អន្តរជាតិ
ស្ថានទូតរុស្ស៊ីប្រចាំមីយ៉ាន់ម៉ា៖ លោក មីន អ៊ុងឡាំង ទៅមូស្គូជាលក្ខណៈឯកជន
13, Jul 2022 , 10:58 am        
រូបភាព
លោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា។ រូបភាពយកពីក្រសួងការពារជាតិរុស្ស៊ី
លោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា។ រូបភាពយកពីក្រសួងការពារជាតិរុស្ស៊ី
ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែកក្កដា បានបង្ហាញវត្តមាននៅក្នុងក្រុងមូស្គូ ដោយស្ងាត់ៗ។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតរុស្ស៊ីប្រចាំនៅមីយ៉ាន់ម៉ា។ ទស្សនកិច្ចនេះ ធ្វើឡើងស្របពេលអាម៉េរិក សន្យាដាក់សម្ពាធបន្ថែមទៀតលើរបបសឹក ដើម្បីជួយឱ្យមីយ៉ាន់ម៉ាវិលត្រលប់ទៅរកប្រជាធិបតេយ្យឡើងវិញ។

 
ស្ថានទូតរុស្ស៊ីប្រចាំនៅមីយ៉ាន់ម៉ា បានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax ថា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា បានធ្វើដំណើរទៅក្រុងមូស្គូ ក្នុងលក្ខណៈ​ឯកជន។ បើតាមស្ថានទូតរុស្ស៊ី មេដឹកនាំយោធាមីយ៉ាន់ម៉ា នឹងចូលរួមក្នុងពិធីបើកមជ្ឈមណ្ឌលវប្បធម៌មីយ៉ាន់ម៉ាមួយ។ 
 
មិនតែប៉ុណ្ណោះ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី បានបញ្ជាក់ថា លោក មីន អ៊ុងឡាំង នឹងជួបជាមួយមន្រ្តីធ្វើការនៅទីភ្នាក់ងារនុយក្លេអ៊ែរ និងអវកាសរុស្ស៊ី។ 
 
ក្នុងដំណើរទស្សនកិច្ចនេះ លោក មីន អ៊ុងឡាំង ក៏បានជួបជាមួយមន្រ្តីជាន់ខ្ពស់រុស្ស៊ីផងដែរ។ តាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិរុស្ស៊ី ភាគីទាំងពីរ បានបញ្ជាក់ពីការប្តេជ្ញាចំពោះការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យយោធារបស់ប្រទេសទាំងពីរ។ 
 
ដំណើរទស្សនកិច្ចបែបឯកជននៅក្រុងមូស្គូនេះ ធ្វើឡើងបន្ទាប់ពីលោក អាន់តូនី ប្លីនខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ក្នុងដំណើរទស្សនកិច្ចនៅថៃ បានសន្យាដាក់សម្ពាធបន្ថែមទៀត លើរបបសឹកដើម្បីឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះ វិលត្រលប់ទៅរកការអនុវត្តប្រជាធិបតេយ្យឡើងវិញ។ មិនតែប៉ុណ្ណោះ ប្រមុខការទូតអាម៉េរិក បានអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ា អនុវត្តការឯកភាព៥ចំណុច ដែលដាក់ចេញដោយអាស៊ាន។ 
 
មកទល់ពេលនេះ បើទោះយោធាមីយ៉ាន់ម៉ា បានប្រកាសអនុវត្តបទឈប់បាញ់ក៏ដោយ ប៉ុន្តែយោធាមីយ៉ាន់ម៉ា នៅតែបន្តបះទង្គិចជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយចំនួន ដែលធ្វើឱ្យប្រជាជនស៊ីវិលជាច្រើនរូប ​ត្រូវចាកចេញពីផ្ទះសម្បែង ដើម្បីរកកន្លែងសុវត្ថិភាព៕ 
 

Tag:
 មីយ៉ាន់ម៉ា
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com