អន្តរជាតិ
លោកប្លីងខិន៖ អាម៉េរិកគាំទ្រហ្វីលីពីន និងជំទាស់សកម្មភាពចិននៅសមុទ្រចិនខាងត្បូង
12, Jul 2022 , 8:29 pm        
រូបភាព
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ AFP
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី១១ ខែកក្កដា (ម៉ោងនៅអាម៉េរិក) បានអះអាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ឈរនៅជាមួយសម្ព័ន្ធមិត្ត ហ្វីលីពីន ក្នុងការការពារសិទ្ធិ និងជំទាស់សកម្មភាពបង្កអរិភាព រួមទាំងការសម្លុតរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង។ ការលើកឡើងរបស់ប្រមុខការទូតអាម៉េរិកនេះ ធ្វើឡើងស្របពេលខួប៦ឆ្នាំ ដែលតុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍ចេញសេចក្តីសម្រេច ជុំវិញបណ្ដឹងរបស់ហ្វីលីពីនប្រឆាំងចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង។

 
ក្នុងថ្ងៃទី១១ ខែកក្កដា កាលពី៦ឆ្នាំមុន តុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានចេញសេចក្តីសម្រេចមួយ ដោយសម្រេចឱ្យហ្វីលីពីនឈ្នះក្ដីក្នុងសំណុំរឿងទាមទារដែនទឹកសមុទ្រចិនខាងត្បូង។ ចិនច្រានចោលការសម្រេចនេះ ខណៈហ្វីលីពីនដែលឈ្នះក្ដី ក៏មិនអាចអនុវត្តសាលក្រមនេះដែរ។
 
ស្របគ្នានឹងខួប ៦ឆ្នាំនេះ ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន បានសរសេរលើបណ្តាសង្គម Twitter ថា អាម៉េរិក នឹងឈរជាមួយហ្វីលីពីន និងជំទាស់ការសម្លុតរបស់ចិនក្នុងសមុទ្រចិនខាងត្បូង។ 
 
«យើងឈរជាមួយសម្ព័ន្ធមិត្ត ហ្វីលីពីន ក្នុងការការពារសិទ្ធិរបស់ខ្លួន ហើយជំទាស់សម្មភាពបង្ករឿង និងការបំភ័យរបស់ចិន»។ លោក ប្លីងខិន បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១១ ខែកក្កដា។ 
 
ក្នុងថ្ងៃដដែលនោះ ក្រសួងការបរទេសអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍មួយ​ ដោយបន្តប្តេជ្ញារក្សាសមុទ្រចិនខាងត្បូងឱ្យនៅជាតំបន់បើកចំហ និងសេរី ដោយផ្អែកតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផង។ មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ជាថ្មីពីសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ដែលបានបដិសេធការពង្រីកដែនយុត្តាធិការរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង។ 
 
លើសពីនេះ ក្រសួងការបរទេសអាម៉េរិក បានព្រមានថា រាល់ការវាយប្រហារប្រដាប់អាវុធលើ កម្លាំងទ័ព នាវាសាធារណៈ និងយន្តហោះហ្វីលីពីននៅក្នុងសមុទ្រចិនខាងត្បូង នឹងធ្វើឱ្យក្រុងវ៉ាស៊ីនតោនអនុវត្តការប្តេជ្ញាការការពារទៅវិញទៅមក ដែលមានចែងក្នុងសន្និសញ្ញាការពារទៅវិញទៅមកឆ្នាំ១៩៥១។ កិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យហ្វីលីពីន និងអាម៉េរិក គាំទ្រគ្នាទៅវិញទៅមក ក្នុងករណីប្រទេសទីបី វាយប្រហារភាគីណាមួយ។ 
 
មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍ដដែលនោះ ក៏បានអំពាវនាវឱ្យចិន គោរពកាតព្វកិច្ចរបស់ខ្លួនដែលមានចែងក្នុងច្បាប់អន្តរជាតិផង ដើម្បីកាត់បន្ថយសកម្មភាពអរិភាព។ ត្រង់ចំណុចនេះ ក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ថា ខ្លួននឹងធ្វើការជាមួយសម្ព័ន្ធមិត្ត ប្រទេសជាដៃគូ ក៏ដូចជាប្រទេសក្នុងតំបន់ ដូចអាស៊ាន ដើម្បីការពារសណ្តាប់ធ្នាប់អន្តរជាតិ។ 
 
កន្លងមក ចិន បានបដិសេធសេចក្តីសម្រេចរបស់ស្ថាប័នអន្តរជាតិមួយនេះ ដោយសំអាងថា ជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ជាជម្លោះអធិបតេយ្យសុទ្ធសាធ ប៉ុន្តែមិនមែនជាការទាមទារសិទ្ធិរុករកធនធានធម្មជាតិឡើយ។ 
 
ចំណែកលោកFerdinand Marcos Jr ប្រធានាធិបតីហ្វីលីពីនថ្មី បានលើកឡើងថា លោក​មិន​ចង់ឱ្យទំនាក់ទំនងរវាងក្រុងម៉ានីល និងក្រុងប៉េកាំងវិលវល់ត្រឹមតែជម្លោះសមុទ្រចិន​ខាង​ត្បូង​នោះ​ឡើយ។​​ ផ្ទុយទៅវិញ លោក Marcos Jr ចង់បានកិច្ចសហប្រតិបត្តិការផ្សេងៗទៀតជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។  ឯលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិនក្នុងដំណើរទស្សនកិច្ចនៅហ្វីលីពីន បានថ្លែងប្រាប់សមភាគីហ្វីលីពីន លោក Enrique Manalo ថា ទំនាក់ទំនងចិន-ហ្វីលីពីន នឹងអាចឈានចូលយុគមាស បើប្រទេសទាំងពីសហការជាមួយគ្នាបានល្អ៕ 
 

Tag:
 ចិន
  អាម៉េរិក
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com