស។
 
បច្ចុប្បន្ននេះ ក្រុមការងារនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងសិក្សា និងស្រាវជ្រាវរកប្រវត្តិលម្អិតនៃបដិមាទាំង៦ ថាតើ ត្រូវបានគេនាំចេញពីរួតព្រះពាន់នៃអង្គរវត្តតាំងពីពេលណា។ល។ លោក គុន ផល្លី បញ្ជាក់ថា សូម្បីខាងអភិរក្សដ្ឋានអង្គរ និងសាលាបារាំងចុងបូព៌ា ក៏មិនមានឯកសារលម្អិត ចំពោះបដិមាទាំងនេះដែរ។ ចំណែកព្រះបាតដែលធ្វើពីថ្មភក់ ក្រុមការងារកំពុងរៀបចំឆ្លងសំណេរឯកសារ ទៅថ្នាក់លើដើម្បីសម្រេចជាផ្លូវការ៕

បដិមាធ្វើពីឈើ៖







Tag:
 សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com