អន្តរជាតិ
ក្រុងកៀវ៖ ជំនួយជាង១ពាន់លានដុល្លារពីអឺរ៉ុប នឹងជួយអ៊ុយក្រែនរក្សាស្ថិរភាពហិរញ្ញវត្ថុក្នុងពេលសង្រ្គាម
13, Jul 2022 , 3:49 pm        
រូបភាព
នាយករដ្ឋមន្រ្តីអ៊ុយក្រែន Denys Shmyhal ។ រូបថត AFP
នាយករដ្ឋមន្រ្តីអ៊ុយក្រែន Denys Shmyhal ។ រូបថត AFP
ប្រមុខរដ្ឋាភិបាលអ៊ុយក្រែន លោក Denys Shmyhal នៅថ្ងៃទី១២ ខែកក្កដា បានសាទរសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបដែលបានអនុម័តផ្តល់កញ្ចប់ជំនួយ ក្នុងទំហំជាង១ពាន់លានដុល្លារ ដល់អ៊ុយក្រែន។ បើតាមប្រមុខរដ្ឋាភិបាលរូបនេះ កញ្ចប់ជំនួយមួយនោះ នឹងជួយអ៊ុយក្រែនរក្សាស្ថិរភាពហិរញ្ញវត្ថុនៅក្នុងប្រទេស ស្របពេលខ្លួនមានសង្រ្គាមជាមួយរុស្ស៊ី។

 
រដ្ឋមន្រ្តីហិរញ្ញវត្ថុសហភាពអឺរ៉ុប នៅថ្ងៃទី១២ ខែកក្កដា បានអនុម័តកញ្ចប់ជំនួយហិរញ្ញវត្ថុក្នុងទំហំជាង១ពាន់លានដុល្លារទៅអ៊ុយក្រែន។ នេះជាកញ្ចប់ជំនួយលើកដំបូង ដែលជាផ្នែកមួយនៃកញ្ចប់ថវិកាចំនួន៩ពាន់លានដុល្លារ ដែលមេដឹកនាំអឺរ៉ុបសន្យាផ្តល់ឱ្យក្រុងកៀវនៅក្នុងខែឧសភាកន្លងទៅ។ 
 
បន្ទាប់ពីការសម្រេចនេះ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal បានអបអរយ៉ាងខ្លាំង ដោយចាត់ទុកវាមានចាំបាច់ ក្នុងការជួយអ៊ុយក្រែន។ 
 
«ជំនួយ ដែលត្រូវបានរដ្ឋមន្រ្តីហិរញ្ញវត្ថុសហភាពអឺរ៉ុប អនុម័តមុននេះ នឹងជួយអ៊ុយក្រែនរក្សាស្ថិរភាពហិរញ្ញវត្ថុ ស្របពេលមានជម្លោះជាមួយរុស្ស៊ី»។ ប្រមុខរដ្ឋាភិបាលអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ តាមរយៈប្រព័ន្ធ Telegram ទៅកាន់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១២ ខែកក្កដា។​ ទន្ទឹមនេះ លោក Shmyhal បានបន្ថែមថា រដ្ឋាភិបាលក្រុងកៀវ កំពុងស្វះស្វែងរកជំនួយហិរញ្ញវត្ថុជាង ២០០លានដុល្លារទៀត ពីអ៊ីតាលី ក្នុងលក្ខខណ្ឌអនុគ្រោះ។ 
 
ក្នុងថ្ងៃដដែលនោះ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បានបញ្ជាក់ថា ក្រុងកៀវ បានទទួលជំនួយហិរញ្ញវត្ថុចំនួន១,៧ពាន់លានដុល្លារពីអាម៉េរិក ដើម្បីគ្រប់គ្រងលើការចំណាយរបស់រដ្ឋសម្រាប់សេវាវេជ្ជសាស្រ្ត ក្រោមកម្មវិធីការធានាវេជ្ជសាស្រ្ត។ 
 
នៅក្នុងខែមិថុនាកន្លងមក រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៊ុយក្រែន លោក Serhiy Marchenko បានថ្លែងក្នុងវេទិកាសាធារណៈមួយថា ក្រុងកៀវ បានគ្រោងកៀរគរជំនួយអន្តរជាតិ ក្នុងទំហំ ២០ពាន់លានដុល្លារ ពីដៃគូប្រទេសលោកខាងលិច នៅដំណាច់ឆ្នាំ ២០២២។ 
 
សូមបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ប្រទេសខាងលិច បានផ្តល់ជំនួយយោធា និងមនុស្សធម៌ជាច្រើនលានដុល្លារ ដើម្បីទប់នឹងរុស្ស៊ី ដែលកំពុងផ្តោតប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ភាគខាងកើតអ៊ុយក្រែន៕ 
 

Tag:
 អ៊ុយក្រែន
  អឺរ៉ុប
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com