កីឡាអន្តរជាតិ
អន្តរជាតិ
ទីក្រុងតូក្យូ ប្រជែងឈ្នះសិង្ហបុរី រៀបចំព្រឹត្តិការណ៍កីឡា World Athletics ឆ្នាំ២០២៥
15, Jul 2022 , 8:29 pm        
រូបភាព
​ទីក្រុងតូក្យូ បានឈ្នះការដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អត្តពលកម្មពិភពលោក ឬ World Athletics (WA) 2025 ពីប្រទេសសិង្ហបុរី, ទីក្រុង ណៃរ៉ូប៊ី ប្រទេសកេនយ៉ា និងតំបន់ស៊ីលីសៀរបស់សាធារណរដ្ឋឆែក។ នេះបើតាមលោក Sebastian Coe ប្រធានសហព័ន្ធអត្តពលកម្មពិភពលោក World Athletics នៅថ្ងៃទី១៤ ខែកក្កដា។

 
ទីក្រុងតូក្យូ នឹងវិលត្រលប់រៀបចំព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសារជាថ្មីម្តងទៀត ក្រោយពេលទីក្រុងស្ថិតដ៏ធំបំផុតក្នុងប្រទេសជប៉ុនមួយនេះ ធ្លាប់បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ក្នុងឆ្នាំ ២០២០។ ព្រឹត្តិការណ៍អូឡាំពិកតូក្យូត្រូវបានសហព័ន្ធអត្តពលិកជប៉ុន (JAAF) រៀបចំដោយមានការបិទខ្ទប់ ដោយសារបញ្ហាជំងឺកូវីដ-១៩។
 
«ទីក្រុងតូក្យូបានទទួលការពេញចិត្ត សម្រាប់ការផ្តល់ការដេញថ្លៃធ្វើម្ចាស់ផ្ទះយ៉ាងទាក់ទាញរបស់ពួកគេ។ ខ្ញុំសង្ឃឹមថា នេះនឹងដូចជាការរះពន្លឺភ្លឺឡើងជាថ្មីដល់ជប៉ុន ក្នុងពេលដែលពួកគេបានប្រារព្ធខួប ១០០ឆ្នាំនៃការបង្កើតសហព័ន្ធអត្តពលិកជប៉ុន JAAF ក្នុងឆ្នាំ ២០២៥ ដោយការនាំយកព្រឹត្តិការណ៍ពិភពលោកត្រលប់ទៅកាន់ប្រទេសជនក្នុងទីក្រុងតូក្យូ។»។ លោក Sebastian Coe បាននិយាយបែបនេះ ក្រោយមានការសម្រេចពីសំណាក់ក្រុមប្រឹក្សាគ្រប់គ្រង (WA)។
 
ប្រទេសជប៉ុន ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Athletics នេះលើកដំបូងក្នុងឆ្នាំ ១៩៩១ ទីក្រុងតូក្យូ និងលើកទីពីរក្នុងឆ្នាំ ២០០៧ ទីក្រុងអូសាកា។
 
កាលពីខែមីនា សិង្ហបុរី បានដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អត្តពលកម្មពិភពលោក ក្នុងឆ្នាំ ២០២៥ ដោយរំពឹងថា វានឹងក្លាយជាព្រឹត្តិការណ៍កីឡាករពិភពលោកលើកដំបូងក្នុងតំបន់អាស៊ីអាគ្នេហ៍។ នេះបើតាមគេហទំព័រ Sport Singapore (SportSG) ។
 
បើតាមគេហទំព័រកីឡាករ Sport Singapore ដដែលនេះ នាថ្ងៃទី១៥ ខែកក្កដា ប្រទេសសិង្ហបុរី បរាជ័យក្នុងការដេញថ្លៃនេះ ដោយសារការប្រជែងពីសំណាក់ទីក្រុង តូក្យូ ។ ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានប្តេជ្ញានឹងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាករលំដាប់ពិភពលោកនានា ឱ្យបានជោគជ័យនៅពេលបន្ទាប់ទៀត។
 
កន្លងមក សិង្ហបុរីធ្លាប់បានរៀបចំព្រឹត្តិការណ៍កីឡាធំៗជាច្រើនដូចជា កីឡាអូឡាំពិកយុវជន ឬ Youth Olympic ក្នុងឆ្នាំ ២០១០, កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៥, កីឡារប្រណាំងម៉ូតូ GP Championship និងការប្រណាំងរថយន្ត Formula 1។
 
ទីក្រុង Budapest ប្រទេសហុងគ្រី ជាអ្នកទទួលរៀបចំព្រឹត្តិការណ៍ World Athletics ​ក្នុងឆ្នាំ ២០២៣៕
 
 
 

Tag:
 World Athletics 2025
  Singapore
© រក្សាសិទ្ធិដោយ thmeythmey.com