ជាតិ
ពលរដ្ឋភាគច្រើនស្គាល់ម្ជូរទ្រមូង ប៉ុន្ដែមិនដឹងផ្លែរបស់វាអាចបរិភោគបាន!
10, Jul 2022 , 10:29 pm        
រូបភាព
ដោយ:
សៀមរាប៖ ម្ជូរទ្រមូងត្រូវបានពលរដ្ឋភាគច្រើនស្គាល់ ប៉ុន្ដែមានតិចតួចណាស់ដែលដឹងថា រុក្ខជាតិនេះមានផ្លែអាចបរិភោគបាន ដូចផ្លែឈើព្រៃផ្សេងទៀត។ ស្លឹកទ្រមូងត្រូវបានគេយកទៅធ្វើជាម្ជូរ ចំណែកឯផ្លែវាពេលទុំអាចបរិភោគបាន។


 
ទ្រមូងជាប្រភេទរុក្ខជាតិដុះតាមព្រៃ មានដើមខ្ពស់ៗ  និងត្រូវបានគេស្គាល់ថាជាប្រភេទម្ជូរ មួយប្រភេទមានរសជូរស្រាល។ ម្ជូរស្លឹកទ្រមូង មានរសប្រហែលរសស្លឹកម្ជូរសណ្ដាន់ ប៉ុន្ដែមិនជូរដិតដូចស្លឹកសណ្ដាន់ឡើយ។ ពលរដ្ឋរស់នៅតាមព្រៃភាគច្រើននិយមបរិភោគស្លឹកទ្រមូងណាស់។ ពលរដ្ឋខ្លះអាចស្គាល់ច្បាស់ថា ស្លឹកវាមានរសបែបណា សណ្ឋានបែបណា ប៉ុន្ដែប្រហែលមានពលរដ្ឋតិចណាស់ធ្លាប់បានភ្លក់រសជាតិផ្លែរបស់ម្ជូរប្រភេទនេះ។ ទន្ទឹមនឹងនោះ មានអ្នកអាចនឹងមិនហ៊ានសាកផងព្រោះខ្លាចពុល។

ផ្លែទ្រមូងទុំ
 
ក្នុងដំណើររបស់អ្នកសារព័ត៌មានថ្មីៗ២៥ទៅកាន់សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ស្ថិតក្នុងឃុំខ្នារពោធិ៍ស្រុកសូទ្រនិគម ខេត្តសៀមរាប មានផ្លែទ្រមូងច្រើនគួរសមនៅក្នុងព្រៃសហគមន៍ ប៉ុន្ដែភ្ញៀវភាគច្រើនមិនស្គាល់ និងភ្ញាក់ផ្អើលនៅពេលសហគមន៍ប្រាប់ថា ផ្លែទ្រមូងអាចបរិភោគបានដូចផ្លែឈើព្រៃផ្សេង។ លោក ថោ  ច័ន្ទ ភិរម្យ ជាទេសចរទៅកម្សាន្តនៅតំបន់នោះបានប្រាប់ថា ជាលើកដំបូងដែលលោកឮគេថា ម្ជូរទ្រមូងមានផ្លែអាចហូបផ្លែបាន។ បុរសរូបនេះ ធ្លាប់បានបរិភោគស្លឹក ដោយយកទៅស្លម្ជូរ ប៉ុន្ដែក្រៅពីនេះមិនបានដឹងព័ត៌មានអ្វីផ្សេងពីទ្រមូងឡើយ។ 
 
នៅតាមផ្លូវទៅរើសផ្លែទ្រមូងក្នុងព្រៃសហគមន៍ទឹកជប់ខ្នារពោធិ៍លោក ភិរម្យ ដើរបណ្ដើរនិយាយបណ្ដើរថា លោកមិនដែលដឹងថា ទ្រមូងមានផ្លែ កុំថាឡើយអាចហូបផ្លែបាន។ បុរសមានស្រុកកំណើតក្នុងខេត្តកណ្ដាលរូបនេះ បានដើរកាត់ព្រៃប្រមាណ១០នាទីដើម្បីមើល  និងរើសទ្រមូងមកភ្លក់ដោយផ្ទាល់។
 
«ផ្លែវាបែបនេះ! ខ្ញុំឃើញជាលើកទីមួយ ខ្ញុំភ្លក់សិន....វាជូរ»។ នេះសំឡេងដែលលោក បន្លឺឡើងបន្ទាប់ពីភ្លក់ទ្រមូងជាលើកទីមួយ។ បុរសរូបនេះ សម្រេចចិត្តដើរទៅមុខបន្ត ដើម្បីរើសផ្លែទ្រមូងនៅដើមផ្សេងពីនេះ។  លោក ភិរម្យប្រទះដើមទ្រមូងមួយដើមទៀត ឃើញផ្លែទុំជ្រុះប្រញាប់រើសមកចិតភ្លក់ និងបន្លឺសំឡេងដូច្នេះ៖ « មួយនេះជូរអែម ឆ្ងាញ់ណាស់។ ខ្ញុំគិតថា រសជាតិនេះខ្ញុំពេញចិត្ត»។

លោក ថោ  ច័ន្ទ ភិរម្យ
 
ថ្ងៃបាក់រសៀល មេឃបង្អុរភ្លៀងតិចៗធ្វើឱ្យទេសចរប្រមាណ៨នាក់ត្រូវឈប់ ដើម្បីជ្រកភ្លៀងក្នុងរោង របស់សហគមន៍ទន្ទឹមពេលដែលក្រុមលោក ភិរម្យ ទើបនឹងចេញពីព្រៃរើសផ្លែកោ
លោក ស៊ូ រិទ្ធ ជាភ្ញៀវមកកម្សាន្តនៅទឹកជប់ខ្នារពោធិ៍ភ្ញាក់ផ្អើលនៅពេលដឹងថា ផ្លែទ្រមូងអាចបរិភោគបាន។ ជាអ្នករស់នៅខេត្តសៀមរាប និងស្គាល់ផ្លែឈើព្រៃបានច្រើនគួរសម ប៉ុន្ដែចំពោះផ្លែទ្រមូង លោក រិទ្ធ មិនដែលដឹងថាគេបរិភោគបានឡើយ។ ទន្ទឹមនេះ នៅពេលលោកងាកទៅសួរអ្នករួមដំណើរមកជាមួយក៏មិនមានអ្នកណាដឹងថា ផ្លែទ្រមូងអាចបរិភោគបានដែរ។
 
«ពុលទេអី! ខ្ញុំអាចភ្លក់បានទេ។ ទេមិនដែលដឹងសោះ ផ្លែនេះគេហូប ធ្លាប់ដឹងតែគេហូបស្លឹកប៉ុណ្ណោះតាំងពីកើតមក»។ នេះការលើកឡើងរបស់លោក រិទ្ធ ដោយបន្ថែមថា កន្លងមកអ្នកស្រុកភូមិបានត្រឹមប្រើស្លឹក  ចំណែកឯផ្លែកម្របានឃើញណាស់  មួយវិញទៀតមិនដែលមានអ្នកនាំហូប ទើបមិនដឹងថាហូបបានដូចផ្លែឈើព្រៃផ្សេងទៀត។

លោក ស៊ូ រិទ្ធ
 
មិនខុសគ្នាប៉ុន្មានពីលោក រិទ្ធ សម្រាប់អ្នកស្រី តុក ចន្ធូ ដែលជាអ្នករួមដំណើរចូលមកកម្សាន្តក្នុងសហគមន៍ខាងលើ  ក៏មិនស្គាល់ផ្លែទ្រមូងដែរ។ អ្នកស្រីថា ទោះជាដើរចួបនៅក្នុងព្រៃ មានផ្លែនេះជ្រុះពេញដីក៏មិនរើស ព្រោះខ្លាចពុល។ ប៉ុន្ដែបន្ទាប់ពីពេលនេះទៅ នៅពេលដើរព្រៃចួប អ្នកស្រីនឹងរើសហូប ព្រោះវាមានរសជាតិឆ្ងាយ មិនចាញ់ផ្លែឈើផ្សេងទេ។ ស្រ្តីរូបនេះនិយាយដូច្នេះ៖ « រសជាតិប្លែក ប្រហែលផ្លែមង្ឃុត។ ទើបតែស្គាល់ជាតិវា មិនស្គាល់ទេពីមុន។ ផ្លែនេះនៅកន្លែងផ្សេងមិនសម្បូរឡើយ មកក្នុងសហគមន៍នេះទើបឃើញមានហ្នឹង»៕


អ្នកស្រី តុក ចាន់ធូ

 

Tag:
 ម្ជូរទ្រមូង
  ផ្លែឈើព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com