កីឡាអន្តរជាតិ
អន្តរជាតិ
Pogba ថា ប្តូរគ្រូច្រើនពេកធ្វើឱ្យគេបាត់សមត្ថភាពនិងឱកាសជោគជ័យនៅអង់គ្លេស
× ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ថ្ងៃទី១២ ខែកក្កដា បង្ហាញការមិនពេញចិត្តចំពោះការប្ដូរគ្រូបបន្តបន្ទាប់នៅអង់គ្លេស។ Pogba ដែលត្រឡប់ទៅចូលរួមជាមួយ Juventus វិញ អះអាងថា ការប្ដូរគ្រូញឹកញាប់នៅក្រុម Manchester United បានធ្វើឱ្យរូបគេបាត់សមត្ថភាព និងភាពជោគជ័យនៅអង់គ្លេស។
Pogba វិលទៅទ្រនំចាស់ Juventus ក្រោយពេលប្រកាសចាកចេញពីក្រុមបិសាចក្រហម។ កាលពីឆ្នាំ ២០១៦ ខែ្សបម្រើវ័យ ២៩ឆ្នាំរូបនេះ បានផ្លាស់ទៅ Man United ពីក្រុមសេះបង្កង់របស់អ៊ីតាលី ក្នុងនាមជាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេប្រចាំនៅ Premier League ហើយបំបែកកំណត់ត្រាពិភពលោកទៀត។
និយាយក្នុងសន្និសីទកាសែតលើកដំបូងនាថ្ងៃទី១២ នៅក្លិបថ្មី Juventus ខ្សែបម្រើធ្លាប់ឈ្នះពាន World Cup រូបនេះបានប្រាប់ពីមូលហេតុដែលរូបគេសម្រេចចិត្តចាកចេញ និងបញ្ហាផ្សេងអំឡុងពេលស្នាក់នៅ Old Trafford ។
«ខ្ញុំរីករាយសម្រាប់ជម្រើសដែលបានរើសសម្រាប់ជីវិតខ្ញុំ។ ពេលខ្លះអ្នកបង្កើតជម្រើសតែវាមិនទទួលបានផលដូចអ្វីដែលយើងរំពឹង ប៉ុន្តែឆ្នាំដែលលេងនៅ Manchester ខ្ញុំបានរៀនច្រើន ហើយបានរីកចម្រើន។ ការផ្លាស់ប្តូរគ្រូបង្វឹកជារៀងរាល់ឆ្នាំ ធ្វើឱ្យខ្ញុំមានការលំបាកខ្លាំង ជាមួយការរងរបួសគួបផ្សំគ្នា។ រឿងនេះក៏ជាផ្នែកមួយដ៏សំខាន់ដែលរារាំងខ្ញុំពីភាពជោគជ័យ។» Pogba និយាយបែបនេះ។
នេះជាលើកទីពីរដដែល Pogba បានចូលរួមជាមួយ Juventus ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួនពីក្រុមបិសាចក្រហម Man United។ ចាប់ផ្តើមរដូវកាលថ្មីជាមួយក្លិបអ៊ីតាលី Pogba ក៏សង្ឃឹមថា នឹងអាចបង្ហាញទម្រង់លេងល្អឡើងវិញនៅក្នុងក្របខណ្ឌ Serie A៕
Tag:
Paul Pogba
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com