ជាតិ
តម្លៃសំបុត្រយន្តហោះកើនទ្វេ និងនយោបាយ «សូន្យកូវីដ» ចិន ធ្វើឱ្យប៉ះពាល់វិស័យទេសចរណ៍កម្ពុជា
14, Jul 2022 , 2:29 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានថ្លែងថា គោលនយោបាយ «សូន្យកូវីដ» របស់ចិន និងតម្លៃសំបុត្រយន្តហោះកើនទ្វេដង ជាផ្នែកមួយដ៏ធំ ដែលប៉ះពាល់ដល់ទេសចរណ៍កម្ពុជា។

 
សម្ដេច ហ៊ុន សែន ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការ ដំណាក់កាលទី២ នាថ្ងៃទី១៤ កក្កដា ថា វិស័យទេសចរណ៍កម្ពុជា បានប៉ះពាល់យ៉ាងខ្លាំង ដោយសារកូវីដ-១៩ រយៈពេល២ឆ្នាំ។ លើសពីនេះ គោលនយោបាល «សូន្យកូវីដ» របស់ចិន នឹងបន្តប៉ះពាល់វិស័យទេសចរណ៍កម្ពុជា រហូតដល់ពេលប្រទេសចិន ដកចេញគោលនយោបាយនេះនៅឆ្នាំ២០២៣។
 
«នៅពេលដែលចិន អនុវត្តនយោបាយសូន្យកូវីដនេះ បានធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូន ប៉ុន្តែបញ្ហាធំជាងគេ គឺពាក់ព័ន្ធការធ្វើដំណើររបស់ពលរដ្ឋចិនមកកាន់តំបន់នានា។ កម្ពុជា ក៏ទទួលរងផលប៉ះពាល់ពីនយោបាយសូន្យកូវីដរបស់ចិន»។ សម្ដេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះ។ 
 
ក្រសួងទេសចរណ៍ បានព្យាករថា ប្រសិនបើ ចិន ដកគោលនយោបាយ «សូន្យកូវីដ» ចេញនៅឆ្នាំ២០២៣ វិស័យទេសចរណ៍កម្ពុជា នឹងងើបឡើងវិញ និងមានទេសចរអន្តរជាតិប្រមាណ ៧លាននាក់នៅឆ្នាំ២០២៦។ ប៉ុន្តែករណីចិន មិនដកគោលនយោបាយនេះ កម្ពុជា នឹងទទួលបានទេសចរ៧លាននាក់នៅឆ្នាំ២០២៧។ ការណ៍នេះ បញ្ជាក់ យ៉ាងច្បាស់ថា ទេសចរណ៍កម្ពុជា មួយផ្នែកធំ ពឹងផ្អែកទេសចរចូលមកពីចិន។ 


 
សម្ដេច ហ៊ុន សែន ក៏បានប្រាប់ទៅកាន់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឱ្យគិតគូរបន្ថែមករណីចិនមិនដកគោលនយោបាយនេះ នៅឆ្នាំ២០២៣ខាងមុខ។ 
 
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅឆ្នាំ២០២១  ថៃ ជាប់លេខ១ និង ចិន ឈរលេខ២ ដែលជាទីផ្សារទេសចរណ៍សំខាន់ៗ ចូលមកកម្ពុជា។ កម្ពុជា ទទួលបានទេសចរថៃ ចំនួន ៨១ ៨៤៤នាក់ ស្មើនឹង ៤១,៧ភាគរយ នៃចំនួនសរុប ដែលថយចុះ ៦១,២ភាគរយ។ ទេសចរចិន ចូលមកកម្ពុជាចំនួន ៤៥ ៧៧៥នាក់ ស្មើនឹង២៣,៣ភាគរយ ដោយថយចុះ ៨៦,១ ភាគរយ។ 
 
លើសពីនេះ សម្ដេច ហ៊ុន សែន ក៏បានថ្លែងពីតម្លៃសំបុត្រយន្តហោះថ្លៃ ដែលបានប៉ះពាល់ចំនួនទេសចរអន្តរជាតិ ពីអឺរ៉ុប និងអាម៉េរិក។ «សំបុត្រ យន្តហោះកាន់តែថ្លៃ។ សភាពការណ៍នេះ នឹងកាន់តែលំបាក»។ លោកនាយករដ្ឋមន្រ្តីថ្លែងខ្លីដូច្នេះ។ 
 
ក្នុងឆ្នាំ២០២១ ទេសចរអន្តរជាតិ ចូលមកកម្ពុជាតាមផ្លូវអាកាស មានចំនួន ៩៩ ៨២៩នាក់ ស្មើនឹង ៥០,៨ភាគរយ ប៉ុន្តែថយចុះ ៨៦,៨ភាគរយ ធៀបនឹងឆ្នាំ២០២០។ ការថយចុះនេះ បណ្ដាលមកពីកង្វះជើងហោះហើរ ដែលនាំឱ្យសំបុត្រយន្តហោះ ឡើងថ្លៃទ្វេដង។ 


 
បើតាមក្រសួងទេសចរណ៍ ឆ្នាំ២០២១ កម្ពុជា ទទួលបានទេសចរមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៧៩ ៥២៨នាក់ ស្មើនឹង៩១,៧ភាគរយ ដោយថយចុះ៨១,៩ភាគរយ។ ទេសចរពីតំបន់អាស៊ាន ចូលមកកម្ពុជាចំនួន១១៨ ៥៧២នាក់ ស្មើនឹង៦០,៣ភាគរយ ដោយថយចុះ ៧៦,១ភាគរយ។ ទេសចរចូលមកកម្ពុជាពីអាម៉េរិក មានចំនួន ៧ ៥០៧នាក់ ស្មើនឹង៣,៨ភាគរយ ដោយថយចុះ ៩១ភាគរយ។ ចំណែកអឺរ៉ុប ទេសចរចូលមកកម្ពុជា មានចំនួន៩ពាន់នាក់ ស្មើនឹង៤,៦ភាគរយ ដោយថយចុះ ៧៦,១ភាគរយ។ 
 
យ៉ាងណាមិញនៅឆ្នាំ២០២២នេះ កម្ពុជារំពឹងថាទទួលបានទេសចរអន្តរជាតិប្រមាណ ៨០ម៉ឺន ទៅ១លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ ១០ទៅ១១លាននាក់។ តាមរបាយការណ៍ពីក្រសួងទេសចរណ៍រយៈពេល ៦ខែនៃឆ្នាំ២០២២នេះ ទេសចរអន្តរជាតិចូលមកកម្ពុជាមានជាង ៥០ម៉ឺននាក់ដែលបង្ហាញពីភាពជោគជ័យជាង ៥០ភាគរយសម្រាប់ក្ដីរំពឹងក្នុងឆ្នាំ២០២២នេះ ។ ចំណែកទេសចរជាតិ ៦លាននាក់ និងទេសចរបរទេសផ្ទៃក្នុងជាតិ ៧០ម៉ឺននាក់៕

Tag:
 ទេសចរណ៍
  សម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com