កីឡាអន្តរជាតិ
អន្តរជាតិ
Lukaku ថាត្រលប់ទៅ Chelsea ជាកំហុស
× ខ្សែប្រយុទ្ធ Romelu Lukaku ថ្ងៃទី១៤ ខែកក្កដា បានអះអាងនៅពេលបង្ហាញខ្លួនឡើងវិញឱ្យក្លិប Inter Milan ដោយលើកឡើងថា ការចាកចេញពីក្រុមយក្សអ៊ីតាលីវិលត្រលប់ទៅកាន់ Chelsea រដូវកាលមុន គឺជាកំហុសដ៏ធំ។
«ក្លិបមួយនៅពេលនេះ តើអ្នកដឹងទេខ្ញុំបានចាកចេញ ហើយវាបានក្លាយជាកំហុសដ៏ធំ។ អ្វីដែលយើងបានធ្វើនៅទីនេះ ទាំងក្នុងបន្ទប់ផ្លាស់សម្លៀកបំបាក់ នៅលើទីលាន ទីនេះពិតជាមានទំនាក់ទំនងល្អខ្លាំងណាស់ ហើយពិតជាសំខាន់ដល់ខ្ញុំ ។ ទីនេះគឺសុទ្ធសឹងតែជាមនុស្សដ៏ត្រឹមត្រូវដល់រូបខ្ញុំ យើងលេងនៅទីនេះជាក្រុមតែមួយចិត្តតែមួយ។»។ Lukaku បាននិយាយបែបនេះអំឡុងពេលបង្ហាញខ្លួន។
Lukaku វ័យ ២៩ឆ្នាំ ក្រោយពេលផ្ទេរពីក្រុម Manchester United ទៅកាន់ Inter Milan ក្នុងរដូវកាល ២០១៩-២០ និង ២០២០-២១ រូបគេបានជួយក្រុមអ៊ីតាលីឈ្នះពានរង្វាន់ Serie A ដោយការរកបានគ្រាប់បាល់ចំនួន ៦៤គ្រាប់ពីការបង្ហាញខ្លួនចំនួន ៩៥ប្រកួត ក្នុងចំណោម២រដូវកាលនេះ។ ក្រោយពេលបង្ហាញទម្រង់លេងល្អខ្លាំងនៅអ៊ីតាលី ក្លិប Chelsea ដែលជាក្លិបចាស់របស់គេ បានសម្លឹងឃើញរូបគេម្តងទៀត ហើយក៏បាននាំគេនេះមកកាន់ទឹកដី Stamford Bridge វិញក្នុងរដូវកាល ២០២១-២២។
Romelu Lukaku បានវិលត្រលប់ទៅ Chelsea ក្នុងតម្លៃ ១០៨លានដុល្លារ ដែលជាកំណត់ត្រាក្លិបនៅអង់គ្លេសមួយនេះ។ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិកវិលត្រលប់ទៅ Premier League ដោយការខកចិត្ត ដោយពិបាកក្នុងការស្វែងរកកៅអី ១១នាក់ដំបូងក្រោមការដឹកនាំរបស់ Thomas Tuchel និងការស្វែងរកគ្រាប់បញ្ចូលទីមិនដូចកាលលេងនៅអ៊ីតាលី។ Lukaku រកបានត្រឹមតែ ៨គ្រាប់ប៉ុណ្ណោះពីការបង្ហាញខ្លួនត្រឹមតែ ២៦ប្រកួត។
ចំណែកឯលោក Tuchel ក៏បានឆ្លើយតបទាក់ទងនឹងរឿង Lukaku ប្រាប់ទៅកាន់ទូរទស្សន៍ Sky Sports ក្រោយពេលរូបគេបានវិលត្រលប់ទៅកាន់ក្លិប Inter Milan ថា Lukaku អាចមិនត្រលប់មក Chelsea វិញឡើយបន្ទាប់ពីពេលខ្ចីជើងរួច។
មិនត្រឹមតែប៉ុណ្ណោះគ្រូបង្វឹកវ័យ ៤៨ឆ្នាំរូបនេះ ក៏បានបញ្ជាក់បន្ថែមថា ការចាកចេញរបស់ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំនេះ ទទួលបានការអនុញ្ញាតពីសំណាក់ម្ចាស់ក្លិបថ្មីផ្ទាល់ ស្របតាមអ្វីដែល Lukaku ចង់បាន។
Chelsea ទើបតែទទួលបានខ្សែប្រយុទ្ធថ្មីគឺ Raheem Sterling ពីក្រុមមេឃខៀវ Manchester City ជំនួស Romelu Lukaku នៅតំបន់ប្រយុទ្ធ នៅរដូវកាលក្រោយ ប្រសិនបើគ្មានកីឡាករចំណូលថ្មីបន្ថែមទៀត៕
Tag:
Romelu Lukaku
Thomas Tuchel
© រក្សាសិទ្ធិដោយ thmeythmey.com