អន្តរជាតិ
ប្រធានាធិបតីស្រីលង្កា ផ្ញើលិខិតលាលែងពីតំណែងពីសិង្ហបុរីទៅសភាស្រីលង្កា
15, Jul 2022 , 10:21 am        
រូបភាព
លោក ហ្គោតាបាយ៉ា រ៉ាចាប់ាក់សា អំឡុងពេលកាន់អំណាច។ រូបថត AFP
លោក ហ្គោតាបាយ៉ា រ៉ាចាប់ាក់សា អំឡុងពេលកាន់អំណាច។ រូបថត AFP
ដោយ:
ប្រធានាធិបតីស្រីលង្កា នៅថ្ងៃទី១៤ ខែកក្កដា បានបញ្ជូនសំបុត្រលាលែងពីតំណែងទៅឱ្យសភាស្រីលង្កា ក្រោយភៀសខ្លួនទៅដល់សិង្ហបុរី។ ការិយាល័យប្រធានសភាស្រីលង្កាប្រកាសបែបនេះ។ ការលាលែងនេះធ្វើឡើងបន្ទាប់ពីក្រុមបាតុករបានសម្រុកចូលការិយាល័យប្រធានាធិបតី និងនាយករដ្ឋមន្រ្តីស្រីលង្កាអស់រយៈពេលជាច្រើនថ្ងៃដើម្បីទាមទារឱ្យលោកទាំងពីរចុះចេញពីតំណែង។

 
ក្រោយចាកចេញពីម៉ាល់ឌីវ លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា បានភៀសខ្លួនទៅដល់សិង្ហបុរីនៅថ្ងៃទី១៤ ខែកក្កដា មុនបន្តទៅអេមីរ៉ាតអារ៉ាប់រួម។ ក្រសួងការបរទេសសិង្ហបុរីបញ្ជាក់ថា ប្រធានាធិបតីស្រីលង្ការូបនេះ​ត្រូវបានអនុញ្ញាតឱ្យចូលទឹកដីសិង្ហបុរីសម្រាប់ដំណើរទស្សនកិច្ចឯកជនប៉ុណ្ណោះ។ បន្ថែមពីនេះ លោក រ៉ាចាប៉ាក់សា មិនបានសុំសិទ្ធិជ្រកកោន ឬត្រូវបានផ្តល់សិទ្ធិជ្រកកោនដោយរដ្ឋាភិបាលសិង្ហបុរីនោះទេ។
 
ប៉ុន្មានម៉ោងក្រោយទៅដល់សិង្ហបុរីដើម្បីគេចវេសពីលទ្ធភាពនៃការចាប់ខ្លួនក្រោយលោកលាលែងពីតំណែងជាផ្លូវការ ប្រធានាធិបតីស្រីលង្កាបានបញ្ជូនលិខិតចុះចេញពីតំណែងទៅឱ្យប្រធានសភាស្រីលង្កាតាមរយៈអ៊ីមែល។ អ្នកនាំពាក្យប្រធានសភាស្រីលង្កា លោក Indunil Yapa លើកឡើងថា សំបុត្រលាលែងពីតំណែងរបស់ប្រធានាធិបតីនឹងត្រួតពិនិត្យមុនប្រកាសជាផ្លូវការនៅថ្ងៃទី១៥ ខែកក្កដា។ 
 
« ភាពពិតត្រឹមត្រូវ និងភាពស្របច្បាប់នៃអ៊ីមែលនឹងត្រូវតែត្រួតពិនិត្យមើល មុនពេលត្រូវបានទទួលយកជាផ្លូវការ»។ លោក ​Yapa ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ។
 
លោក រ៉ាចាប៉ាក់សា នឹងក្លាយជាប្រធានាធិបតីដែលលាលែងពីតំណែងដំបូងគេ តាំងពីស្រីលង្កាអនុម័តរបបប្រធានាធិបតីនិយមនៅឆ្នាំ១៩៧៨។ ក្រុមអ្នកតវ៉ានៅក្រៅការិយាល័យប្រធានាធិបតីស្រែកច្រៀងអបអរ ខ្លះគ្រវីទង់ជាតិ ក្រោយបានឮដំណឹងពីការលាលែងពីតំណែងនេះ។ យ៉ាងណាមិញ អ្នកតវ៉ាម្នាក់ប្រាប់អ្នកកាសែតថា នេះជាជ័យជម្នះដ៏អស្ចារ្យមួយពិតមែន ប៉ុន្តែវាគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។
 
កន្លងមក លោក រ៉ាចាប៉ាក់សា បានប្រកាសលាលែងពីតំណែងជាផ្លូវការនៅថ្ងៃទី១៣ ខែកក្កដា ដើម្បីបើកផ្លូវសម្រាប់រដ្ឋាភិបាលថ្មីមានតំណាងគ្រប់ភាគីចូលកាន់តំណែងបណ្ដោះអាសន្ន ប៉ុន្តែបានភៀសខ្លួនទៅម៉ាល់ឌីវមុនពេលចុះចេញពីតំណែងជាផ្លូវការ​។ នាយករដ្ឋមន្រ្តីស្រីលង្កា Ranil Wickremesinghe​​ ដែលបានប្រកាសថានឹងលាលែងពីតំណែងដែរនោះ បានក្លាយជាប្រធានាធិបតីស្តីទី ហើយដាក់ប្រទេសក្នុងស្ថានភាពអាសន្ន និងបម្រាមគោចររហូតដល់ព្រឹកថ្ងៃទី១៥ ខែកក្កដាដើម្បីទប់ទល់នឹងក្រុមបាតុករ។
 
ខណៈវិបត្តិនយោបាយ និងសេដ្ឋកិច្ចកាន់តែដុនដាបទៅ សភាស្រីលង្កាបានប្រកាសពីគម្រោងរៀប​ចំការ​បោះឆ្នោត​ជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី២០ ខែកក្កដាខាងមុខនេះ។ មេដឹកនាំបក្សប្រឆាំងលោក Sajith Premadasa ដែលទទួលបានអាសនៈចំនួន៥៤ នៅក្នុងសភាប្រកាសថាបានត្រៀមខ្លួនជាស្រេចដើម្បីឈានជើងចូលក្នុងរដ្ឋាភិបាល៕
 
 
 
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com