ជាតិ
យុវជនសកម្ម សេវាល្អ
​អាជ្ញាធរឃុំអន្លង់ត្នោត ស្នើឱ្យពលរដ្ឋ​រាយការណ៍ករណី​គ្រឿងញៀនមកកម្លាំង​សមត្ថកិច្ច
17, Jul 2022 , 4:29 pm        
រូបភាព
ដោយ៖ បុត្រ​ លក្ខិណា(យុវជនឃុំអន្លង់ត្នោត) 

​ក្រគរ, ពោធិ៍សាត់៖  ប្រជាពលរដ្ឋក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់  បានស្នើឱ្យអាជ្ញាធរ បន្តសកម្មភាពបង្រ្កាប ករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ឱ្យបានសកម្ម ដើម្បី​ធានា​សុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងឃុំ។ ជុំវិញបញ្ហានេះ លោក ឈឹម ពៅ មេប៉ុស្តិ៍នគរបាលឃុំអន្លង់ត្នោត អះអាងថា កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបជាបន្តបន្ទាប់ ហើយចំនួននៃករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន នៅក្នុងបានថយចុះគួរកត់សម្គាល់ដែរ។ លោក ឈឹម ពៅ ស្នើឱ្យពលរដ្ឋជួយរាយការណ៍ករណីនានាពាក់ព័ន្ធនឹងគ្រឿងញៀននេះ មកកាន់កម្លាំងមានសមត្ថកិច្ច ដើម្បីឱ្យអ្នកជំនាញចាត់វិធានការបង្ក្រាប មានប្រសិទ្ធភាព​។

 
អ្នកស្រី​  វ៉ន ​ សារ៉េត ជាប្រជាពលរដ្ឋរស់នៅភូមិថ្គោលធំ ក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មិនសប្បាយចិត្តឡើយ ចំពោះករណីប្រើប្រាស់គ្រឿងញៀន ដែលកំពុងកើតមាននៅក្នុងសហគមន៍របស់អ្នកស្រី។ បើតាមពលរដ្ឋរូបនេះ នៅក្នុងឃុំរបស់ខ្លូន មានសកម្មភាពជួញដូរ និងការប្រើប្រាស់គ្រឿងញៀន មានសកម្មភាពខ្លះ ហើយបញ្ហានេះ ធ្វើឱ្យអ្នកស្រីព្រួយបារម្ភថាអាចអូសទាញដល់ក្មេងៗ និងយុវជនផ្សេងទៀតនៅក្នុងឃុំ។  «ពេលដែលមានអ្នកជួញដូរគ្រឿងញៀនក្នុងភូមិ​ ទីមួយគាត់ភ័យខ្លាចមានការអូសទាញក្មេងៗ ជំនាន់ក្រោយ ការសិក្សាការរៀនសូត្រ មិនបានទៅមុខ ទីពីរ គាត់បារម្ភចំពោះសុវត្ថិភាព»។ អ្នកស្រី វ៉ន ​ សារ៉េត។
 
​ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្គោលធំ បានលើកឡើងថា កន្លងមក មានអាជ្ញាធរចុះបង្ក្រាបដែរ​។ នៅពេលមានចុះមកបង្ក្រាប ​សកម្មភាពប្រើប្រាស់ និងជួញដូរគ្រឿងញៀន ហាក់ស្ងាត់បាត់មួយរយៈ ប៉ុន្តែនៅពេលដែលអាជ្ញាធរបន្ធូរដៃក្នុងការចុះមកបង្ក្រាប ការប្រើប្រាស់ និងជួញដូឬគ្រឿងញៀន បាន​កើតឡើងវិញ​។ អ្នកស្រី វ៉ន សារ៉េត សំណូមពរដល់កម្លាំងសមត្ថកិច្ច ជួយលុបបំបាត់ចោលបញ្ហាគ្រឿងញៀន ដើម្បីពង្រឹងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
 
ជុំវិញករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀននេះ លោក  ឈឹម  ពៅ  មេប៉ុស្តិ៍នគបាលរដ្ឋបាលអន្លង់ត្នោត  បានទទួលស្គាល់ថា ​មានករណីនេះ កើតឡើងនៅក្នុងសហគមន៍របស់ខ្លួន​មែន ប៉ុន្តែមានចំនួនតិចតួចប៉ុណ្ណោះ។ បើយោងតាមមេប៉ុស្តិ៍នគបាលរដ្ឋបាលអន្លង់ត្នោត  ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន​ថយចុះនេះ ព្រោះកន្លងមកកម្លាំងសមត្ថភាពបានចុះបង្ក្រាប នៅ​ទីតាំងសង្ស័យជាបន្តបន្ទាប់។ «ការបង្ក្រាបរបស់ខ្ញុំ ទី១ ពឹងផ្អែកទៅលើបងប្អូនប្រជាពលរដ្ឋ ជាភ្នែក ជាច្រមុះកងកម្លាំងប្រដាប់អាវុធយើង។ ទី២ ត្រូវពឹងពាក់លើកម្លាំងប្រជាការពារ។ ទីប៣ ត្រូវពឹងទៅលើគិញសម្ងាត់របស់យើង ដើម្បីបង្កប់ស៊ើបរកទីតាំង ទើបកម្លាំងរបស់យើងចុះបង្ក្រាបបានលទ្ធផលល្អ»។ នេះជាការរៀបរាប់របស់ លោក ឈឹម ពៅ ។
 
យ៉ាងណាក៏ដោយ ការលុបបំបាត់គ្រឿងញៀន គឺជារឿងមិនងាយស្រួលឡើយ។ សម្រាប់លោក ឈឹម ពៅ ដើម្បីឱ្យការងារបង្រ្កាប និងទប់ស្កាត់បញ្ហាគ្រឿងញៀន ក្នុងសហគមន៍មានប្រសិទ្ធភាព ទាមទារឱ្យមានកិច្ចសហការពីប្រជាពលរដ្ឋ និងអាណាព្យាបាលគ្រប់រូប។ លោក ឈឹម ពៅ លើកឡើងថា៖ «ដើម្បីបានលទ្ធផលល្អ ទាល់តែប្រជាពលរដ្ឋយើងសហការគ្នា។ ទាល់ឪពុកម្តាយ អាណាព្យាបាលនីមួយៗ ចេះរាយការណ៍ជូនសមត្ថកិច្ច ទើបគ្រឿងញៀន អាចថយចុះ។ បើមិនដូច្នោះទេ គ្រឿងញៀននឹងអាចកើនឡើងវិញ ដោយប្រជាពលរដ្ឋខ្លះគាត់លាក់។ អាណាព្យាបាលខ្លះគាត់លាក់»។
 
​លោក ឈឹម ពៅ ​លើកទឹកចិត្តដល់ប្រជាពលរដ្ឋ​រាយការណ៍មកកម្លាំងមានសមត្ថកិច្ច ប្រសិនបើដឹងថា មានករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន នៅក្នុងឃុំ។ មេប៉ុស្តិ៍រូបនេះ សង្កត់ធ្ងន់ថា រាល់ការរាយការណ៍របស់ពលរដ្ឋ ត្រូវបានលាក់ទុកជាការសម្ងាត់ ដូច្នេះពលរដ្ឋមិនបាច់ព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួនឡើយ។ ជាមួយគ្នានេះ លោក ឈឹម ពៅ  ក៏អះអាងពីបន្តផ្សព្វផ្សាយពីការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាព ទៅដល់ប្រជាពលរដ្ឋនៅក្នុងឃុំ និងលើកទឹកចិត្តឱ្យពលរដ្ឋចូលរួម​ឱ្យបានសកម្មជាមួយអាជ្ញាធរផងដែរ ដើម្បីលុបបំបាត់ភាពអសកម្មនានានៅក្នុងឃុំ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
​​
 វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។
 
   
 

© រក្សាសិទ្ធិដោយ thmeythmey.com